(ភ្នំពេញ)៖ ក្រុមក្មេងទំនើង១ក្រុមមានគ្នាចំនួន ៣នាក់ បានធ្វើសកម្មភាពប្រើដាវ ២ដើមស្ទាក់កាប់ទៅលើយុវជន ២នាក់បណ្តាលឲ្យរងរបួសធ្ងន់នៅសល់ដង្ហើមចង្រិត ហើយបន្ទាប់ពីធ្វើសកម្មភាព កាប់ចាក់ទៅលើជនរងគ្រោះហើយនោះ បានព្យាយាមរត់គេចខ្លួនបានមួយថ្ងៃប៉ុណ្ណោះ ត្រូវបានកម្លាំងនគរបាល នៃអធិការរដ្ឋានស្រុកអង្គស្នួល តាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
លោក ថាច់ សុវណ្ណា ប្រធានផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកអង្គស្នួល បានប្រាប់ឲ្យដឹងនៅថ្ងៃ១៤ ខែមីនា ឆ្នាំ២០២០នេះថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី១២ ខែមីនា ២០២០វេលាម៉ោង ៨៖៥នាទីនៅចំណុចភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោក ថាច់ សុវណ្ណា បានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ សែម ស៊ីធួន អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅការដ្ឋានសំណង់ភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកកាប់)
*ទី២៖ ឈ្មោះ ភា សម័យ អាយុ២០ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល
*ទី៣៖ ឈ្មោះ ហ៊ន ចន្នី អាយុ១៨ឆ្នាំ មុខរបរជាងដែកស្នាក់នៅការដ្ឋានសំណង់ភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល រួមទាំងវត្ថុតាងទូរស័ព្ទម៉ាកវីវូ (ViVO)១គ្រឿង ដាវ ២ដើម។
ចំណែកឯជនរងគ្រោះ២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ សុត សុភក្រ្តា អាយុ២២ឆ្នាំ មុខរបរជាងដែក នៅភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (ម្ចាស់ម៉ូតូ)
*ទី២៖ ឈ្មោះ អឿន សុខណា អាយុ៣០ឆ្នាំ មុខរបរជាងដែក នៅភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (រងរបួសក្បាលធ្ងន់)។
ម៉ូតូម៉ាកសង់សេរី២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1Y-6622 ត្រូវជនដៃដល់កាប់បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
លោក ថាច់ សុវណ្ណា បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូទៅទិញទឹកត្នោតជូរតាមផ្លូវដីឡូតិ៍ មានកញ្ចុះអង្គុយលេង ហើយមានគេបាញ់ដោយជំពាមកៅស៊ូពេល ត្រឡប់ទៅវិញ។
ពេលនោះដែរជនសង្ស័យបានត្រឡប់ទៅវិញ ដើម្បីហៅបក្ខពួកមកកន្លែងកញ្ចុះដីឡូត៍ កន្លែងបាញ់ជំពាមនោះ។ ខណៈពេលមកដល់ស្រាប់តែឃើញម៉ូតូជនរងគ្រោះ ជិះមកទើបជនសង្ស័យ នាំគ្នាស្ទាក់ម៉ូតូហើយកាប់ទៅលើជនរងគ្រោះឈ្មោះ អឿន សុខណា របួសត្រង់ក្បាលជាទម្ងន់ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃ និងម៉ូតូត្រូវក្រុមជនសង្ស័យកាប់បណ្តាលឲ្យ ខូចខាតជាដំណំ។
លោក ថាច់ សុវណ្ណា បានបញ្ជាក់ថា ក្រុមជនដៃដល់បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ និងម៉ូតូពិតប្រាកដមែន ខណៈដែលពួកគេបានមកពីទិញទឹកត្នោតជូរវិញ មានគេបាញ់ និងជំពាមកៅស៊ូត្រូវម៉ូតូរបស់ខ្លួន ទើបធ្វើឲ្យរូបគេខឹងសំបាយ៉ាងខ្លាំង រួចក៏បានទៅយកដាវ និងហៅបក្ខពួក ២នាក់ មកតាមរកកាប់ជនរងគ្រោះតែម្តង។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕