(រតនគិរី)៖ ដំរីឈ្មោលចុះប្រេងមួយក្បាលមានភាពសាហាវ បានចាប់បោកក្មេងប្រុសម្នាក់ផ្ទុបគល់ឈើ បណ្ដាលឲ្យស្លាប់ នៅខេត្តរតនគិរី។
ហេតុការណ៍នេះកើតនៅវេលាម៉ោង0៩៖១១នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចភ្នំក្រូច ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់។
បន្ទាប់ពីសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំល្បាំង២ ចុះទៅដល់ ប៉ុន្តែក្មេងនោះត្រូវម័រដំរីដឹកទៅពេទ្យ ដោយរបួសធ្ងន់ មិនអាចជួយសង្គ្រោះ។
បើតាមនគរបាលប៉ស្តិ៍ល្បាំង២ ប្រាប់ឲ្យដឹងថា ដំរីឈ្មោលឈ្នោះ ប៉ុក ម៉ាយ អាយុ៣២ឆ្នាំ មានម្ចាស់ឈ្មោះ ខៃ ចិន្តា ម្ចាស់សណ្ឋាគារទែរូ នៅក្រុងបានលុង ខេត្តរតនគិរី។ រីឯម័រដំរីឈ្មោះ ប៊ុន រឿង ផ្លាល អាយុ៣១ឆ្នាំ ជនជាតិព្រៅ (រត់គេចខ្លួនបាត់) និងក្មេងរងគ្រោះ ឈ្មោះ ហៀក ជៀវ អាយុ១០ឆ្នាំ ជនជាតិព្រៅ សិស្សថ្នាក់ទី១០ មានទីលំនៅកន្លែងកើតហេតុខាងលើ, សមត្ថកិច្ចកំពុងតែចាត់ចែងតាមនីតិវិធីច្បាប់។
បច្ចុប្បន្ន សពក្មេងរងគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណីបងប្អូនជាតិ។ ទាក់ទិញទៅនឹងករណីខាងលើនេះ លោក នូ ថេ អភិបាលស្រុកលំផាត់ បានឲ្យដឹងនៅរសៀល ថ្ងៃដដែលនេះថា ដំរីឈ្មោលខាងលើ កន្លងមកធ្លាប់ចុះប្រេងម្តងរួចមកហើយ, រហូតដល់ថ្ងៃនេះ ដំរីឈ្មោលនេះ ចុះប្រេងម្តងទៀត មានភាពកាចសាហាវ សូម្បីតែម័រដំរី មើលថែទាំរាល់ថ្ងៃ នៅតែមិនស្តាប់ទៀត បណ្តាលឲ្យស្លាប់ក្មេងសិស្ស សាលាម្នាក់ស្លាប់យ៉ាងអណោចអធ៌មបែបនេះ៕