(ស្វាយរៀង)៖ ក្រោយការប្រកួតរយៈពេល៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ពានរង្វាន់ស្វាយរៀងខាប់ លើកទី៥ រដូវកាលឆ្នាំ២០២០ បានបញ្ចប់ការប្រកួតសម្រាប់សប្ដាហ៍ទី៦ហើយ។
*ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ លទ្ធផល៖ បក្សីស្វាយរៀង 8-0 អធិរាជថ្មស, យុវជនសង្កាត់ស្វាយតឿ 2-0 THANK AI CAMBODIA
*ថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ លទ្ធផល៖ យុវជនព្រៃធ្លក 11-1 All Man Fc, DAUNSOR FC 0-5 Academy SVR, យុវជន ឃុំគោកព្រីង 0-1 ស.ស.យ.ក ឃុំរមាំងថ្កោល, ស.ស.យ.ក សង្កាត់ចេក 0-15 ស.ស.យ.ក ក្រុងស្វាយរៀង
*ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០ លទ្ធផល៖ ស.ស.យ.ក ស្រុកចន្ទ្រា 4-2 កាំភ្លើងធំស្កាយ, យុវជនសាមគ្គី 3-0 ស.ស.យ.ក ស្រុកស្វាយទាប, ក្លិបពូប្រុស ជីភូ 1-1 សាកល United។
ការប្រកួតពានរង្វាន់ស្វាយរៀងខាប់ រដូវកាលនេះ មានការចូលរួមចំនួន៥១ក្រុម មានចំនួន១០៧ប្រកួត ចាប់ផ្តើមដំណើរការ រយៈពេល០៤ខែ ចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២០ ដោយមានក្រុមកីឡា មកពីបណ្តាស្រុក ក្រុងទាំង០៨ ទូទាំងខេត្តស្វាយរៀង។ ក្នុងនោះមានកីឡាករ និងមន្ត្រីចូលរួមសរុប ប្រមាណ១,៥០០នាក់។
ការប្រកួតនឹងធ្វើឡើងនៅទីលានចំនួន០២ គឺទីលានវិទ្យាល័យស្វាយរៀងសម្រាប់វគ្គជំរុះក្នុងពូល និងទីលានកីឡដ្ឋាន ខេត្តស្វារៀង នឹងធ្វើការប្រកួតវគ្គសំខាន់ៗ។ លក្ខខណ្ឌចូលរួមក្រុមកីឡាទាំងអស់ ត្រូវមានកីឡាករសញ្ជាតិខ្មែរ មានពីអាយុចាប់ពី១៦ឆ្នាំឡើងទៅ មួយក្រុមមានសមាជិក ច្រើនបំផុតចំនួន២៣នាក់ និងយ៉ាងតិចបំផុត១៧នាក់ ហើយក្នុងមួយក្រុមអាចនាំយកកីឡាករក្រៅខេត្តចំនួន៣នាក់ និង២០នាក់ទៀត ជាអ្នករស់នៅក្នុងខេត្តស្វាយរៀង ឬមានទីកន្លែងកំណើតនៅក្នុងខេត្តស្វាយរៀង។
រូបមន្តនៃការប្រកួតរបស់ក្រុមទាំង ៥១ត្រូវបានបែងចែកចេញជា ១៣ពូល ដោយក្នុង ១ពូលមានចំនួន ៤ក្រុម សម្រាប់ពូលទី១៣មានចំនួនតែ ៣ក្រុមប៉ុណ្ណោះ ហើយត្រូវធ្វើការប្រកួតវិលជុំក្នុងពូល ដើម្បីយកក្រុមចំណាក់ថ្នាក់លេខ១ និងលេខ២ ឡើងទៅវគ្គ៣២ក្រុមបន្ត។ ដោយឡែកក្រុមលេខរៀងទី៣ ល្អជាងគេក្នុងពូល ចំនួន៦ក្រុមក៏មានឱកាសឡើងទៅវគ្គបន្តផងដែរ។ ចំពោះវគ្គ៣២ក្រុម ១៦ក្រុម ៨ក្រុម ៤ក្រុមចុងក្រោយ នឹងត្រូវធ្វើការចាប់ឆ្នោតដើម្បីជួបប្រកួតគ្នា។
គួរំលឹងផងដែរថា ពាន់រង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងបាន៥រដូវកាល ចាបពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដោយមានការផ្តួចផ្តើមពីសំណាក់ លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។ ការរៀបចំពានរង្វាន់ស្វាយរៀងខាប់ នេះឡើង ក្នុងគោលបំណងបង្កើតអោយមានសកម្មភាពកីឡាដើម្បីជាប្រយោជន៍ដល់យុវជន មហាជន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត មានឱកាសចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕