(ភ្នំពេញ)៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំនូវកម្ម វិធីប្រកាសលទ្ធផល និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី «ប្រកួតប្រជែងគូរគំនូររថយន្ត ក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៤» នៅផ្សារទំនើបអ៉ីអនម៉ល សែនសុខ។
ពិធីនេះបានធ្វើថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោក ហ៊ីរ៉ូយ៉ូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រមទាំងបុគ្គលិក ឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារាកុមារីដែលជាម្ចាស់ជ័យលាភី ជាច្រើនទៀត។
លោក ហ៉ីរ៉ូយ៉ូគិ អ៉ីតុ អគ្គនាយកក្រុមហ៊ុន បានបង្ហាញឲ្យដឹងថា សម្រាប់ការប្រកួតប្រជែងនាឆ្នាំនេះ ក្រុមហ៊ុនទទួលបាន ផ្ទាំងគំនូរពីបេក្ខជនដែលដាក់ ពាក្យចូលរួមប្រកួតចំនួន ១០៦១ផ្ទាំង ដែលប្រមូលបានពីការប្រកួតប្រជែងគូរគំនូរ នៅតាមសាលារដ្ឋ និងឯកជនផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដនានា ដែលនេះគឺជាលទ្ធផលមួយដែលគួរឲ្យភ្ញាក់ផ្អើល។ លោកថ្លែងថា នេះក៏បញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ផងដែរថា ក្មួយៗជំនាន់ក្រោយ កំពុងតែចូលរួមបង្កើតនូវអ្វីដែលថ្មី និងពោរពេញដោយការច្នៃប្រឌិតខ្ពស់សម្រាប់ថ្ងៃអនាគត តាមរយៈការគូរគំនូររថយន្ត។
លោកបញ្ជាក់ថា ៖ «កម្មវិធីប្រកួតប្រជែងគូរគំនូរនេះ ត្រូវបានចាប់ផ្តើមរៀបចំឡើងតាំងពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងចំណោមរូបគំនូរទាំង ១០៦១ ផ្ទាំងនេះ យើងបានបែងចែក ជាបីក្រុមអាយុរួមមាន៖ ក្រុមអាយុក្រោម ៨ឆ្នាំ មានចំនួន២២០ផ្ទាំង ក្រុមអាយុ ពី៨-១១ឆ្នាំ មានចំនួន៤៤១ផ្ទាំង និងក្រុមអាយុ១២-១៥ឆ្នាំ មានចំនួន៤០០ផ្ទាំង»។
លោកអគ្គនាយកថ្លែងទៀតថា ក្រោយពីគណៈកម្មការបានធ្វើការវាយតម្លៃ លើរូប គំនូរទាំងអស់ យ៉ាងសុក្រឹត និងម៉ត់ចត់រួចមក យើងចម្រាញ់បានរូបគំនូរស្រស់ស្អាត និងមានអត្ថន័យល្អ ចំនួន ១៣ ផ្ទាំង ហើយក្នុងនោះផងដែរ រូបគំនូរចំនួន ៩ផ្ទាំង ដែលទទួលបាន ជ័យលាភីថ្នាក់ជាតិ នឹងត្រូវបញ្ជូនទៅចូលរួម ប្រកួតថ្នាក់ពិភពលោកនៅប្រទេសជប៉ុន ជាមួយនឹងរូបគំនូរដែលជាប់ជ័យលាភីពីបណ្តាប្រទេសផ្សេងៗទៀត នៅអំឡុងខែមីនា ឆ្នាំ២០២១។ ចំណែកឯរូបគំនូរ ៣ផ្ទាំងផ្សេងទៀត ក៏ត្រូវបានជ្រើសរើសដោយថ្នាក់ដឹកនាំ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឲ្យជាប់ជាផ្ទាំងគំនូរពិសេសនៅក្នុងប្រទេស ហើយអ្វីដែលកាន់តែរំភើបទៀតនោះ រូបគំនូរ១ផ្ទាំងចុងក្រោយទៀត ត្រូវបានជ្រើសរើសដោយផ្ទាល់ពីលោក អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឲ្យជាប់ជាជ័យលាភីអគ្គនាយក ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផងដែរ៕