(បាត់ដំបង)៖ ក្នុងឱកាសអញ្ជើញជាអធិបតី បើកបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់នូវអនុសាសន៍ណែនាំ ចំនួន៦ចំណុចសំខាន់ៗ ដើម្បីជំរុញកំណើនទេសចរណ៍តាមដងទន្លេកម្ពុជា ដែលជាប្រភពទឹកសម្រាប់ការចិញ្ចឹមជីវិត ឲ្យក្លាយទៅជាគោលដៅទេសចរណ៍ប្រកបដោយឧត្ដមភាព។

អនុសាសន៍ទាំង៦ចំណុចសំខាន់ៗ ដែលបានដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន នោះរួមមាន៖

*ទី១៖ ត្រូវរួមគ្នារក្សាឲ្យបាននូវវត្តមានជាអចិន្រ្តៃយ៍ នៃសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយគ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ពោលគឺគ្មានអ្វីអ្វីទាំងអស់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរួមគ្នា រក្សាការពារនូវ សន្តិភាព ដែលរកបានដោយលំបាក និងមិនត្រូវឲ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាព នៅក្នុងប្រទេសកម្ពុជាឡើយ។ សន្តិភាពធានាឲ្យមានការអភិវឌ្ឍ លើគ្រប់វិស័យ មានសុខុមាលភាព សង្គមល្អប្រសើរជាមួយនឹងជីវភាពរស់នៅសម្បូរសប្បាយរុងរឿងជារៀងរហូត។

*ទី២៖ ត្រូវបន្តធ្វើការអភិវឌ្ឍក្រុងបាត់ដំបង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវរក្សាឲ្យបាននូវ អត្តសញ្ញាណទីក្រុងបេតិកភណ្ឌ ដែលនឹងគ្រោងដាក់បញ្ចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌរបស់ អង្គការយូណេស្កូ។ ត្រូវរួមគ្នារក្សាឲ្យបាននូវបណ្ដាសំណង់បុរាណ ផ្ទះបូរាណ ស្ពានបុរាណ ក្នុងខេត្ត ដោយមិនត្រូវឲ្យមានការកែប្រែខុសស្ថានភាពដើម។

ត្រូវបន្តជំរុញកំណត់អត្តសញ្ញាណ នៃគោលដៅទេសចរណ៍អាទិភាព រួមមាន ទេសចរណ៍ផ្ទះបុរាណ (Clusters), តំបន់ទស្សនាសត្វស្លាប, តំបន់ប្រាសាទបាណន់, រមណីយដ្ឋានភ្នំសំពៅ, ទស្សនាហ្វូងសត្វប្រចៀវរាប់លានក្បាល ចេញពីរូងមុនពេលថ្ងៃរៀបលិច រួមទាំងលក្ខណៈពិសេសរបស់ម្ហូបអាហារប្រចាំតំបន់ ក្នុងខេត្តនេះផងដែរ។

*ទី៣៖ ត្រូវបន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលបម្រើអោយវិស័យទេសចរណ៍ រួមមាន អាកាសយានដ្ឋានផ្លូវរថភ្លើង ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី ភ្លើង សណ្ឋាគារ និងរមណីយដ្ឋានផ្សេងៗ តាមរយៈការតភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយ តាមផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស ហើយត្រូវពីធ្វើការពិនិត្យលទ្ធភាព ក្នុងការរៀបចំព្រលានយន្តហោះបាត់ដំបងឡើងវិញ ដោយជំរុញឲ្យសមត្ថកិច្ចជំនាញពិនិត្យឲ្យបានហ្មត់ចត់លើការងារ ដ៏មានសារសំខាន់នេះ។

*ទី៤៖ ត្រូវបន្តរក្សាឲ្យបានសន្តិសុខ សណ្ដាប់ធ្នាប់សង្គម គ្រប់តំបន់ទេសចរណ៍ តាមបណ្ដាខេត្តជាប់បឹងទន្លេសាប ត្រូវខិតខំរក្សាឲ្យបាននូវ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ក្រុមបងតូច បងធំ និងការលួចឆក់នានា ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរក្នុង និងក្រៅប្រទេស។

*ទី៥៖ ត្រូវជំរុញការផលិតក្នុងស្រុក ដើម្បីផ្គត់ផ្គង់ទេសចរដែលជាគោលដៅ «នាំចេញនៅនឹងកន្លែង»។ ត្រូវបន្តជំរុញការផលិតតាមស្តង់ដារ ត្រូវបង្កើតឲ្យមាន ខ្សែក្រវ៉ាត់ បៃតងក្នុងតំបន់ទេសចរណ៍ តាមរយៈការបណ្ដុះបណ្ដាលប្រជាពលរដ្ឋ ដើម្បីទទួលបាននូវបច្ចេកទេស នៃការដាំដុះ ការចិញ្ចឹមត្រី និងសាក់សម្រាប់ការផ្គត់ផ្គង់ ដល់ទេសចរ។ ត្រូវផ្សាភ្ជាប់កសិកម្មជាមួយទេសចរណ៍ តាមរយៈការជំរុញ និងការអភិវឌ្ឍវិស័យកសិទេសចរណ៍ឲ្យកាន់តែរីកចម្រើន ជាមួយនឹងការបណ្ដុះបណ្ដាលជំនាញ ទេសចរណ៍ផ្នែកបដិសណ្ឋារកិច្ច ស្វាគមន៍ និងជំនាញចម្អិនម្ហូបអាហារ ជាដើម។

*ទី៦៖ ជាមួយនឹងសភាពការណ៍វិវត្តន៍ថ្មីៗ នៃការរីករាលដាល នៃជំងឺ COVID-19 នៅក្នុងតំបន់ និងពិភពលោក ខ្ញុំនៅតែបន្តអំពីនាវដល់បងប្អូនជនរួមជាតិ សូមរក្សានូវភាពស្ងៀមស្ងាត់ ការពារសុខភាព និងអនាម័យជាប្រចាំ ដើម្បីសុខភាពខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារហើយអាចការពារបាននូវ ជំងឺគ្រប់ប្រភេទ។ ទន្ទឹមនេះសូមបងប្អូនជនរួមជាតិរួមគ្នា ផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវព័ត៌មានពិត ដើម្បីបំបាត់នូវព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យមានភាពចលាចលវឹកវរ និងអសន្តិសុខសង្គម។

រាជរដ្ឋាភិបាលដែលមានក្រសួងសុខាភិបាល ជាសេនាធិការ បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយអង្គការសុខភាព អន្តរជាតិនានាជាពិសេស អង្គការសុខភាព ពិភពលោក មានវិធានការម៉ឺងម៉ាត់បំផុត ក្នុងការការពារ និងត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីប្រឈមនឹងជំងឺសកលនេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ចូលរួមទាំងអស់គ្នា ការពារសុខភាពរាងៗខ្លួន និងក្រុមគ្រួសារឲ្យបានល្អប្រសើរ ជាជាងការភ័យខ្លាចដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ សុខមាលភាពសង្គម និងភាពសុខដុមរមនាគ្រប់ជាតិសាសន៍ នៃព្រះរាជាណាចក្រកម្ពុជា៕