(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធពិធីរាប់បាត្រចម្រើនព្រះបរិត្តពុទ្ធជ័យមង្គល ដោយនិមន្តព្រះសង្ឃ ៣០០អង្គ រួមទំាងសម្តេចសង្ឃ មកពីគ្រប់វត្តអារាម ក្នុងរាជធានីភ្នំពេញ និងតាមខេត្តនានា, លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបួងសួងសូមសេចក្ដីសុខចម្រើន កើតមានដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗជាពិសេស ជំងឺកូវីដ-១៩ ។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅ ធនាគារ អិម.ជី.អិន អេមផឹរើ ប៊ែង នាថ្ងៃទី១៤ ខែមីនា ឆ្នំា២០២០។ លោក ឱម វិសាល អគ្គនាយកនៃធនាគារ អិម.ជី.អិន បានឱ្យដឹងថា លោក និងបុគ្គលិកក្រោមឱវាទទំាងអស់ បានមូលមតិជាឯកច្ឆន្ទប្រារព្ធពិធីរាប់បាត្រចម្រើនព្រះបរិត្តពុទ្ធជ័យមង្គលឡើង ដើម្បីបួងសួង ជូនពរដល់បុគ្គលិករបស់ធនាគារ និងប្រជាពលរដ្ឋទំាងអស់ទទួលបាននូវសុខសន្តិភាព និងជៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅទូទំាងសកល។
ជានេះទៅទៀត លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទំាងអស់ អនុវត្តតាមការណែនំារបស់ក្រសួងសុខាភិបាល ក្នុងការការពារមេរោគកូវីដ-១៩នេះ ដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ចំណីអាហារឱ្យបានឆ្អិនល្អមុនពេលបរិភោគ។ លើសពីនោះ លោកក៏បានចែកម៉ាស ទឹកលាងដៃ ដល់បុគ្គលិកខ្លួនផងដែរ។
លោក វិសាល បានអំពានាវដល់បណ្ដាក្រុមហ៊ុនទាំងអស់ ចូលរួមការពារដោយអនុវត្តតាមវិធានការតាមក្រសួងសុខាភិបាល កុំស្លន់ស្លោ តែក៏កុំធ្វេសប្រហែស ត្រូវគិតគូរពីសុខភាពរបស់បុគ្គលិក និងអតិថិជន ដើម្បីធានាឱ្យបាននិរន្តភាពប្រតិបត្តិការ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាប្រក្រតី ទិញសម្ភារការពារសម្រាប់បុគ្គលិកឱ្យបានសមស្រប បើសិនជាឃើញករណីមិនប្រក្រតីដូចជាក្អក កណ្តាស់ ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ករ ឬឡើងកម្តៅខុសធម្មតា ត្រូវបញ្ជូនបុគ្គលិកទៅពិនិត្យសុខភាពភ្លាមៗផងដែរ៕