(ភ្នំពេញ)៖ ប្រជាពលរដ្ឋបានស្នើយ៉ាងទទូចដល់សាលាឧទ្ធរណ៍ មេត្តាចេញដីកា «រក្សាការពារ» ដីរបស់ខ្លួនមួយកន្លែងដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ បន្ទាប់ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តនេះ គ្រោងនឹងចេញប័ណ្ណកម្មសិទ្ធិឲ្យម្ចាស់ដីនៅក្បែរនោះចំនួន២នាក់ ហើយជាន់លើដីរបស់ខ្លួនជាង១ហិកតា។
តាមរយៈអង្គភាពព័ត៌មាន Fresh News ប្រជាពលរដ្ឋឈ្មោះ សួស ធារិទ្ធិ និងប្រពន្ធឈ្មោះ ស៉ីម វណ្ណនី បានអះអាងថា ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ គ្រោងនឹងផ្ដល់ប័ណ្ណកម្មសិទ្ធិលើក្បាលដីលេខ៤៨០ ទំហំ១៣៣.១០០ម៉ែត្រការ៉េ ស្ថិតនៅភូមិអូសំរែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ឲ្យទៅឈ្មោះ ឃី ភា ប្រពន្ធឈ្មោះ ខេង រ៉ានី និងឈ្មោះ សេង សុខា ប្រពន្ធឈ្មោះ ហង្ស រី ដោយជាន់លើដីរបស់ខ្លួនទំហំ ១៣.៥១០ម៉ែត្រការ៉េ។
គ្រួសារលោក សួស ធារិទ្ធិ បានឲ្យដឹងបន្ថែមថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១០ ខ្លួនបានទិញដីពីឈ្មោះ គង់ នី មានទំហំ ១៣.៥១០ម៉ែត្រការ៉េ នឹងត្រូវបានវាស់វែងទទួលស្គាល់ដោយ លោក គុំ សូផាត ដែលជាមេឃុំក្សេមក្សាន្តផងដែរ។ លុះក្រោយមក ឈ្មោះ ឃី ភា ប្រពន្ធឈ្មោះ ខេង រ៉ានី និងឈ្មោះ សេង សុខា ប្រពន្ធឈ្មោះ ហង្ស រី បានរៀបចំធ្វើប័ណ្ណកម្មសិទ្ធិលើក្បាលដីលេខ៤៨០ តែជាន់លើដីឈ្មោះ សួស ធារិទ្ធិ ទំហំ១៣.៥១០ម៉ែត្រ ទោះជាឈ្មោះ សួស ធារិទ្ធិ ប្ដឹងតវ៉ាយ៉ាងណាក៏ដោយ ក៏ភាគីម្ចាស់ក្បាលដីលេខ៤៨០ និងមន្ត្រីជំនាញនៅតែព្យាយាមចង់ចេញប័ណ្ណកម្មសិទ្ធិ ជាន់មកលើដីរបស់ខ្លួនដដែល។
ប្រការនេះធ្វើឲ្យគ្រួសារលោក សួស ធារិទ្ធិ ធ្លាប់ប្ដឹងទៅតុលាការ ហើយចៅក្រមទទួលបន្ទុករឿងក្តី នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញសាលដីកាសម្រេចរក្សាការពារផងដែរ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ។
ទោះជាយ៉ាងក៏ដោយក្រោយមកទៀត ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ យោងតាមដណ្ដឹងរបស់ភាគីម្ខាងទៀត បានចេញដីកាមួយទៀត ដោយរំលាយចោលដីកា សម្រេចរក្សាការពារ លើដីឈ្មោះ សួស ធារិទ្ធិ ទើបខ្លួនមិនសុខចិត្តក៏ប្ដឹងទៅសាលាឧទ្ទរណ៍បន្តទៀត។ បច្ចុប្បន្នសំណុំរឿងនេះត្រូវបានលោក ភូ ពៅស៊ុន ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាឧទ្ធរណ៍ បានចេញដីកាកោះហៅភាគីដើមបណ្ដឹងឲ្យចូលទៅដំណើរការនីតិវិធី ក្នុងដំណាក់កាលទាញហេតុផលដោយផ្ទាល់មាត់ នៅពេលខាងមុខឆាប់ៗនេះ ហើយក្នុងនាមជាអ្នករងនូវភាពអយុត្តិធម៌ លោក សួស ធារិទ្ធិ សំណូមពរដល់ប្រធានក្រុមប្រឹក្សាជំនុំជំរះ មេត្តាសម្រេចប្រកបដោយតម្លាភាព គឺរក្សាទុកដីការក្សាការពារផ្ដល់ផលប្រយោជន៍ ដល់ភាគីរងគ្រោះពិតប្រាកដ។
ដោយឡែក នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ក៏បានចេញលិខិតជម្រាបជូនទៅមន្ទីរដែនដី ខេត្តកំពង់ស្ពឺ ដើម្បីឲ្យពិនិត្យមើលលើករណីនេះទៅតាមច្បាប់ បន្ទាប់ពីភាគីម្ចាស់ដី សួស ធារិទ្ធ និងភរិយា ធ្វើលិខិតស្នើសុំអន្តរាគមន៍ទៅលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួចមក។
តាមប្រភពព័ត៌មានពីមន្រ្តីបានបង្ហើបឲ្យដឹងថា មូលហេតុដែលមន្ត្រីជំនាញមានបំណងផ្ដល់ប័ណ្ណកម្មសិទ្ធិទៅឲ្យភាគីម្ខាង ខណៈមិនទាន់ដោះស្រាយទំនាស់ចប់ផងនេះ គឺដោយសារតែមានពាក់ព័ន្ធនឹងរឿងផលប្រយោជន៏ជាមួយមន្ត្រីជំនាញតែម្ដង។ ក្នុងនោះគេអះអាងរឿងនេះ មានពាក់ព័ន្ធជាមួយនឹងលោកជំនាញភូមិបាលស្រុកតែម្ដង ព្រោះយោងតាមសាក្សីដែលជាអ្នកលក់ដីឲ្យភាគីម្ខាងទៀតបានអះអាងថា គេលក់ដីឲ្យតែចំនួន១២ហិកតាប៉ុណ្ណោះ ចុះហេតុអ្វីពេលរត់ការធ្វើប័ណ្ណកម្មសិទ្ធិ បែរជាសុំធ្វើរហូតដល់ជាង១៣ហិកតា គឺលើសរហូតដល់ជាង១ហិកតា ដែលដីជាង១ហិកតានេះជាដីដែលឈ្មោះ សួស ធារិទ្ធិ បានទិញត្រឹមត្រូវមាន អាជ្ញាធរដឹងឮទៀតផង។ ភាគីរងគ្រោះក៏ស្នើសុំទៅលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជួយពិនិត្យមើលលើមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនផង ជាពិសេសលោក ម៉ាង ណាន ប្រធានភូមិបាលស្រុកឧត្តុងតែម្ដង តាមព័ត៌មានគឺល្បីល្បាញខ្លាំងណាស់។
ពាក់ព័ន្ធគម្រោងចេញប័ណ្ណកម្មសិទ្ធិជាន់លើដីអ្នកដទៃខាងលើនេះ អង្គភាពព័ត៌មាន Fresh News បានព្យាយាមទូរស័ព្ធសុំការបំភ្លឺពីលោកប្រធានមន្ទីររៀបចំដែនដី
ខេត្តកំពង់ស្ពឺ ចំនួន២ ទៅ៣ លើកហើយ តែទូរស័ព្ធចូលមិនមានអ្នកលើកទទទួល។ ចំណែកភាគីម្ខាងទៀត ដែលជាអ្នកស្នើសុំប័ណ្ណកម្មសិទ្ធិ ហើយជាន់មកលើដីលោក សួស ធារិទ្ធ មិនមានលេខទូរស័ព្ធ ដើម្បីសាកសួរព័ត៌មានបានឡើយនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ៕