(បាត់ដំបង)៖ អនុវត្តតាមអនុសាសន៍របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាថ្ងៃទី១៤ ខែមីនានេះ នាយកដ្ឋានសេវាគាំពាទីក្រុងស្អាត និងជំរុញការប្រលងប្រណាំង បានបើកយុទ្ធនាការសម្អាតសំរាម នៅតាមដងស្ទឹងសង្កែ សាលារៀនមួយចំនួន និងបរិវេណរៀបចំពិធីបុណ្យទន្លេ នៅក្រុងបាត់ដំបង ដើម្បីរួមចំណែធ្វើឱ្យទីក្រុងមានភាពស្អាត បៃតង និងមានអនាម័យ សំដៅចូលរួមអបអរសាទរពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០នេះ។
ក្នុងសកម្មភាពចុះយុទ្ធនាការនេះ គេឃើញមានការចូលរួមពីអាជ្ញាធរខេត្ត និងក្រុងបាត់ដំបង ប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្តជាច្រើននាក់ មកពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សម្ពន្ធយុវជនស្រលាញ់សន្តិភាព សហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តមួយចំនួនទៀត។ ក្រុមការងារក៏បានចូលទៅដល់វិទ្យាល័យសម្ដេចឪទៀត ដោយទទួលបានការសហការ ចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់។
លោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពាទីក្រុងស្អាត និងជំរុញការប្រលងប្រណាំង បានឱ្យដឹងថា ក្រៅពីចូលរួមសម្អាតសំរាម សម្អាតបរិស្ថាននៅតាមបរិវេណរៀបចំ បុណ្យទន្លេហើយនោះ យុទ្ធនាការខាងលើនេះ ក៏បានបញ្ជ្រាបការយល់ដឹងទៅ ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលរស់នៅក្នុងខេត្តបាត់ដំបង និងអ្នកដែលអញ្ជើញមកទស្សនា ពិធីបុណ្យទន្លេទៀតផង។
លោក ហ៊ួត រិទ្ធី បានបន្តថា នៅព្រឹកថ្ងៃនេះផងដែរ ក្រុមការងារនៃនាយកដ្ឋានសេវាគាំពាទីក្រុងស្អាត និងជំរុញការប្រលងប្រណាំង ក៏បានចុះទៅវិទ្យាល័យសម្ដេចឪ ដែលបានចូលរួមសម្អាតនៅក្នុង និងក្រៅបរិវេណសាលា តាមដងវិថីជាដើម ដែលនៅជិតទីតាំងប្រារព្ធពិធីបុណ្យទន្លេ ដោយមានការចែកជូននូវបដាផ្សព្វផ្សាយពាក្យស្លោក និងសម្ភារសម្អាតជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាឱ្យរក្សាភាពស្អាត និងបៃតង ដែលជាការរួមចំណែកមួយក្នុងការអបអរសាទរពិធីបុណ្យទន្លេ។
លោកបានបន្ថែមទៀតថា នៅថ្ងៃម្សិលមិញ ក្រុមការងារនៃនាយកដ្ឋានរបស់លោក សហការជាមួយក្រុមហ៊ុនភេសជ្ជៈកូកាកូឡា បានផ្ដល់ជូននូវធុងសំរាមលក្ខណៈទ្រុងដែកធំៗចំនួន ៤ ជូនទៅសាកលវិទ្យាចំនួន ២ នៅក្នុងក្រុងបាត់ដំបងនេះ គឺសាកលវិទ្យាល័យបាត់ដំបង និងសាកលវិទ្យាល័យប៊ែលប្រាយ ដើម្បីឱ្យនិស្សិតយល់ដឹងពីការបែងចែកសំរាមទៅតាមប្រភេទ និងត្រូវទុកដាក់សំរាមទៅតាមថតនីមួយៗ។
នាឱកាសពិធីបុណ្យទន្លេនេះ ក៏មានការសម្អាតសំរាមនៅតាមទន្លេប្រមាណ ១០ទីតាំងទៀតផងដែរ នៅខេត្តបាត់ដំបង រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តនៅជាប់ដងទន្លេមួយចំនួនទៀត។
លោកបានបញ្ជាក់ទៀតថា ក្រោយពីពិធីបុណ្យទន្លេនេះទៅ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត មានគម្រោងធ្វើយុទ្ធនាការសម្អាតនៅតាមបណ្ដារាជធានី-ខេត្តនានា ដែលនៅជាប់ដងទន្លេទាំងអស់នៅកម្ពុជា មានដូចជាទន្លេសាប និងបឹងទន្លេសាប ទន្លេមេគង្គលើ និងមេគង្គក្រោម ទន្លេបាសាក់ ទន្លេតូចៗ ស្ទឹង ព្រែកផ្សេងទៀតជាដើម ដើម្បីធ្វើឱ្យដងទន្លេរបស់កម្ពុជាស្អាត និងបៃតង រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកាន់តែច្រើនថែមទៀត ដូចអ្វីដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងក្នុងសារលិខិត។
យុទ្ធនាការសម្អាតនៅតាមបណ្ដារាជធានី-ខេត្តនានា ដែលនៅជាប់ដងទន្លេទាំងអស់នៅកម្ពុជានេះ ក៏ទទួលបានការសហការពីសំណាក់អង្គការ និងដៃគូធំៗមួយចំនួន ដូចជាអង្គការ Let's do it អង្គការ River Clean up Belgium ដែលបានផ្ដល់សម្ភារសម្អាតជាច្រើនដល់កម្ពុជា ក៏ដូចជាក្រុមដើរសម្អាតសំរាម។
ជាមួយគ្នានោះ លោក ហ៊ួត រិទ្ធី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ យុវជន មន្ត្រីរាជការ អាជ្ញាធរនៅតាមមូលដ្ឋាន សូមចូលរួមសម្អាតទីក្រុង ទន្លេ ស្ទឹង បឹងបួនៅតាមមូលដ្ឋានរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីរួមចំណែកធ្វើឱ្យកម្ពុជាមានភាពស្អាត និងបៃតង ពិសេសដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ទៀត ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ខាងមុខនេះ៕