(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន ១៧អណ្តូងបន្ថែមទៀត គិតជាទឹកប្រាក់ចំនួន ៣២,៣០០ដុល្លារអាមេរិក (បីម៉ឺនពីរពាន់បីរយដុល្លារអាមេរិក) សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ២៧៥គ្រួសារ (ស្មើនឹងមនុស្ស ១,០៥៨នាក់) រស់នៅតំបន់រាំងស្ងួតខ្លាំង ក្នុងឃុំរុងរឿង ឃុំរមនីយ ឃុំរមទម និងឃុំរំដោះ នៃស្រុករវៀង ខេត្តព្រះវិហារ។
នេះជាការផ្តល់អណ្តូងទឹកស្អាត ក្នុងជំហានទី២ ឆ្នាំ២០២០ សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះ វិហារ ដែលជំហានទី១ ខេត្តព្រះវិហារ ទទួលបានអណ្តូងចំនួន ១៩អណ្តូង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
សូមបញ្ជាក់ថា នៅដើមឆ្នាំ២០២០ គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន១៣៥អណ្តូង គិតជាទឹកប្រាក់ចំនួន ២៨៥,២៦២ដុល្លារអាមេរិក (ពីរសែនប្រាំបីម៉ឺនប្រាំពាន់ពីររយហុកសិបពីរដុល្លារអាមេរិក) សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ២,៩០៩គ្រួសារ (ស្មើនឹង១១,៦៥៧នាក់) រស់នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្តចំនួន៦ ដែលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំង។
ក្នុងចំណោមអណ្តូងទាំង ១៣៥អណ្តូងខាងលើនេះ មានអណ្តូងចំនួន ១៣អណ្តូង សម្រាប់ខេត្តមណ្ឌលគិរី, ១៣អណ្តូង សម្រាប់ខេត្តស្ទឹងត្រែង, ៣៦អណ្តូង សម្រាប់ខេត្តព្រះវិហារ, ១៥អណ្តូងសម្រាប់ខេត្តកំពង់ស្ពឺ, ១៤អណ្តូងសម្រាប់ខេត្តរតនគិរី និង ៤៤អណ្តូងសម្រាប់ខេត្តប៉ៃលិន។
គួររំលឹកផងដែរថា គិតចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស តាមរយៈការផ្តល់អណ្តូងទឹកស្អាតចំនួន ១,៦៩៥អណ្តូង ព្រមទាំងស្រះទឹកសហគមន៍ និងស៊ីទែនទឹកជាច្រើនទៀត។ ដោយឡែក ក្នុងឆ្នាំ២០១៩ កន្លងទៅ កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងសរុបចំនួន៧៥អណ្តូង សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋចំនួន ២,៨៥៨គ្រួសារ ស្មើមនុស្ស ១០,៧៦៩នាក់៕