(ភ្នំពេញ)៖ ក្រសួងសុខាភិបាល តាមរយៈបណ្ដាញព័ត៌មាន Fresh News បានបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ផ្ដល់ព័ត៌មាន និងរាយការណ៍ក្នុងករណីសង្ស័យមាន COVID-19 ឬមានចម្ងល់ពាក់ព័ន្ធជំងឺនេះ សូមទាក់ទងមកលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដែលបើបម្រើ២៤ម៉ោង លើ ២៤ម៉ោង។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា រហូតមកដល់ពេលនេះ ក្រសួងបានដាក់មន្ដ្រីប្រចាំការជាច្រើននាក់ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីបម្រើជូនប្រជាពលរដ្ឋ និងឆ្លើយតបជាមួយការទូរស័ព្ទចូលមកលេខ ១១៥ ប្រសិនបើប្រជាពលរដ្ឋមានចម្ងល់ ឬសង្ស័យអំពីបញ្ហានានាពាក់ព័ន្ធ កូវីដ១៩។
បើតាមលោក លី សុវណ្ណ បន្ទាប់ពីដាក់ឲ្យដំណើរការប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍នេះ ក្រសួងសុខាភិបាល បានទទួលព័ត៌មាន និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានយ៉ាងច្រើន និងរហ័សទាន់ចិត្ត នៅពេលមានការហៅចូលណាមួយ។ លោកថា ក្រសួងបន្ដអំពាវនាវឲ្យពលរដ្ឋទូរស័ព្ទមកលេខ ១១៥ ក្នុងករណីសង្ស័យណាមួយ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ក្រុមជំនាញបច្ចេកទេស ក្រសួងទូរគមនាគមន៍កម្ពុជា ដែលបានជួសជុល Server លេខ១១៥ ដំណើរការឡើងវិញ និងអរគុណដល់ថ្នាក់ដឹកនាំក្រសួងទូរគមនាគម៍។ សូមបងប្អូនសាធារណជនទាំងអស់ បន្តទូរស័ព្ទចូលលេខ១១៥ ដើម្បីសួរព័ត៌មា នទាក់ទងនឹងជំងឺកូវីដ-១៩ តាមការគួរជាមួយមន្រ្តីជំនាញ៕