(កំពង់ធំ)៖ អំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបាននាំយកទៅប្រគល់ជូនពលរដ្ឋ២គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិអូរគន្ធរខាងត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ តាមរយៈលោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ក្នុងឱកាសយកអំណោយប្រគល់ជូន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងពីរគ្រួសារដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះ រួមមាន៖
*ទី១៖ ផ្ទះទំហំ៦ម៉ែត្រ គុណ៩ម៉ែត្រ សាងសង់ពីឈើជញ្ជាំង និងរនាបក្តារ ដំបូលប្រក់ស៉ីម៉ងត៍ ជាផ្ទះរបស់ក្រុមគ្រួសារលោក ខេង រ៉ា អាយុ៥៥ឆ្នំា មុខរបរធ្វើស្រែ ឆេះខូចខាតទាំងស្រុង និងសម្ភារប្រើប្រាស់ ថវិកា នៅផ្ទះឆេះខូចខាតអស់គ្មានសល់ ក្រុមគ្រួសារនេះនៅសល់តែសំលៀកបំពាក់មួយចង្កេះ ជាប់នឹងខ្លួនប៉ុណ្ណោះ។
*ទី២៖ ផ្ទះទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ សាងសង់ពីឈើដំបូល និងជញ្ជាំងសង្កសីរនាបក្តារ ឆេះខូចខាតមួយចំហៀង ជាផ្ទះរបស់គ្រួសារលោក ឈិន គីម អាយុ៣៨ឆ្នំា មុខរបរធ្វើស្រែ ត្រូវបានអគ្គីភ័យឆាបឆេះសម្ភារ និងសំលៀកបំពាក់មួយចំនួន។
គួរជម្រាបថា ក្រៅពីអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត, លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានជំនួយឧបត្ថម្ភរបស់ព្រះចៅអធិការវត្តពៅពិសីផ្តល់ជូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន៥០គីឡូក្រាម, មីចំនួនពីរកេស, ទឹកត្រីទឹកស៉ីអ៉ីវចំនួន២យួរ, គ្រឿងសម្ភារប្រើប្រាស់មានចានឆ្នាំង ស្លាបព្រា កំសៀវទឹក មុងភួយ កន្ទេល ខ្នើយ និងថវិកាមួយចំនួនផងដែរ៕