(កណ្ដាល)៖ ក្មេងៗដុតសំរាម តែភ្លើងឆេះរាលដល់ព្រៃក្រោយភូមិ បង្កការភ្ញាក់ផ្អើល ដោយសារអគ្គិភ័យមានទំហំធំគួរសម ទើបពលរដ្ឋរាយការណ៍ទៅនគរបាលឲ្យជួយ ភ្លាមនោះ កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានគរបាលខេត្តកណ្តាល និងប្រជាពលរដ្ឋសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានជួយគ្នាបាញ់ទឹក ពន្លត់បានទាន់វេលា។
ហេតុការណ៍ភ្លើងឆេះនេះ បានកើតឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១១៖១០នាទី នៅចំនុចព្រៃក្រោយភូមិព្រែកថី្ម សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមមន្ដ្រីនគរបាល បានឲ្យដឹងថា ប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងទទួលផែនការងារបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ខណៈកម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ខេត្តចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២គ្រឿង ស្មើនឹង១៤ម៉ែត្រគូប ទើបរលត់ជាស្ថាពរ។
ទន្ទឹមនឹងករណីអគ្គិភ័យនេះ លោកស្នងការរង សំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការគ្នា ដោយប្រុងប្រយ័ត្នចំពោះភ្លើងចង្រ្កានបាយ ខ្សែរភ្លើងអគ្គិសនី ការអុជទៀន-ធូប ពិសេសកុំបណ្ដោយឲ្យក្មេងៗលេងភ្លើង មិនថាភ្លើងអ្វីក៏ដោយ សូមមានការប្រុងប្រយ័ត្ន ដោយសារខែនេះជាខែក្ដៅផង ដូច្នេះសូមចូលរួមប្រុងប្រយ័ត្នទាំងអស់៕