អំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវបានយកទៅប្រគល់ជូនមន្ដ្រីនគរបាលក្រុងកំពង់ចាម ដែលរងគ្រោះថ្នាក់ដោយភ្លើងឆេះផ្ទះ
15-03-2020 17:25
(កំពង់ចាម)៖ អំណោយរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានលោកឧត្តមសេនីយ៍ទោ ឯម កុសល ចាត់ឲ្យក្រុមការងារយកទៅប្រគល់ជូនមន្ដ្រីនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដែលរងគ្រោះថ្នាក់ដល់រូបរាងកាយ ក្នុងហេតុការណ៍ភ្លើងឆេះផ្ទះ កាលពីពេលកន្លងទៅ។
នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យលោកវរសេនីយ៍ឯក ស្វាយ ស៊ីប៊ុណ្ណា នាយការិយាល័យបុគ្គលិក និងលោកវរសេនីយ៍ទោ អឿ សុភា នាយការិយាល័យផ្សព្វផ្សាយអប់រំ ចុះទៅសួរសុខទុក្ខ និងនាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់លោកអនុសេនីយ៍ឯក កែវ ណារិន មន្ត្រីផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដែលបានរងរបួសធ្ងន់ធ្ងរ ខណៈពេលអគ្គិភ័យបានឆាប់ឆេះផ្ទះ ខ្លួនបានចូលទៅប្រមូលសម្ភារ ទ្រព្យសម្បត្តិមួយចំនួន ដែលមាននៅក្នុងផ្ទះ ក៏ត្រូវភ្លើងឆាបឆេះមកលើខ្លួនតែម្ដង។
ក្នុងឱកាសជួបសួរសុខទុក្ខនោះដែរ តំណាងរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល បាននាំការផ្ដាំផ្ញើរបស់ អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ស្នងការ និងកងកម្លាំងទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងបាននាំយក អំណោយរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងថវិកាចលនាមិត្តជួយមិត្តរបស់ស្នងការដ្ឋានខេត្ត និងអធិការដ្ឋាន ក្រុងកំពង់ចាម សរុបថវិកាចំនួន០៦លានរៀល មី០២កេស ទឹកក្រូច០២កេស និងសុទ្ធ០២កេស៕