(បាត់ដំបង)៖ ថ្លែងចេញពីខេត្តបាត់ដំបង នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបបួលអ្នកដែលចោទថា រាជរដ្ឋាភិបាលលាក់បាំងព័ត៌មានរឿងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មកស្បថដាក់ជីវិត ឬឲ្យស្លាប់ដោយរន្ទះបាញ់។ តើអ្នកទាំងនោះហ៊ានស្បថ ជាមួយសម្ដេចដែរឬទេ?
ក្នុងឱកាសបើកអញ្ជើញជាអធិបតីភាព បើកពិធីបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ «ទន្លេ នៃសន្តិភាព ទន្លេ នៃវិបុលភាព» សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវជំនឿថា ក្រុមអគតិទាំងអស់នោះច្បាស់ជាមិនហ៊ានស្បថជាមួយសម្ដេចនោះទេ ព្រោះពួកគេខ្លាចការពិត និងខ្លាចចាញ់សម្បថ ហើយពួកកែបានតែអុជអាល។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងគ្មានការចាំបាច់ដើម្បីលាក់លៀម ជាមួយព័ត៌មានណានោះទេ ហើយបើអ្នកទាំងឡាយ នៅតែមិនច្បាស់ អ្នកឯងហ៊ានស្បថទេថា កម្ពុជា ហ៊ុន សែន រដ្ឋការរបស់ ហ៊ុន សែន ពិតជាបានលាក់លៀម។ តើអ្នកឯងហ៊ានស្បថឲ្យរន្ទះបាញ់ទេ ខ្ញុំយល់ថា ពួកនេះមិនហ៊ានស្បថទេ គេពូកែបានតែចឹង ប៉ុន្ដែពេលណាយើងបបួលស្បថ ហើយខ្ញុំគិតថានៅទីនេះ គឺជាតំបន់ស័ក្ដិសិទ្ធិច្បាស់ជាគេមិនហ៊ានស្បថទេ បើសិនជានរណាហ៊ានស្បថ សូមអញ្ជើញបង្ហោះតាម Facebook មកដើម្បីស្បថដាក់ជីវិតតែម្ដង»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា រហូតមកដល់ពេលនេះ បើរាប់ទាំងជនជាតិចិនម្នាក់ ដែលព្យាបាលជាសះស្បើយ គឺទើបឆ្លង៧ករណីប៉ុណ្ណោះ ខណៈដែលប្រទេសរបស់ក្រុមអគតិទាំងនោះកំពុងរស់នៅ គឺឆ្លងស្ទើរពេញប្រទេស ដែលសម្ដេចបានប្រៀបធៀប ការឆ្លងនេះ គឺឆ្លងដល់ជណ្ដើរផ្ទះអ្នកទាំងនោះហើយ។
ជាមួយគ្នានេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏នៅបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា ចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ តាមរយៈការធ្វើអនាម័យតាមក្រុមគ្រួសារ តាមសហគមន៍ និងការធ្វើអនាម័យផ្ទាល់ខ្លួន ព្រោះការរក្សាអនាម័យ មិនមែនការពារតែកូវីដ១៩នោះទេ ពោលការពារពីជំងឺផ្សេងៗជាច្រើនទៀត។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានសម្រេចដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ៕