(បាត់ដំបង)៖ ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៥ ខែមីនានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តចុះទៅដល់សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ដើម្បីជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងជំរុញឱ្យមានការអភិវឌ្ឍបន្ថែម ពិសេសដើម្បីពង្រីកការផ្សព្វផ្សាយកញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍នេះផងដែរ។
ឱកាសនោះ លោករដ្ឋមន្ត្រីបានណែនាំឱ្យធ្វើផ្លូវចូលទៅកាន់សហគមន៍ ដោយលោកបានស្នើទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន ជួយធ្វើផ្លូវចូលទៅកាន់សហគមន៍តពីផ្លូវធំមួយខ្សែពីទឹកដីស្រុកសំឡូតទៅកាន់ទឹកដីស្រុកបាណន់ ដែលក្រុមការងារកំពុងសាងសង់។
លោករដ្ឋមន្ត្រីបានណែនាំឱ្យប្រជាសហគមន៍រៀបបចំឱ្យមានបង្គន់អនាម័យ ពង្រឹងសេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ និងត្រូវរៀបចំឱ្យមានផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរដែលចង់ស្នាក់នៅយូរ ពិសេសលើសពីនេះត្រូវគិតគូរយកចិត្តទុកដាក់លើការថែរក្សាអនាម័យជាប់ជាប្រចាំ។
លោកបានសំណូមពរដល់អាជ្ញាធរស្រុក-ខេត្ត ត្រូវពន្លឿនការតបណ្ដាញអគ្គិសនីទៅកាន់សហគមន៍ ដើម្បីបម្រើដល់វិស័យទេសចរណ៍ និងប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ខណៈទឹកស្អាតសម្រាប់ប្រើប្រាស់ត្រូវបានអង្គការម្លប់បៃតងជួយជាបណ្ដើរៗហើយ។
ជាមួយគ្នានោះ លោក ថោង ខុន បានសំណូមពរដល់អង្គការម្លប់បៃតង និងដៃគូពាក់ព័ន្ធត្រូវបន្តជួយដល់ការអភិវឌ្ឍនៅសហគមន៍អេកូទេសចរណ៍អូរជាំ ពិសេសលោកបានស្នើដល់ទីភ្នាក់ងារទេសចរណ៍កម្ពុជា ត្រូវជួយជំរុញឱ្យមានកញ្ចប់ទស្សនកិច្ចមកកាន់តំបន់ទេសចរណ៍មួយនេះឱ្យបានក្នុងពេលខាងមុខ។
ជាមួយគ្នានោះ លោកបានផ្ដាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតាមដានពីសុខទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋាន ពិសេសប្រសិនបើឃើញ ឬដឹងថាពលរដ្ឋណាម្នាក់មានអាការក្ដៅខ្លួន ឬគ្រុនក្ដៅ ឬផ្ដាសាយជាដើមនោះ ត្រូវរាយការណ៍ទៅកាន់មណ្ឌលសុខភាពនៅតាមឃុំភ្លាមៗ ដើម្បីការពារភូមិដ្ឋានពីជំងឺ Covid-19 និងជំងឺដង្កាត់ផ្សេងទៀត។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គ្នាកុំឱ្យមានការភ័យខ្លាចហួសហេតុពេក ថ្វីដ្បិតជំងឺ Covid-19 ជាជំងឺឆ្លង ប៉ុន្តែវាក៏អាចព្យាបាលឱ្យជាសះស្បើយវិញបានដែរ។ ទោះយ៉ាងណា ដើម្បីការពារខ្លួនពីជំងឺដង្កាត់នានាទុកជាមុន ក៏ត្រូវថែរក្សាអនាម័យ សម្អាតខ្លួនប្រាណ និងត្រូវលាងដៃនឹងសាប៊ូ ហើយនៅពេលក្អក កណ្ដាស់ ត្រូវខ្ទប់មាត់ ច្រមុះនឹងកន្សែង ឬក្រមាខ្មែរ ដើម្បីការពារកុំឱ្យឆ្លងទៅដល់អ្នកដទៃផងដែរ។
សូមជម្រាបថា សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ស្ថិតក្នុងភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត មានចម្ងាយប្រមាណ ៧៨គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ហើយក៏នៅមិនឆ្ងាយពីទីរួមស្រុកសំឡូតប៉ុន្មាននោះដែរ។
ក្រោយចាកចេញពីសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ លោករដ្ឋមន្ត្រីបានដឹកនាំក្រុមការងារចូលទៅទស្សនាកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ ដែលមានសក្ដានុពលដ៏ទាក់ទាញមួយផងដែរនៅស្រុកសំឡូត។
នាឱកាសបើកជាផ្លូវការនៃពិធីបុណ្យទន្លេ នៅរាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យក្រសួង ស្ថាប័ន ត្រូវជំរុញឱ្យមានសកម្មភាពទេសចរណ៍នៅតាមខេត្តជុំវិញតំបន់បឹងទន្លេសាបឱ្យកាន់តែខ្លាំងឡើង ដើម្បីជំរុញឱ្យមានចលនាទេសចរក្នុងស្រុក និងលើកស្ទួយវិស័យទេសចរណ៍ជាតិ៕