(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សា បានស្នើដល់គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដែលជាសមាជិករបស់សមាគម អនុវត្តន៍តាមសេចក្តីសម្រេចរបស់ក្រសួងអប់រំ យុវជន និងកីឡា «វិស្សមកាលតូច» មុនកាលកំណត់។
ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឆ្លើយតបបញ្ហារីករាលដាលនៃជំងឺផ្លូវដង្ហើមបង្កដោយមេរោគ COVID-19នោះ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចឱ្យគ្រឹះស្ថានអប់រំសាធារណៈ និងឯកជននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្រុងសៀមរាប ត្រូវវិស្សមកាលតូចមុនកាលកំណត់ ដោយចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១៤ ខែមីនា នេះតទៅ។
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃដដែលនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាដែលមានលោកបណ្ឌិត ហេង វ៉ាន់ដា ជាប្រធាន បានគូសបញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សានៅក្នុងរាជធានីភ្នំពេញ ត្រូវចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងទាំងអស់គ្នាចំពោះការរាតត្បាតនៃជំងឺកូវីត១៩។
សមាគមមានជំនឿមុតមាំថា សមាជិកគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងអស់ នឹងចូលរួមអនុវត្តនូវសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព៕