(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារប្រគល់ផ្ទះថ្មីមួយខ្នង ជូនជនចាស់ជរា ដែលមានជីវភាពក្រលំបាកគ្មានទីពឹងអាស្រ័យ ទីទ័លក្រលំបាក ខ្វះមុខ ខ្វះក្រោយ ដោយពុំមានលទ្ធភាព និងថវិកាដើម្បីសាងសង់គេហដ្ឋានបាន។
លោកតា កុយ ភឿក អាយុ៦៧ឆ្នាំ រស់នៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ផ្ទះខាងលើត្រូវបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ខណៈពេលដែលលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានចុះសាកសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគ ភេសជ្ជ ថវិកាមួយចំនួនឧបត្ថម្ភ ជូនលោកតា សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ នាពេលកន្លងមក ដោយមើលឃើញពីការលំបាកវេទនារបស់លោកតា កុយ ភឿក លោកស្នងការនគរបាលខេត្ត បានដឹកនាំក្រុមការងារ និងចាត់ចែងទំនាក់ទំនង ដល់គ្រឿងចក្រឈូសឆាយ និងចាក់ដីជាច្រើនរថយន្ត លុបបំពេញក្រឡុកដើម្បីចាប់ផ្ដើមសាងសង់ផ្ទះថ្មីតែម្ដង។
ផ្ទះថ្មីដែលទើបសាងសង់រួចនេះ មានទំហំ ៤ ម៉ែត្រ គុណ៥ម៉ែត្រ ប្រកស័ង្កសី ជញ្ជាំងបាំង ស័ង្កសី ជូនលោកតាស្នាក់នៅបានសមរម្យ ដូចអ្នកផងទាំងពួង ផ្លាស់ប្ដូរពីការរស់នៅក្នុងរោងទ្រុឌទ្រោម បាំងបិទប្រក់ក្រណាត់ចាស់ៗ ធ្លុះធ្លាយពីម្ខាងទៅម្ខាងគួរឲ្យសង្វេក ប្រែមកស្នាក់នៅក្នុងផ្ទះស្រស់ស្អាត មានផាសុខភាព
ជៀសផុតពីខ្យល់ ភ្លៀងផ្គរ ត្រជាក់ ក្ដៅ រងារជាទ្រនំថ្មី ផ្ដល់ភាពកក់ក្ដៅ សម្រាប់លោកតាភឿក។
ពលរដ្ឋរស់នៅជុំវិញនោះ បានចូលរួមអបអរសាទរ រីករាយសប្បាយ ក្នុងចិត្តរីករាយក្រៃលែងជាមួយលោកតា ភឿក ចំពោះសមិទ្ធផលផ្ទះមួយខ្នង ក្រោមការដឹកនាំជ្រុំជ្រែងរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត និងសប្បុរសជនមួយចំនួនទៀត ដែលបានយកចិត្តទុកដាក់ គិតគូរសុខទុក្ខ របស់ពលរដ្ឋតាមមូលដ្ឋាន ដោយមិនបានរើសអើង។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ក៏បានឧបត្ថម្ភ សម្ភារគ្រឿងឧបភោគ បរិភោគ ភេសជ្ជ និងថវិកាមួយចំនួន ដល់លោកតា ភឿក សម្រាប់ដោះស្រាយ ចំណាយក្នុងជីវភាពជាប្រចាំថ្ងៃបន្តទៀត៕