(បាត់ដំបង)៖ «ក្រមាខ្មែរបង់កលម្អកាយា ប្រជាខេមរារីករាយបុណ្យទន្លេ ឆ្វាក់ឆ្វាត់រសាត់រាំរេ ក្រឡាត្រង់ថ្នេរក្បូរក្បាច់ចំណាន» នាឱកាសពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ឆ្នាំ២០២០នេះ គេសង្កេតឃើញមានប្រជាពលរដ្ឋ មន្ត្រីរាជការ ថ្នាក់ដឹកនាំ ឧត្តមមន្ត្រី សម្ដេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូអន្តរជាតិនានា សុទ្ធតែបានយកក្រមាខ្មែរបង់កប្រពៃសមសួន ខណៈអ្នកខ្លះនិយមបង់ទម្លាក់ចុះក្រោម អ្នកខ្លះក៏និយមបង់ព័ទ្ធជុំវិញក ក្រវាត់ចង្កេះ ចំណែកអ្នកក៏និយមបង់ឆ្វាក់មួយបែបនេះវិញ។
ដោយចង់លើសស្ទួយផលិតផលអត្តសញ្ញាណជាតិមួយនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺផ្លូវដង្ហើមប្រភេទថ្មី ឬ Covid-19 នេះ ប្រសិនបើគ្មានម៉ាសពាក់នោះទេ ប្រជាពលរដ្ឋក៏អាចយកក្រមាដែលជាអត្តសញ្ញាណខ្មែរតកេរដំណែលពីដូនតា មកពាក់បិទបាំងមាត់ច្រមុះជំនួសវិញក៏បាន។
ជាការពិតណាស់ ក្រមាខ្មែរពិតជាមានសារសំខាន់យ៉ាងច្រើនសម្រាប់ជីវភាពរស់នៅរបស់ប្រជានុរាស្ត្រខ្មែរតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន ក្រមាអាចប្រើសម្រាប់វេចខ្ចប់បាយម្ហូប បន្លែ ផ្លែឈើ របស់របរនានា ក្រមាអាចប្រើសម្រាប់ចង រុំបិទបាំង ទទូរ ឬជូតក្បាល ផ្លាស់ប្ដូរពេលមុជ ឬងូតទឹក ជូតមុខ ឬដណ្ដប់ខ្លួនប្រាណ។ នៅសម័យបុរាណ ក្រមាត្រូវបានប្រើជាអាវុធសម្រាប់ការពារខ្លួនពីសត្វសាហាវ ឬគូសត្រូវជាដើម ដូចមានបង្ហាញនៅតាមជញ្ជាំងកំពែងប្រាសាទសំបូរព្រៃគុក និងជញ្ជាំងប្រាសាទផ្សេងទៀត គេបានដាប់ឆ្លាក់រូបមនុស្សកំពុងប្រយុទ្ធជាមួយសត្វតោ ដោយប្រើក្រមាជ្រលក់ទឹកឱ្យសើម (ចម្លាក់ក្រឡោតទាប) ដែលកាយវិការនោះហាក់បង្ហាញពីគុនល្បក្កតោរបស់បុរាណខ្មែរតាំងពីសម័យចេនឡា (ឥសានបុរៈ)។
នាសម័យបុរេអង្គរ និងសម័យអង្គរ ក្រមាក៏ត្រូវបានវេញធ្វើជាដូចខ្សែព្រ័ត្រសម្រាប់ពាក់លើខ្លួនរបស់កងទ័ព ចូលសមរភូមិធ្វើសឹកសង្គ្រាមប្រឆាំងនឹងសត្រូវការពារទឹកដី។ កាលពីដើមឡើយ អ្នកស្រុកដែលជាឪពុកម្ដាយក៏បានយកក្រមាធ្វើជាអង្រឹង សម្រាប់ចងបំពេរកូនឱ្យគេងលក់ ឬជំនួសការប្រើប្រាស់ផ្សេងៗយ៉ាងច្រើនសម្បូរបែប។
និយាយរួម ទោះសើម ឬស្ងួត ក្រមាខ្មែរពិតមានអត្ថប្រយោជន៍ច្រើនណាស់ ដែលប្រជាជាតិដទៃក្រៅពីប្រជាជាតិអាស៊ីអាគ្នេយ៍មួយចំនួនគ្មាននោះឡើយ ហើយក៏ធ្លាប់ឮពីការស្ងើចសរសើររបស់ប្រជាជាតិដទៃមកលើគំនិតនឹកឃើញបង្កើតឱ្យមានក្រមានេះឡើងរបស់ជនជាតិខ្មែរ ខណៈពួកគេមួយចំនួនបានបង្ហាញក្ដីស្រលាញ់ចូលចិត្ត និងប្រើប្រាស់នូវក្រមារបស់ខ្មែរយើងយ៉ាងពេញនិយមផងដែរ។
នៅសម័យបុរាណ គេប្រើក្រមាសម្រាប់ប្រយុទ្ធជាមួយសត្វសាហាវ និងទប់ទល់ជាមួយសត្រូវជាដើម ប៉ុន្តែនៅក្នុងសម័យសន្តិភាពបច្ចុប្បន្ន ក្រមាបានដើរតួជាម៉ាសបិទបាំងមាត់ច្រមុះ ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លង ពិសេសជំងឺ Covid-19។
ការនិយមប្រើប្រាស់ក្រមាខ្មែរទូទាំងប្រទេសយ៉ាងដូច្នេះ បានបង្ហាញនូវទិដ្ឋភាពដ៏មានអត្ថន័យសម្រាប់ប្រជាជាតិខ្មែរ និងបំផុសស្មារតីឱ្យស្រលាញ់ និងអភិរក្សថែថួននូវអត្តសញ្ញាណកេរមរតករបស់បុព្វបុរស។ មានអ្វីមួយដែលញ៉ាំងឱ្យរឹតតែពិសេសជាងនេះ នោះគឺការលើកដៃសំពះគោរពឱនលំទោនដាក់គ្នាទៅវិញទៅមកសម្រាប់ប្រជាពលរដ្ឋខ្មែរ។
អ្វីដែលជាសំណូមពររបស់ប្រជាពលរដ្ឋ គឺថាសូមអំពាវនាវឱ្យអាជីវករអ្នកលក់ក្រមាកុំមានការឡើងថ្លៃដូចករណីម៉ាសឱ្យសោះ ពីព្រោះផលិតផលសិប្បកម្មមួយនេះពលរដ្ឋយើងអាចផលិតបានក្នុងប្រទេសរបស់ខ្លួនផ្ទាល់ ដែលនេះក៏ជាការបង្ហាញនូវសុជីវធម៌ សីលធម៌យោគយល់ជួយគ្នាទៅវិញទៅមក ជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាជាតិខ្មែរយើង។
សូមជម្រាបថា ក្នុងពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងនេះ បានរំលេចនូវភាពខុសប្លែកធៀបនឹងពិធីបុណ្យមុនៗត្រង់ថា ប្រជាពលរដ្ឋ មន្ត្រីរាជការ ថ្នាក់ដឹកនាំ បានចូលរួមទស្សនាកម្សាន្តជាមួយនឹងក្រមាបង់កយ៉ាងស្រស់សង្ហា និងស្រស់សោភា ដែលនេះជាសុជីវធម៌ល្អមួយសម្រាប់ប្រជាពលរដ្ឋទូទាំង ជំនួសម៉ាសដែលកំពុងឡើងថ្លៃនោះ៕