(ភ្នំពេញ)៖ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្ដីសម្រេចឲ្យគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងរដ្ឋ និងឯកជន ឈប់សម្រាកជាបណ្តោះអាសន្ន
(វិស្សមកាលតូចមុនការកំណត់) ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះតទៅ ដើម្បីជាវិធានការការពារទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នោះ គេសង្កេតឃើញនៅតាមគ្រឹះស្ថានអប់រំចំណេះទូទៅទាំងរដ្ឋ និងឯកជន នៅក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមបិទជាបន្ដបន្ទាប់។
ជាក់ស្ដែងសាលាបង្រៀនភាសាចិនទួនហ្វា, សាលាប៊ែលធីអន្ដរជាតិ, សាលាអាមេរិកកាំប៊្រីជ, សាលាបញ្ញាសាស្រ្ដ, សាលាអន្ដរជាតិ Abundant Life និងសាលាផ្សេងៗជាច្រើនទៀត បានប្រកាសជូនដំណឹងពីការផ្អាកសិក្សាជាបន្ដបន្ទាប់ ដោយគោរពទៅតាមសេចក្ដីសម្រេចរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺ Covid-19។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះថា លោកមិនទាន់អាចបញ្ជាក់ចំនួន នៃការបិទសាលារៀនក្រោយពីក្រសួងសម្រេច ឲ្យសម្រាកវិស្សមាកាលតូចមុនការកំណត់នៅឡើយទេ ប៉ុន្ដែលោកអះអាងថា បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ គណៈគ្រប់គ្រងសាលាចំណេះទូទៅទាំងរដ្ឋ និងឯកជន បានធ្វើការយ៉ាងយកចិត្តទុកដាក់ អនុវត្តន៍តាមសេចក្ដីសម្រេចនេះ។
អ្នកនាំពាក្យដដែលរូបនេះបានបញ្ជាក់ថា ការសម្រេចរបស់ក្រសួងអប់រំ ឲ្យមានការឈប់សម្រាកវិស្សមកាលមុនការកំណត់នេះ អនុត្តន៍តែសិស្សពីថ្នាក់មតេយ្យ ដល់ថ្នាក់ទី១២តែប៉ុណ្ណោះ សម្រាប់ថ្នាក់ឧត្តមសិក្សា ក្រសួងកំពុងតែគិតគូរថា គួរធ្វើយ៉ាងណាបន្ដទៀត ហើយអាចនៅដើមសប្ដាហ៍ក្រោយ ក្រសួងនឹងចេញសេចក្ដីជូនដំណឹងថ្មីមួយ ចំពោះការសម្រេចនេះ។
លោកក៏បានបញ្ជាក់ទៀតថា នៅពេលនេះក្រសួងអប់រំបានសហការជាមួយក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអនុវត្តន៍នូវវិធានការអនាម័យ នៅតាមគ្រឹះស្ថានអប់រំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន (វិស្សមកាលតូចមុនកាលកំណត់) នៅសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាលារដ្ឋ និងឯកជនទាំងអស់ នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ក្រសួងអប់រំសូមបញ្ជាក់ថា ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការរកឃើញជាបន្តបន្ទាប់ នូវជំងឺ Covid-19 លើជនបរទេសមួយចំនួន ហើយជាវិធានការការពារទប់ស្កាត់បន្ទាន់ នៃការរីករាលដាលនជំងឺដ៏សាហាវនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងក្រុងសៀមរាបដូចតទៅ៖
១៖ ចាប់អនុវត្តវិស្សមកាលតូចមុនកាលកំណត់ ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះ រហូតដល់ពេលចូលរៀនឡើងវិញ
២៖ សម្រាប់គ្រឹះស្ថានដែលមិនទាន់បញ្ចប់ ការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងឆមាសទី១ ក្រសួងតម្រូវឲ្យយកលទ្ធផលសិក្សាជាមធ្យមភាគ នៃពិន្ទុប្រចាំខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ ជាមធ្យមភាគពិន្ទប្រចាំឆមាសទី១
៣៖ ចំពោះគ្រឹះស្ថានសិក្សាអន្តរជាតិ គណៈគ្រប់គ្រងត្រូវពិគ្រោះយោបល់ជាមួយមាតាបិតាសិស្ស ដើម្បីចាត់វិធានការទប់ស្កាត់ និងអនុវត្តតាមវិធានការបង្ការ និងទប់ស្កាត់របស់អង្គការសុខភាពពិភពលោក
៤៖ ក្នុងអំឡុងវិស្សមកាលតូច មាតាបិតា គ្រប់រូបត្រូវជំរុញឲ្យកូនចៅធ្វើស្វ័យសិក្សា នៅតាមផ្ទះ និងត្រូវមើលថែកូនចៅ និងចៀសវាងទៅកន្លែងមួយចំនួន ដែលប្រឈមមុខនឹងការឆ្លងវីរុស ដូចជាកន្លែងហែលទឹកសាធារណៈ កន្លែងហាត់ប្រាណ សួនកុមារ និងកន្លែងផ្សេងៗទៀត ដែលមានហានិភ័យឆ្លង Covid-19
៥៖ អនុវត្តន៍ការសម្អាតបរិវេណគ្រឹះស្ថានសិក្សា៕