(បាត់ដំបង)៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសប្រជាពលរដ្ឋចូលរួមបុណ្យទន្លេយ៉ាងសប្បាយរីករាយ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង ពីគ្រោះថ្នាក់នៃគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ ស្ថាប័នមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បន្តរួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋ ជាការពញ្ញាក់អារម្មណ៍ និងចូលរួមកាន់តែសកម្មលើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការតាំងពិព៌រណ៍ រូបភាពផលវិបាកនៃគ្រឿងញៀន ខិត្តប័ណ្ណផ្ទាំងរូបភាព សារព្រមាន សៀវភៅចំណេះដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន និងវត្ថុអនុស្សារីយ៍ផ្សេងៗ រួមានមាន៖ មួក ប្រតិទិន បន្តោងសោ សម្រាប់ចែកជូនដល់ពួកគាត់យកទៅផ្សព្វផ្សាយ បន្តដល់ក្រុម គ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់កុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន។
លោក ឡោ សុវិជ្ជា អគ្គនាយកររង ក្រសួងទេសចរណ៍ បានប្រាប់ឲ្យដឹងថា រាល់ពិធី បុណ្យសមុទ្រ និងបុណ្យទន្លេគឺតែងទទួលបានការគាំទ្រ ចូលរួមទស្សនាយ៉ាងច្រើនកុះករ ដែលជាឱកាសសម្រាប់ក្រុមការងារ និងឆ្លៀតផ្ញើសារចំណេះដឹងដល់ពួកគាត់ បានយល់ដឹងកាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន។
ថ្លែងក្នុងនាមជាដៃគូ លោក សោម សុធា នាយកសាខាមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ខេត្តបាត់ដំបង បានឲ្យដឹងដែរថា ស្ថាប័នមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC)ជាគ្រឹះស្ថានហិរញ្ញវត្ថូឯកជន ហេីយតែងតែចូលរួមក្នុងសកម្មភាពជួយសង្គមនានាមានជាអាទិ៍៖ ចូលរួមផ្សព្វផ្សាយអប់រំ បញ្ហាអនាម័យតាមសាលារៀន ការប្រលងចម្រៀងកុមារ និងការងារបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ជាដើមហើយកន្លងមក បានជួយឧបត្ថម្ភគាំទ្រជាមធ្យោបាយ សម្ភារបម្រើដល់ការងារសង្គមនានា។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា បុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» នៅខេត្តបាត់ដំបង រយ:ពេល២ថ្ងៃ (ថ្ងៃ ១៣-១៤ ខែមីនា ឆ្នាំ២០២០ ) មានមន្រ្តីរាជការ ប្រជាពលរដ្ឋ កងកម្លាំង ប្រដាប់អាវុធ ព្រះសង្ឃ យុវជន ក្រុមប្រឹក្សា ឃុំ សង្កាត់ ភូមិ បានចូលរួមយ៉ាងច្រើនកុះករ សិក្សាស្វែងយល់ និងទទួលយកឯកសារសម្រាប់ផ្សព្វផ្សាយបន្ត នៅគោលដៅភូមិ ឃុំ សង្កាត់ និងក្រុមគ្រួសារ មិត្តភក្តិ សំដៅសុវត្ថិភាពសហគមន៍ ពីបញ្ហាគ្រឿងញៀន ហើយសកម្មភាពនេះនឹងបន្តដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ដែលជាថ្ងៃបញ្ចប់នៃបុណ្យទន្លេផងដែរ។
ក្នុងឱកាសនោះ ដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ជាដៃគូយ៉ាងជិតស្និទ្ធ ក្នុងការងារផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់ការរីករាលបញ្ហាគ្រឿងញៀន ដែលជាការងារពហុវិស័យ ត្រូវការការចូលរួមគាំទ្រ ពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ និងវិស័យឯកជន រួមគ្នាធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីភាពសុខសាន្តនិងការអភិវឌ្ឍ ជូនប្រជាពលរដ្ឋ ដើម្បីអនាគតកូនចៅ៕