(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ សម្រចដាក់បម្រាមហាមមិនឲ្យជនបរទេសដែលមកពីប្រទេសអ៉ីរ៉ង់ ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០តទៅ ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺ Covid-19។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថាយ៉ាងដូច្នេះថា «នាពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេស មានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់បន្ទាន់នូវ ការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងប្រទេសកម្ពុជា។ ដូចនេះ ក្រសួងសុខាភិបាល សូមចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៉ីរ៉ង់ចូលមកប្រទេសកម្ពុជា ក្នុងរយៈពេល៣០ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ បន្ថែមលើប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ដែលចេញប្រកាសថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០រួចមហើយ»។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានសម្រេចដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ។
សូមជម្រាបថា ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រអ៉ីរ៉ង់ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានបញ្ចេញរបាយការណ៍មួយ ដោយបញ្ជាក់ពីចំនួនមនុស្សស្លាប់ដោយសារតែជំងឺរាតត្បាតសកល COVID-19 បានកើនឡើងដល់ ៦១១នាក់ហើយ នៅក្នុងចំណោមអ្នកឆ្លងសរុប ១២,៧២៧ករណី។
មន្ត្រីទទួលបន្ទុកទំនាក់ទំនងសាធារណៈ និងព័ត៌មានរបស់ក្រសួងសុខាភិបាលអ៉ីរ៉ង់លោក ឃីយ៉ានួស ហ្សាហាន់ភើ (Kianush Jahanpur) ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមករណីឆ្លង COVID-19 សរុបទាំង ១២,៧២៧ករណីក៏មានអ្នកជំងឺសរុប ៤,៣៣៩នាក់រួចមកហើយដែរត្រូវបានព្យាបាលឲ្យជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ។
គួរបញ្ជាក់ថា អ៉ីរ៉ង់គឺជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតលេខ ២ បន្ទាប់ពីប្រទេសអ៉ីតាលីនាពេលបច្ចុប្បន្ន ខណៈតួលេខនៃអ្នកឆ្លង និងស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មី (COVID-19) បាននិងកំពុងកើនឡើងជាលំដាប់។ ដោយឡែកយោធាអ៉ីរ៉ង់បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញនេះថា កងកម្លាំងនឹងចាប់ផ្តើមបិទផ្លូវថ្នល់ និងដងវិថីនានា ព្រមទាំងទីផ្សារលក់ទំនិញផងដែរ ដើម្បីកុំឲ្យប្រជាជនប្រមូលផ្តុំគ្នា ដែលអាចនាំឲ្យមានការឆ្លង COVID-19 កើនឡើង៕