(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការសម្រេចបិទមិនឱ្យប្រទេសចំនួន៥ នៅលោកខាងលិច មិនឱ្យចូលមកម្ពុជា មិនមែនជាការរើសអើងទេ ប៉ុន្តែជាវិធានការដើម្បីទប់ស្កាត់ជំងឺកូវីត១៩ ដែលកំពុងរាតត្បាតខ្លាំងនៅក្នុងប្រទេសទាំងនោះ។
ការពន្យល់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការផ្អាកមិនឲ្យជនបរទេស មកពីចំនួន៥ ក្នុងនោះមានប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលមកប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ ដោយវិធានការនេះនឹងអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ។
ថ្លែងក្នុងកម្មវិធីបើកពិធីបុណ្យទន្លេលើកទី៦ នៅក្នុងខេត្តបាត់ដំបង នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបកស្រាយថា៖ «ខ្ញុំគ្រាន់តែគូសបញ្ជាក់ នេះមិនមែនជាការរើសអើងទេ ពិតហើយយើងកំពុងពិនិត្យនៅប្រទេសអ៉ីរ៉ង់មួយទៀត ដែលមានការខ្វះចន្លោះ ឬអាចមិនទាន់គិតដល់ពីសំណាក់ ក្រសួងសុខាភិបាល ប្រទេសអ៉ីរ៉ង់ជាប្រទេសដែលមានការឆ្លងនៃការធ្វើដំណើរពីសំណាក់ពលរដ្ឋអ៉ីរ៉ង់ចូលមកក្នុងប្រទេសរបស់យើង»។
ប្រទេសទាំង៥ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់វិធានការឱ្យផ្អាកការអនុញ្ញាតឱ្យចូលនេះ បានចាប់ផ្តើមផ្ទុះឡើងយ៉ាងខ្លាំង នៃជំងឺកូវីដ១៩ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ប្រទេសអ៉ីតាលី មានចំនួនអ្នកស្លាប់សរុបកើនដល់ ១,២៦៦នាក់ និងឆ្លងជាង១៧,៦៦០នាក់ ដែលស្ថិតនៅលំដាប់ទី២ បន្ទាប់ពីប្រទេសចិន។ ប្រទេសអេស្ប៉ាញមានអ្នកជំងឺកូវីដស្លាប់១៩១នាក់ និងឆ្លងជាង៦ពាន់នាក់។ បារាំងស្លាប់៧៩នាក់ និងឆ្លងជាង៣ពាន់នាក់។ អាមេរិកស្លាប់៥០នាក់ និងឆ្លងជាង ២៣០០នាក់។
ក្រៅពីនោះក៏មានប្រទេសកូរ៉េខាងត្បូង និងអ៉ីរ៉ង់ផងដែរ ដែលមានមនុស្សស្លាប់ និងឆ្លងកើនឡើងខ្ពស់ ខណៈដែលប្រទេសចិន ដែលត្រូវបានចោទថាជាប្រទេសផ្ទុះជំងឺកាចសាហាវនេះមុនគេ កំពុងគ្រប់គ្រងបានទាំងស្រុងនូវការរីករាលដាលតទៅទៀត ដោយអត្រាស្លាប់ និងឆ្លង មានចំនួនកាន់តែតិចទៅៗ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបុគ្គលមួយចំនួន ដែលបានឌឺដងចំពោះវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទមិនឱ្យប្រទេសទាំង៥នេះចូលជាបណ្តោះអាសន្នថា «ជាជនអគិត» ដោយមិនបានដឹងអំពីព័ត៌មាន និងសភាពការណ៍ថ្មីៗនៅប្រទេសទាំងនោះ។
សម្តេចចោទសួរថា តើអ្នកបានយល់ទេ? អ្នកបានយល់ថា នៅអាមេរិកបានដាក់ប្រទេសក្នុងគ្រាអាសន្នហើយទេ? អ្នកមានដឹងថានៅអេស្ប៉ាញមានការដាក់រដ្ឋនៅក្នុងគ្រាអាសន្នហើយទេ? អ្នកបានយល់ថានៅប្រទេសអ៉ីតាលីបានបិទប្រទេសទាំងស្រុងហើយទេ? អ្នកមានដឹងថា នៅអាល្លឺម៉ង់ និងនៅបារាំងការជួបជុំត្រឹមតែ១ពាន់នាក់ត្រូវបានហាមឃាត់ហើយទេ? «អ្នកពិតជាអគតិជ្រុលហួសមិនសមជាពលរដ្ឋខ្មែរទាល់តែសោះ ពិតមែនតែអ្នកមានឈាមជ័រជាខ្មែរ ក៏ប៉ុន្តែអ្នកគ្មានការទទួលខុសត្រូវ»។
សម្តេចបានបន្តថា៖ ករណីនេះ ប្រទេសទាំងនោះគ្មានជើងហោះហើរភ្ជាប់ជាមួយនឹងកម្ពុជាទេ ដូច្នេះបើទោះបីជាភ្ញៀវទាំងនោះមិនបានចូលមកកម្ពុជាមួយរយៈ ដែលត្រូវអនុវត្តរហូតដល់ថ្ងៃទី១៧ឯណោះ ដើម្បីឱ្យមានពេលវេលាក្នុងការលុបសំបុត្រយន្តហោះមកកាន់ប្រទេសកម្ពុជា ក៏ប៉ុន្តែកន្លែងនោះគឺជាកន្លែងដែលមានការផ្ទុះឡើងយ៉ាងខ្លាំងនូវមេរោគនេះ អ្នកយល់ទេ? ក្នុងពេលដែលប្រទេសផ្សេងទៀត គេមានវិធានតឹងរ៉ឹងជាងនេះទៅទៀត។
សម្តេចបានលើកឧទាហរណ៍ថា ប្រទេសសិង្ហបុរី បានប្រកាសមិនឲ្យអ្នកទាំងនេះចូល ហើយអ្នកណាក៏ដោយដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសទាំងនេះទេ ក៏ត្រូវមកដល់សាំងហ្គាពួរដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ រាប់ទាំងជនជាតិសាំងហ្គាពួរខ្លួនឯង ហើយនៅប្រទេសវៀតណាមអ្នកដែលមកពីប្រទេសមួយចំនួននៅអឺរ៉ុប ក៏គេដាក់ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃផងដែរ។
សម្ដេចតេជោ បានចោទជាសំណួរថា កម្ពុជាពិនិត្យមើលតំបន់ណាដែលមានការឆ្លងខ្ពស់ ចុះហេតុអ្វីក៏មានការវាយប្រហារទៅលើចិនខ្លាំងម្ល៉េះ នេះជារឿងអគតិជ្រុលហួស
សម្តេចបន្ថែមថា៖ «ភាពឌឺដងរបស់អ្នកតាមហ្វេសប៊ុក មិនសមជាពលរដ្ឋកម្ពុជា ដែលមានការទទួលខុសត្រូវនោះទេ។ អ្នកគិតអំពីជាតិនេះអ្នកគិតអំពីជាតិនោះ ក៏ប៉ុន្តែអ្នកអត់បានគិតពីជាតិកម្ពុជាសូម្បីតែបន្តិច ដែលនៅទីនេះ សេដ្ឋកិច្ចជាតិរបស់យើងត្រូវនៅរក្សាឲ្យបានគង់វង្ស មិនមែនគិតមួយ និងចោលមួយទេ យើងត្រូវមានការទទួលខុសត្រូវចំពោះជាតិសាសន៍កម្ពុជារបស់យើង»។
សូមបញ្ជាក់ថា រហូតដល់ពេលនេះគិតត្រឹមយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ៕