(បាត់ដំបង)៖ ខណៈពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់លើវិស័យទេសចរណ៍ ដោយសារតែវិបត្តិនៃការរីករាលដាលជំងឺ Covid-19 នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា នៅដើមឆ្នាំ២០២០នេះ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាបានធ្លាក់ចុះប្រមាណ ៣០.៥% ក្នុងនោះភ្ញៀវទេសចរចិនបានធ្លាក់ចុះក្នុងរង្វង់ ៤០% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៩។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង នារាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់មហាជនថា វិស័យទេសចរណ៍កម្ពុជាកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដែលបានធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០១៩
ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាមានប្រមាណ ៦.៦លាននាក់ កើនឡើងបីដងបើប្រៀបធៀបនឹងដប់ឆ្នាំមុន ដែលមានចំនួនប្រមាណ ២.១៦លាននាក់ប៉ុណ្ណោះ។
សម្ដេចតេជោបានថ្លែងទៀតថា វិស័យទេសចរណ៍ គឺជាមាសបៃតង និងជាសសរស្ដម្ភនៃខឿនសេដ្ឋកិច្ចជាតិ។ ចំណូលដុលពីទេសចរណ៍អន្តរជាតិ នៅឆ្នាំ២០១៩ មានចំនួន ៤,៩១៩លានដុល្លារអាមេរិក ស្មើនឹងជិត ១៣% នៃផលិតផលក្នុងស្រុកសរុប។ បើគិតជាតម្លៃបន្ថែមវិញ វិស័យទេសចរណ៍បានចូលរួមចំណែកប្រមាណ ៤.៤% នៃផលិតផលក្នុងស្រុក ក្នុងឆ្នាំ២០១៩ ហើយក៏ជាអនុវិស័យធំជាងគេទីបួននៅក្នុងវិស័យសេវាកម្ម បន្ទាប់ពីអនុវិស័យពាណិជ្ជកម្ម ដឹកជញ្ជូន និងទូរគមនាគមន៍ និងអចលនទ្រព្យ។ វិស័យទេសចរណ៍បានបង្កើតមុខរបរ និងការងារទេសចរណ៍ដោយផ្ទាល់ជាង ៦៣ម៉ឺននាក់ និងការងារដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។
ការរីករាលដាលនៃជំងឺកូរវីដ-១៩ បានបង្កឱ្យមានផលប៉ះពាល់លើវិស័យសេដ្ឋកិច្ចជាសកល និងវិស័យទ្រទ្រង់សំខាន់ៗ ដូចជាវិស័យសេវាកម្ម ក្នុងនោះមានវិស័យទេសចរណ៍ផងដែរ, នេះបើតាមការឱ្យដឹងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «នៅដើមឆ្នាំ២០២០នេះ ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាបានធ្លាក់ចុះប្រមាណ ៣០.៥% ក្នុងនោះភ្ញៀវទេសចរចិនបានធ្លាក់ចុះក្នុងរង្វង់ ៤០% ធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៩។ យោងតាមទិន្នន័យនេះ បើធៀបជាមួយនឹងគោលដៅទេសចរណ៍ក្នុងតំបន់ប្រទេសជិតខាង កម្ពុជាមានអត្រានៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា គឺនៅមានកម្រិតស្រាលនៅឡើយ»។
ព្រឹត្តិការណ៍បុណ្យទន្លេនេះក៏ជាការចូលរួមជំរុញទេសចរក្នុងស្រុក ស្របពេលដែលកម្ពុជាកំពុងមានការធ្លាក់ចុះនូវភ្ញៀវទេសចរអន្តរជាតិមកពីក្រៅប្រទេស ដោយក្នុងនោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងដែរថា ការរៀបចំឲ្យមានបុណ្យទន្លេជារៀងរាល់ឆ្នាំនេះឡើង គឺជាការបង្ហាញអំពីសក្តានុពលទេសចរណ៍តាមដងទន្លេកម្ពុជា ជាពិសេសខេត្តបាត់ដំបង ដែលស្ថិតនៅប៉ែកពាយ័ព្យ និងចំកណ្ដាលនៃបណ្ដាខេត្តសំខាន់ៗនៃប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលសម្បូរសម្បត្តិបេតិកភណ្ឌវប្បធម៌ និងតំបន់ទេសចរណ៍ធម្មជាតិ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និងកសិទេសចរណ៍ សំណង់ស្ថាបត្យកម្មដ៏ប្រណីតជាច្រើនកន្លែង ដែលបន្សល់ទុកដោយអាណានិគមបារាំង និងកំពុងទាក់ទាញភ្ញៀវចម្រុះជាតិសាសន៍ឱ្យមកកម្សាន្ត និងសិក្សាស្វែងយល់៕