(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានរៀបចំទទួលស្វាគមន៍គណៈប្រតិភូរាជរដ្ឋាភិបាល នៅការិយាល័យកណ្តាលរបស់ខ្លួន ដើម្បីបង្ហាញនូវកន្លែងផ្តល់សេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។

ដំណើរទស្សនកិច្ចនេះ ត្រូវបានដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដោយមានវត្តមាន លោក ត្រាំ អ៉ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ ក្រសួងចំនួន១៧រូបផ្សេងទៀត។

ក្នុងដំណើរទស្សនកិច្ចនេះ Wing បានបង្ហាញទៅគណៈប្រតិភូ ពីរបៀបការប្រើប្រាស់បច្ចេកវិទ្យា ទំនើបចុងក្រោយ នៃការធ្វើប្រតិបត្តិការទូតទាត់ហិរញវត្ថុ តាមប្រព័ន្ធឌីជីថលដែលជួយគាំទ្រ ដល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ក៏ដូចអភិបាលកិច្ចអេឡិចអេឡិចត្រូនិច ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើម របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។

លោក ត្រាំ អ៊ីវតឹក បានថ្លែងថា «ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរបៀបដែល វីង បានដាក់ពង្រាយការប្រើប្រាស់បច្ចេកវិទ្យាទំនើបឈានមុខគេ និងវិធីសាស្រ្តផ្សេងៗ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យរីកចម្រើនតាមរយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ។ ដំណោះស្រាយនៃការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល គឺជានិន្នាការសកលមួយដែលមានសារៈសំខាន់បំផុត ក្នុងការលើកកម្ពស់កំណើនរួមប្រកបដោយចីរភាព ខណៈពេលដែលប្រទេសកម្ពុជា កំពុងឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល»។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ឥឡូវនេះ វីង ដែលមានភ្នាក់ងារជាង ៧៥០០កន្លែងទូទាំងប្រទេស ត្រូវបានគេទទួលស្គាល់ និងមានទំនុកចិត្តបំផុត ក្នុងការផ្តល់សេវាហិរញ្ញវត្ថុចល័ត នៅក្នុងទីផ្សារ ហើយមានដៃគូសហការជាង៤ម៉ឺនពាណិជ្ជករ និងសហគ្រាសធំៗ រួមមាន៖ Mastercard, Western Union, និង MoneyGram Wechat និង Alipay។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា «ក្នុងនាមជាអ្នកផ្តល់សេវាធនាគារតាមទូរស័ព្ទចល័តឈានមុខគេមួយនៅកម្ពុជា យើងមានសេចក្តីរីករាយ ដែលប្រតិបត្តិការ អាជីវកម្មប្រចាំថ្ងៃ របស់យើងបានចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត។ វីងកំពុងតែបន្តដំណើរ ជាមួយចក្ខុវិស័យក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបប្រកបដោយ ភាពងាយស្រួល មានការធានា និងរហ័សក្នុងការទទួលបាន សេវាហិរញ្ញវត្ថុតាមទូរស័ព្ទ ដើម្បីធ្វើឲ្យជីវភាពប្រចាំថ្ងៃ របស់ពួកគេកាន់តែល្អប្រសើរ»

ដោយមានអតិថិជនជាង៥លាននាក់ ដែលភាគច្រើនមិនស្ថិតក្នុងបណ្តាញធនាគារនោះ វីង បានគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា ដោយជួយសំរួល ដល់ការធ្វើប្រតិបត្តិការ មានតម្លៃជិត ៩០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស តាមរយៈការធ្វើប្រតិបត្តិការជាង១៣០លាន ដងកាលពីឆ្នាំមុន។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានថ្លែងថា «វីង តែងតែសង្កត់ធ្ងន់ទៅលើការអនុវត្តប្រកបដោយភាពលេចធ្លោ ក្នុងការខិតខំរក្សាប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាពទូទាំងអង្គភាព ក៏ដូចជាពង្រឹងនិរន្តរភាព នៃការឆ្នៃប្រឌិតនៃដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីបំពេញនូវតំរូវការប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជា»

ក្រៅពីផ្តល់សេវាកម្មការផ្ទេរប្រាក់ ទូទាត់វិក្កបត្រ បញ្ចូលលុយទូរស័ព្ទ ដកប្រាក់ និងការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រព័ន្ធអ៊ីនធឺណិត តាមរយៈប្រព័ន្ធអេកូឡូស៊ីចល័ត ដ៏រឹងមាំ វីងផ្តល់សេវាផ្ទេរប្រាក់ ទៅក្រៅប្រទេសដូចជា៖ ហ្វីលីពីន វៀតណាម ថៃ និងកូរ៉េខាងត្បូង ដែលកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៅកម្ពុជា ក៏ដូចជាជាពលករចំណាកស្រុកដែលកំពុងរស់នៅជាង ២០០ ប្រទេសនៅទូទាំងពិភពលោក។

លោក ម៉ានូ រ៉ាចាន់ បានបន្ថែមទៀតថា ពួកគេទាំងនោះ បានជ្រើសរើសដៃគូសហការអន្តរជាតិរបស់វីង ដើម្បីធ្វើការផ្ញើប្រាក់មកកម្ពុជា ប្រកបដោយប្រសិទ្ធភាព តាមរយៈគណនីយវីង មកកាន់សមាជិកគ្រួសាររបស់ពួកគេ៕