(រតនគិរី)៖ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត លើកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស។
លោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះថា ប្រតិបត្តិការខាងលើធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។
លោកមេបញ្ជាការបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺយោងទៅតាមពាក្យបណ្តឹងរបស់មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស ដោយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ កម្លាំងពួកគាត់ចុះទៅទប់ស្កាត់បទល្មើសព្រៃឈើ ហើយប្រទះឃើញម៉ូតូដឹកឈើ៣គ្រឿង បម្រុងដឹកទៅវៀតណាម នៅចំណុចចំការស្រូវ ស្ថិតក្នុងភូមិប៉ក់តូច ឃុំសោមធំ ស្រុកអូរយ៉ាដាវ។
ខណៈនោះពួកគាត់ (កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស) ហៅឲ្យឈប់ត្រលប់ក្រោយ តែក្រុមដឹកឈើនោះ ទាញបំពង់ដែកដើរតម្រង់មក ឃើញស្ថានការមិនស្រួល និងដើម្បីសុវត្ថិភាពផង ក៏ដកកម្លាំងថយរួចបន្សល់ម៉ូតូ១គ្រឿង ជិះប្រតិបត្តិការនៅទីនោះត្រូវពួកដឹកឈើប្រុងវ៉ៃកម្ទេចចោល ប៉ុន្តែបានកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ ចុះអន្តរាគមន៍ទាន់ពេលវេលាបានយកម៉ូតូនោះប្រគល់ឲ្យកម្លាំងអាវុធលើផ្ទៃប្រទេសវិញ។
លោកវរសេនីយ៍ត្រី សុន មីន បានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស ករណីប៉ុនប៉ងមនុស្សឃាត និងធ្វើឲ្យខូចខាត ដោយចេតនានោះ មន្ត្រីលោកបានធ្វើការស្រាវជ្រាវយ៉ាងមមាញឹក ដោយក្រុមជនសង្ស័យរត់ទៅលាក់ខ្លួនក្នុងតំបន់ព្រៃការពារ ទើបតែល្ងាចថ្ងៃទី១៤ ខែមីនា ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រចំ ណេវ ជាមេខ្លោង រីឯបក្ខពួក៤នាក់ផ្សេងទៀត បានរត់គេចខ្លួនទៅប្រទេសវៀតណាម។
បច្ចុប្បន្នមន្ត្រីអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានបញ្ជូនជនសង្ស័យខាងលើទៅ ទីបញ្ជាការអាវុធហត្ថខេត្តរតនគិរី ដើម្បីចាត់ចែងបន្តតាមនីតិវិធីច្បាប់៕