(ភ្នំពេញ)៖ ភាពយន្តល្បីៗ ជាង១៥០រឿង ចាប់ផ្ដើមបញ្ចាំងតាមរោងភាពយន្តធំៗ ចំនួន៦ទីតាំង នៅក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យប្រជាពលរដ្ឋ ចូលទស្សនាដោយ ឥតគិតថ្លៃ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ដែលនាំជូនដោយមហោស្រពភាពយន្តអន្តរជាតិកម្ពុជា។
ជាមួយគ្នានោះ ក្រុមហ៊ុន សែលកាត ក៏បានបង្ហាញឆន្ទៈដ៏រឹងមាំរបស់ខ្លួន ជាថ្មីម្ដងទៀត ក្នុងការអបអរ និងគាំទ្រទេពកោសល្យ ស្នាដៃរបស់កូនខ្មែរក្នុងស្រុក ដោយបានសម្រេចធ្វើជា ម្ចាស់ឧបត្ថម្ភកម្មវិធីធំ នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ឆ្នាំ២០២០នេះផងដែរ។
ក្រុមហ៊ុន សែលកាត ពិតជាមានមោទនភាពយ៉ាងខ្លាំង ក្នុងការគាំទ្រ ការប្រារព្ធខួបទី១០ របស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ជាមួយនឹងការចាក់បញ្ចាំង ភាពយន្តជាង១៥០រឿង នៅទីតាំងចំនួន៦កន្លែង ក្នុងរាជធានីភ្នំពេញ។
មហោស្រពនេះ ត្រូវបានសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថត ភាពយន្តបរទេសនៅកម្ពុជា និងមជ្ឈមណ្ឌលបុប្ផាណា នឹងមានការចាក់បញ្ចាំងភាពយន្ត ពីថ្ងៃសៅរ៍ ទី១៤ រហូតដល់ថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។
ទីតាំងចាក់បញ្ចាំងភាពយន្តទាំង៦កន្លែង រួមមាន៖ ដូចជា សាលសន្និសីទចតុម្មុខ, សាលមហោស្រព Rosewood, មជ្ឈមណ្ឌលបុប្ផាណា, រោងភាពយន្ត Major Cineplex, លេជេន (Legend Cinemas) និងការបញ្ចាំងក្រៅមហោស្រពនៅ «The Village by Cellcard»។
«The Village by Cellcard» គឺជាទីតាំងចម្បងនៃសកម្មភាពផ្សេងៗ នៅក្នុងព្រឹត្តិការណ៍នេះ ដែលនឹងមាន សកម្មភាពជាច្រើនដូចជា៖ ការបញ្ចាំងភាពយន្ត ក្រៅមហោស្រព, កម្មវិធីផ្សេងៗរបស់ក្រុមហ៊ុនឧបត្ថម្ភ និងដៃគូរួមវិស័យផ្សេងៗ បូករួមទាំងបទបង្ហាញរបស់សមិទ្ធិករភាពយន្ត សិក្ខាសាលា និងការសម្ដែងនានា។
ក្រុមហ៊ុន សែលកាត នឹងមានបង្ហាញនៅក្នុងស្តង់ ដាក់ឲ្យសាកល្បង VR (Virtual Reality) មួយទៀត សម្រាប់ការតាំងបង្ហាញខ្លឹមសាររឿង និង បទពិសោធន៍ឌីជីថលថ្មីៗ។
មហោស្រពភាពយន្តឆ្នាំនេះ បានបង្កើតពានរង្វាន់ថ្មីមួយប្រភេទ ដែលមានឈ្មោះថា «ពានរង្វាន់ជម្រើសមហាជន» People’s Choice Awards ដែលអាចឲ្យសាធារណជនទូទៅ ជ្រើសរើសរឿងដែលខ្លួនចូលចិត្ត ១ពីភាពយន្តចំនួន១០ ដែលមហោស្រព បានសម្រាំងទុក។
សាធារណជន អាចទស្សនាភាពយន្ត ហើយធ្វើការបោះឆ្នោតលើភាពយន្ត ដែលពួកគេចូលចិត្តនៅលើ គេហទំព័រ របស់សែលកាត រហូតដល់ថ្ងៃទី២១ ខែមីនា។ ភាពយន្តដែលទទួលបានការគាំទ្រច្រើន នឹងត្រូវបានប្រកាស ទទួលពានរង្វាន់នៅ ថ្ងៃទី២២ ខែមីនា នៅឯសាលសន្និសីទចតុមុខ។
លោក Cedric Eloy ជាប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានថ្លែងថា «ពានរង្វាន់ជម្រើស មហាជននេះ People’s Choice Awards គឺជាពានរង្វាន់ល្អមួយ ក្នុងការជួយជំរុញ ឲ្យសាធារណជនបង្កើនការចូលរួមរបស់ខ្លួន ក្នុងព្រឹត្តិការណ៍នេះ ហើយក៏ជាការលើកស្ទួយ និងអភិវឌ្ឍឧស្សាហកម្មភាពយន្ត នៅកម្ពុជាយើងផងដែរ»។
លោក Ian Watson នាយកប្រតិបត្តិរបស់សែលកាត បានលើកឡើងថា «ពួកយើងបានមើលឃើញពី សក្តានុពលរបស់យុវជនកម្ពុជា ដូចនេះហើយ ក្នុងនាមប្រតិបត្តិករ ដែលមានម្ចាស់ជាខ្មែរ ក្រុមហ៊ុន សែលកាត សូមគាំទ្រ យ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមទាំងឡាយដែលផ្តោតទៅលើការ ស្វែងរក ការបណ្ដុះបណ្តាល និងការទទួលស្គាល់នូវទេពកោសល្យក្នុងស្រុក»។
លោក Ian Watson បានបន្តទៀតថា មហោស្រពភាពយន្តអន្តរជាតិ បានបង្ហាញខ្លឹមសាររឿងដ៏អស្ចារ្យជាច្រើន ព្រមទាំងទាក់ទាញដល់គ្រប់ផ្នែកទាំងអស់ យ៉ាងទូលំទូលាយ។
លោក Ian Watson បានបន្ថែមថា ខ្លឹមសាររឿងនឹងក្លាយទៅជាចំណុចចម្បង នៃយុទ្ធសាស្ត្រកម្សាន្ត សម្រាប់ក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទ ក្រុមហ៊ុនផ្សព្វផ្សាយ និងក្រុមហ៊ុនដែលផ្តល់វេទិកាឌីជីថល នៅពេលដែលពួកយើងឈាន ទៅរកសម័យកាលឌីជីថលរួចហើយ។
លោកថា «ក្នុងនាមប្រតិបត្តិករតែមួយគត់ ដែលមានម្ចាស់ជាខ្មែរ និងជាបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប យើងគ្រោងនឹងគាំទ្រ យ៉ាងពេញទំហឹងចំពោះការរីកចម្រើន នៃបណ្តាខ្លឹមសាររឿង ដែលបង្កើតក្នុងស្រុកនៅពេលអនាគត ហើយយើងទន្ទឹងរង់ចាំ ការមកដល់នៃមហោស្រពនេះ និងឃើញអនាគតផលិតករ ខ្សែភាពយន្តក្នុងស្រុកទាំងអស់ បានរះចែងចាំងផង»។
សូមជម្រាបថា ពិធីបើកមហោស្រពភាពយន្តនេះ នៅឆ្នាំ២០២០ បានប្រព្រឹត្តឡើងនៅ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅសាលសន្និសីទ ចតុមុខ។ នៅក្នុងមហោស្រពនេះ ទូតតំណាងរបស់សែលកាត អ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម និងសិល្បករជាច្រើនរូប ទៅទស្សនា «The Village by Cellcard» ផងដែរ៕