(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្មានហេតុផលណាមួយទៅលាក់បាំង ករណីកើតជំងឺកូវីតនោះឡើយ ប៉ុន្តែផ្ទុយទៅវិញរាជរដ្ឋាភិបាលមានតែអំពាវនាវឱ្យប្រពលរដ្ឋបង្ហាញមុខបើមានករណីសង្ស័យលើជំងឺ Covid-19 នេះ។
ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅល្ងាចថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាពប្រកាស បើកពិធីបុណ្យទន្លេលើកទី៦ នៅក្នុងខេត្តបាត់ដំបង។ ការបញ្ជាក់ពាក់ព័ន្ធនឹងវត្តមានវីរុស Covid-19 នេះ គឺឆ្លើយតបទៅនឹងការលើកឡើង របស់ក្រុមប្រឆាំង និងអ្នកលែងបណ្តាញសង្គម Facebook មួយចំនួនតូចបានចោទប្រកាន់ថា រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធបានបិទបាំងចំពោះការឆ្លងវីរុស កូរ៉ូណា ឬ Covid-19 នេះ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងគ្មានការចាំបាច់លាក់លៀម ជាមួយព័ត៌មានណាមួយនោះទេ ហើយបើអ្នកទាំងឡាយ នៅតែមិនច្បាស់ អ្នកឯងហ៊ានស្បថទេ ថាកម្ពុជា ហ៊ុន សែន រាជការរបស់ ហ៊ុន សែន ពិតជាបានលាក់លៀម តើអ្នកឯងហ៊ានស្បថឱ្យរន្ទះបាញ់ទេ [...] ខ្ញុំយល់ថា ពួកនេះមិនហ៊ានស្បថទេ គេបានពូកែអញ្ចឹង ប៉ុន្តែ នៅពេលបបួលស្បថ ហើយខ្ញុំគិតថា នៅទីនេះ ជាតំបន់សាកស័ទ្ធិ ច្បាស់ជាគេមិនហ៊ានស្បថទេ បើសិនជានរណាហ៊ានស្បថ សូមអញ្ជើញបង្ហោះតាម Facebook មក ដើម្បីស្បថដាក់ជីវិត តែម្តង»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានចោទសួរទៅក្រុមអ្នកចោទរាជរដ្ឋាភិបាល ដែលថាបានលាក់បាំងករណីជំងឺ Covid-19 ហ៊ានស្បថដែរ ឬទេ? ប៉ុន្តែ បើគ្មានតែផ្ចាញ់ផ្ចារ ហើយក៏សូមជម្រាបប្រាប់ថា ប្រទេសកម្ពុជា នៅពេលនោះរាប់ទាំងការព្យាបាលជាសះស្បើយ ទើបនឹងមានចំនួន ៧ករណីនោះទេ ក៏ប៉ុន្តែ សម្រាប់ក្រុមអ្នកស្រែកចោទប្រកាន់នៅក្រៅស្រុកមួយចំនួន ត្រូវជំងឺ កូវីត១៩ បានទៅដល់កាំជណ្តើររបស់ក្រុមមនុស្សបំភ្លៃរឿងជំងឺកូវីត នៅក្រៅប្រទេសហើយ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះគិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានសម្រេចដាក់បម្រាមមិនឱ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ៕