(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង សំណូមពរដល់វត្តអារាមទាំងអស់ ព្រះសង្ឃគ្រប់ព្រះអង្គ ជួយផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ជំងឺឆ្លងនានា និងការបង្ការគ្រោះមហន្តរាយផ្សេងៗ ដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់។
ការថ្លែងរបស់លោកអភិបាលខេត្ត បែបនេះក្នុងឱកាសអញ្ជើញជាតំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា នៅក្នុងវត្តពោធិសិរី ស្ថិតក្នុងឃុំដំរីពួន ស្រុកស្វាយអន្ទរ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ។
លោក ជា សុមេធី បានលើកឡើងថា មានតែម្លប់សុខសន្តិភាព ទើបធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើន មានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងពុទ្ធចក្រ និងអនាចក្រ។ លោកបានថ្លែងនូវការកោតសរសើរ ចំពោះព្រះតេជគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសប្បុរសជនជិតឆ្ងាយប្រជាពលរដ្ឋទាំងអស់ ដែលចូលរួមចំណែក និងផ្ដល់វិភាគទានសម្រាប់កសាងសមិទ្ធផល ឧបដ្ឋានសាលា របង ជីកស្រះទឹក ចាក់ដីបំពេញទីធ្លាវត្តនេះ រហូតសម្រេចរួចរាល់ជាស្ថាពរ ដែលយើងទាំងអស់គ្នាឃើញប្រាកដនាពេលនេះ ដើម្បីទុកជាប្រយោជន៍សម្រាប់ពុទ្ធសាសនិក តាមនិយមព្រះពុទ្ធសាសនារបស់ប្រជាពលរដ្ឋទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
លោកបន្តថា ភាពរីកចម្រើនទាំងអស់នេះ គឺឆ្លុះបញ្ចាំងនូវការយកចិត្តដាក់របស់រាជរដ្ឋាភិបាលចំពោះ សិទ្ធិសេរីភាព ខាងជំនឿសាសនា និងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក្នុងពេលដែលប្រទេសកម្ពុជាយើង មានសន្តិភាពពេញលេញ មានស្ថេរភាពល្អ និងមានការរីកចម្រើន លើគ្រប់វិស័យដូចសព្វថ្ងៃ។
លោកអភិបាលខេត្តបានបន្តទៀតថា ទន្ទឹមនឹងនេះដោយពិនិត្យឃើញសេចក្តីត្រូវការបន្ទាន់របស់ប្រជាពលរដ្ឋ រដ្ឋាភិបាលបានខិតខំ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តនានារួមមាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រជាដើម សម្រាលជាប្រយោជន៍ក្នុងការលើកកម្ពស់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ឲ្យកាន់តែមានភាពប្រសើឡើង។
សូមបញ្ជាក់ថា សមិទ្ធផលដែលត្រូវដាក់សម្ពោធឆ្លងនាពេលនេះ ឧបដ្ឋានសាលា៣ខ្នង សង់ពីបេតុងប្រក់ក្បឿងទំហំ ៣២ម៉ែត្រ ទទឹង២១ម៉ែត្រ របងវត្តប្រវែង៣៦៥ម៉ែត្រ, កម្ពស់១.៧ម៉ែត្រ, ស្រះទឹក ទំហំ២០ គុណ៣០ម៉ែត្រ ជម្រៅ៥ម៉ែត្រ, ចាក់ដីបំពេញទីធ្លាវត្ត វច្ចកុដិ១ខ្នង ៥បន្ទប់ ចំណាយថវិកាសាងសង់អស់ចំនួន ២៩៦,៨៧៦ដុល្លារ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបំពាក់មេដៃជូនដល់សប្បុរសជនដែលមានស្នាដៃក្នុងការកសាងវត្ត និងបានប្រគេនបច្ច័យសម្រាប់កសាងវត្តចំនួន ២២លានរៀល លោកគ្រូពេទ្យចំនួន១០នាក់ ក្នុងម្នាក់ៗ១ម៉ឺនរៀល, លោកគ្រូ អ្នកគ្រូ ចំនួន២៥នាក់ ក្នុងម្នាក់ៗ១ម៉ឺនរៀល, យុវជនកាកបាទក្រហម ៥០នាក់ យុវជនស.ស.យ.ក ៥០នាក់, យុវជនកាយារិទ្ធ ចំនួន៥០នាក់ ម្នាក់ៗទទួលបាន១ម៉ឺនរៀល, សិស្សានុសិស្ស ចំនួន៣០១នាក់ ម្នាក់ៗទទូលបាន៥ពាន់រៀល, សម្ភារសិក្សាមួយកញ្ចប់ យាយជី តាជី ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល៕