(ព្រះសីហនុ)៖ ប្រជាពលរដ្ឋ យុវជនកំពុងស្វែងរកការងារ និងអ្នកដែលចង់ផ្លាស់ប្តូរការងារថ្មីប្រមាណ៥០០នាក់ បានមកជួបជុំគ្នានៅថ្ងៃនេះ ក្នុងវេទិកាការងារមួយកន្លែងនៅក្នុងស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ដោយមានឱកាសការងារចំនួន ៣៧៩៩ កន្លែង ក្នុងមុខតំណែងជាច្រើនពីក្រុមហ៊ុនធំៗចំនួន១០ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមសហការរៀបចំជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ, សាលាស្រុកព្រៃនប់ និងសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)ស្រុកព្រៃនប់។
នាឱកាសនោះដែរ ក៏មានវត្តមានអញ្ជើញចូលរួមពី លោកយ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ,លោក សរ កក្កដា អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់, លោកស្រី វាល់ ច័ន្ទវលក្ខណ៍ អនុប្រធានប្រចាំការ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ស្រុកព្រៃនប់ ព្រមទាំង លោក លោកស្រី ជាមេឃុំ និងតំណាងនិយោជកទាំង១០ ក្រុមហ៊ុនផងដែរ។
បើតាមការឲ្យដឹងពីលោក ពឹម សុភា តំណាងទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) លើកឡើងថា៖ «វេទិការការងារនេះ គឺជាកិច្ចអន្តរាគមន៍សកម្មរបស់រាជរដ្ឋាភិបាលក្នុងការនាំយកឱកាសការងារ និងសេវាជួយស្វែងរកការងារធ្វើឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គ្រប់តំបន់នៅទូទាំងប្រទេស។ ជាក់ស្តែងតាមរយៈការរៀបចំនេះបានបង្ហាញឲ្យឃើញថា តម្រូវការជ្រើសរើសកម្លាំងពលកម្ម ក៏ដូចជាសកម្មភាពអាជីវកម្ម ឬធុរកិច្ចនៅក្នុងប្រទេសកម្ពុជាមានតម្រូវការឱកាសការងារច្រើន ដែលអាចផ្តល់ជូនបងប្អូនយើងគ្រប់ប្រភេទការងារនិងគ្រប់វិស័យដែលកំពុងមានតម្រូវការខ្លាំង។ ក្នុងន័យនេះ បងប្អូនប្រជាពលរដ្ឋទោះនៅទីប្រជុំជន ជនបទ ឬក៏ខេត្តក្រុងណាក៏ដោយសុទ្ធតែទទួលបានការស្វែងរកការងារតាមរយៈភ្នាក់ងាររបស់រាជរដ្ឋាភិបាលបានដោយងាយស្រួល តម្លាភាព សមធម៌ កាត់បន្ថយចំណាយ និងពេលវេលាផងដែរ»។
តាមរយៈតួលេខរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា ក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ វេទិកាការងារត្រូវបានរៀបចំ នៅតាមបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេស បានចំនួន ៧៤២លើក ដោយមានអ្នកចូលរួមសរុបចំនួន ១២៤,៤២៣នាក់។
គួរបញ្ជាក់ថា ក្រុមហ៊ុន ទាំង១០ ដែលបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចូលរួមដើម្បីជ្រើសរើសបុគ្គលិកក្នុងវេទិកាការងារនៅក្នុងថ្ងៃនេះ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន តៃគី (ខេមបូឌា) ខូអិលធីឌី, រោងចក្រ ជាំងស៊ី៣អិល មេឌីខល ប្រដាក់គ្រុប (ខេមបូឌា), ក្រុមហ៊ុន Crown Beverage Cans Sihanouk Ville Limited, វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, ក្រុមហ៊ុន ទូ ពូ អឺ តេ កាប៊ីនេត ខេមបូឌា ឯ.ក, រោងចក្រផលិតដំណាប់ផ្លែឈើហ្វ័រដា (ខេមបូឌា), ក្រុមហ៊ុន Carlsberg Cambodia, ក្រុមហ៊ុន ញូ គ្លរី ប៊ែក និងឡាក់ហ្គេដ្យ (ខេមបូឌា) និង ក្រុមហ៊ុនអន្តរជាតិ ផលិតពូក បេសមែតទ្រីស អ៊ីនធើណេសិនណល៕