(បាត់ដំបង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជំរុញឱ្យក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពាក់ព័ន្ធត្រូវបង្កើនសកម្មភាពទេសចរណ៍នៅតាមតំបន់ជុំវិញបឹងទន្លេសាប ខណៈបច្ចុប្បន្ននិន្នាការទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ ប៉ុន្តែអាជ្ញាធរក៏ត្រូវបង្កើនការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ ពិសេសត្រូវបង្កើនការអភិវឌ្ឍផ្នែកពាក់ព័ន្ធ ដែលបម្រើដល់់វិស័យទេសចរណ៍នៅតំបន់ទាំងនោះផងដែរ។
ការបំផុសលើកទឹកចិត្តយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញបើកជាផ្លូវការនូវពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង នារាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដែលជាព្រឹត្តិការណ៍ទេសចរណ៍មួយចំកណ្ដាលទីក្រុងបេតិកភណ្ឌនាភាគខាងលេចប្រទេសកម្ពុជា។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ត្រូវបន្តរក្សាឲ្យបានសន្តិសុខ សណ្ដាប់ធ្នាប់សង្គមគ្រប់តំបន់ទេសចរណ៍តាមបណ្ដាខេត្តជាប់បឹងទន្លេសាប ត្រូវខិតខំរក្សាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គម បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ក្រុមបងតូចបងធំ និងការលួចឆក់នានា ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរក្នុង-ក្រៅប្រទេស»។
ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលក៏បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវជំរុញការផលិតក្នុងស្រុក ដើម្បីផ្គត់ផ្គង់នៅតាមមូលដ្ឋានអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារក្នុងស្រុក ដែលជាគោលដៅនាំចេញនៅនឹងកន្លែង និងត្រូវបន្តជំរុញការផលិតតាមស្តង់ដារ។
សម្ដេចតេជោក៏បានជំរុញមានការបង្កើតខ្សែក្រវាត់បៃតងក្នុងតំបន់ទេសចរណ៍ តាមរយៈការបណ្ដុះបណ្ដាលប្រជាពលរដ្ឋ ដើម្បីទទួលបាននូវបច្ចេកទេសនៃការដាំដុះ ការចិញ្ចឹមត្រី និងសត្វយកសាច់សម្រាប់ការផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ។
បើតាមការបំផុសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋគួរតែបង្កើនការ ក៏ត្រូវផ្សារភ្ជាប់កសិកម្មជាមួយទេសចរណ៍ តាមរយៈការជំរុញ និងការអភិវឌ្ឍវិស័យកសិទេសចរណ៍ឲ្យកាន់តែរីកចម្រើន ជាមួយនឹងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ផ្នែកបដិសណ្ឋារកិច្ចស្វាគមន៍ និងជំនាញចម្អិនម្ហូបអាហារជាដើម។
មកដល់ពេលបច្ចុប្បន្ន ក្នុងខេត្តទាំង៥ដែលស្ថិតនៅជុំវិញបឹងទន្លេសាបមានសហគមន៍ទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ វត្តទេសចរណ៍ និងកន្លែងដែលមានសក្ដានុពលទេសចរណ៍សរុបចំនួន ១៣២ទីតាំង ក្នុងនោះនៅខេត្តសៀមរាបមានចំនួន ២៦ទីតាំង ខេត្តបាត់ដំបងមានចំនួន ៥៣ទីតាំង ខេត្តពោធិ៍សាត់មានចំនួន ២៤ទីតាំង ខេត្តកំពង់ឆ្នាំងមានចំនួន ២៣ទីតាំង និងខេត្តកំពង់ធំមានចំនួន ២៦ទីតាំង៕
លើសពីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានតឿនឱ្យក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តកសាងហេដ្ឋារចនាសម្ពន្ធចាំបាច់ ដែលបម្រើឱ្យវិស័យទេសចរណ៍ រួមមានអាកាសយានដ្ឋាន ផ្លូវរថភ្លើង ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី ភ្លើង សណ្ឋាគារ និងរមណីយដ្ឋានផ្សេងៗ តាមរយៈការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយតាមផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស ហើយត្រូវពីធ្វើការពិនិត្យលទ្ធភាពក្នុងការរៀបចំព្រលានយន្តហោះបាត់ដំបងឡើងវិញ ដោយជំរុញឲ្យសមត្ថកិច្ចជំនាញពិនិត្យឱ្យបានហ្មត់ចត់លើការងារដ៏មានសារសំខាន់នេះ៕