(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា នាពេលបច្ចុប្បន្ននេះ ក្រសួងវប្បធម៌ កំពុងតែបន្ដធ្វើការទាមទារ យកវត្ថុបុរាណដែលកម្ពុជាបាត់បង់នៅក្នុងសង្គ្រាម ពីសហរដ្ឋអាមេរិក ខណៈមានរូបសំណាក់៤២ហើយ បានទាមទារត្រឡប់មកកម្ពុជាវិញ។
ការអះអាងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រី ភឿង សកុណា ចូលរួមក្នុងកិច្ចពិភាក្សា «ស្ត្រីក្នុងការការពារវប្បធម៌» ដែលរៀបចំដោយស្ថានទូតអាមេរិក ប្រចាំកម្ពុជា រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសារមន្ទីរជាតិ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោកស្រី ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា «នៅឆ្នាំ២០១៩ យើងទទួលបាននូវរូបសំណាក់វត្ថុបុរាណចំនួន៤២ ពីសហរដ្ឋអាមេរិក ហើយយើងកំពុងតែធ្វើការបន្ដទៀត ដើម្បីទាមទារយកឲ្យបានច្រើនបំផុត នូវអ្វីដែលយើងបាត់បង ដែលមាននៅសហរដ្ឋអាមេរិក»។
លោកស្រី ភឿង សកុណា បានបញ្ជាក់ទៀតថា «ក្នុងការងារនេះ យើងបានធ្វើការយ៉ាងជិតស្និត ជាមួយដៃគូរបស់ស្ថានទូត ដើម្បីស្វែងរក តាមរក នូវវត្ថុបុរាណខ្មែរ ដែលបានបាត់បង់ទៅ»។
ទន្ទឹមគ្នានោះ លោកស្រី ភឿង សកុណា ក៏បានឲ្យដឹងផងដែរថា តាំងពីឆ្នាំ២០០១ មកដល់ពេលឥលូវនេះ នៅក្នុងផ្នែកវប្បធម៌ សហរដ្ឋអាមេរិក បានជួយផ្នែកវប្បធម៌កម្ពុជា អស់ទឹកប្រាក់ចំនួន៤.៥លានដុល្លារសហរដ្ឋអាមេរិកហើយ។
រដ្ឋមន្ដ្រីក្រសួងវប្បធម៌ បានបញ្ជាក់ថា ជំនួយទាំងអស់នេះ ផ្នែកទៅលើកិច្ចការ ដូចជា ការជួលជុលប្រាសាទ ដែលរួមមាន ប្រាសាទបាក់ខែង ប្រាសាទបន្ទាយស្រី នៅ ព្រះវិហារជាដើម និងម្យ៉ាងទៀត បង្កើតនូវសារមន្ទីរភ្នំ ដា នៅ ស្រុកអង្គរបុរី ខេត្តតាកែវ ដែលជាជំនួយបានមកពី មូលនិធីរបស់ស្ថានទូតអាមេរិក។
បន្ថែមពីនោះទៀត លោកស្រី ភឿង សកុណា បានគូសបញ្ជាក់ថា ក្រៅពីការងារនោះ មូលនិធីរបស់ស្ថានទូតអាមេរិក បានផ្ដោតជំនួយទៅលើការ ថែរក្សាលើផ្នែក ខាងសម្លៀកបំពាក់ របស់ជនរងគ្រោះ នៅក្នុងសារមន្ទីរទួលស្លែង ក៏ដូចជាការបង្កើត ការរៀបចំចងក្រងអត្ថបទ ពាក់ព័ន្ធនិងប្រល័យពូជសាសន៍។
លោកស្រីរដ្ឋមន្ដ្រី ភឿង សកុណា ក៏បានលើកឡើងថា ការចូលរួមរបស់សហរដ្ឋអាមេរិក ក្នុងការជួយថែរក្សាបេតិកភណ្ឌជាតិ និងឯកសារនានា ទាក់ទងនិងប្រវិត្ដកម្ពុជា ជាផ្នែកមួយនៃការជួយ យកចិត្ដទុកដាក់ពង្រឹងចំណងមិត្ដភាព រវាងកម្ពុជា និងសហរដ្ឋអាមេរិក ឲ្យកាន់តែរឹងមាំ។
បើតាមលោក W.Patrick Murrphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានឲ្យដឹងថា អាមេរិក-កម្ពុជា បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា រៀងរាល់៥ឆ្នាំម្តង ចាប់តាំងពីឆ្នាំ២០០៣ ដែលមានគោលបំណង ការពារការលួចវត្ថុបុរាណ។
លើសពីនោះទៀត ក៏ដូចជាការគាំទ្រដល់ប្រទេសកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណ ដែលមិនអាចកាត់ថ្លៃបាន និងត្រូវបានលួចចេញពីប្រទេស។ នេះជាការបញ្ជាក់បន្ថែម របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា។
លោក W.Patrick Murrphy បានឲ្យដឹងទៀតថា ស្ថានទូតសហរដ្ឋអាមេរិក បន្តគាំទ្រស្មារតីនៃអនុស្សារណៈយោគយល់ និងដើម្បីធានាថា អាមេរិក-កម្ពុជា ឈានដល់លទ្ធផល នៃផែនការសកម្មភាព៕