(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានប្រកាសជាផ្លូវការ នូវការទទួលព្រះនាងតូច នរោត្តម ជេនណា ជារាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន។
សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើង នៅក្នុងឱកាសចម្រើនព្រះជន្ម គម្រប់៨វស្សា របស់ព្រះនាងតូច ជេនណា ដែលព្រះនាង បានប្រារព្ធពិធីអបអរសាទរ ដោយមានការអញ្ជើញចូលរួម ពីសមាជិកក្រុមហ៊ុន សែលកាត និងមិត្តភក្តិជិតស្និទ្ធមួយចំនួនទៀត នៅឯសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ព្រះនាងតូច ជេនណា គឺជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា និងជាចៅលួតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ អ្នកអង្គម្ចាស់ ត្រូវបានគេស្គាល់ជាទូទៅថា ជា «ព្រះនាងតូច នរោត្តម ជេនណា»។
លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឲ្យដឹងថា នេះគឺជាកិត្តិយសដ៏ធំបំផុតមួយ សម្រាប់ក្រុមហ៊ុនសែលកាត ដែលមានឱកាសបានចូលរួម សហការជាមួយព្រះនាងតូច ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការជួយលើកស្ទួយ ដល់យុវជនក្នុងសម័យឌីជីថល (Digital Generation)។
លោក Watson បានបន្ដទៀតថា «យើងមើលឃើញថា នេះគឺសម្ព័ន្ធភាពដ៏ល្អប្រសើរបំផុតមួយ ពោលគឺក្រុមហ៊ុនបណ្តាញទូរស័ព្ទឈានមុខគេ នៅក្នុងប្រទេសកម្ពុជា បានចាប់ដៃគូសហការជាមួយ បុគ្គលវ័យក្មេងដ៏មានទេពកោសល្យបំផុតរបស់ខ្មែរ ដែលគាត់មានទឹកចិត្តស្រឡាញ់ជាតិ និងចេះយកចិត្តទុកដាក់ ទៅលើអនាគត នៃមនុស្សជំនាន់ក្រោយ»។
លោកបន្ដថា ស្របពេលដែលយើង កំពុងឈានទៅចាប់យកបច្ចេកវិទ្យា 5G យើងមើលឃើញថា ព្រះនាងតូច ជេនណា នឹងអាចជួយជំរុញឲ្យផលិតផល និងសេវាកម្ម ឌីជីថលរបស់ក្រុមហ៊ុន សែលកាត ឈរជើងបានកាន់តែរឹងមាំនៅលើទីផ្សារ ក៏ដូចជាជួយចែករំលែក ឲ្យបានដឹងនូវសមិទ្ធផល ដែលទទួលបានពីការធ្វើកំណែរទម្រង់ ឆ្ពោះទៅកាន់វិស័យឌីជីថលនៅកម្ពុជា។
ក្នុងព្រះជន្ម៨វស្សា ព្រះនាងតូច ជេនណា អាចនិយាយបាន៥ភាសា មានទេពកោសល្យខាងច្រៀង រាំ និងសម្តែង ហើយក្នុងពេលបច្ចុប្បន្ននេះ អ្នកអង្គម្ចាស់ ក៏កំពុងរៀននូវរបាំអប្សរាផងដែរ។
សែលកាត មានប្រវតិ្តជាក្រុមហ៊ុនដ៏សកម្មបំផុតមួយ ក្នុងចាប់ដៃគូជាមួយបុគ្គលវ័យក្មេង ដែលមានទេពកោសល្យ នៅក្នុងស្រុក ដើម្បីជួយបង្កើនទំនាក់ទំនងជិតស្និទ្ធ ជាមួយអតិថិជន ហើយទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុន ក៏បានជួយបណ្តុះនូវបទពិសោធន៍ និងជំនាញទីផ្សារដ៏មានតម្លៃ ជូនដល់ដៃគូសហការ ដោយក្នុងនោះ រួមមាន ទាំងបុគ្គលមានឥទ្ធិពល អ្នកចំរៀង អ្នករាំ និងអ្នកលេងហ្គេមអាជីពជាដើម។
ក្នុងនាមជាក្រុមហ៊ុនរបស់ខ្មែរ និងគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង សែលកាត មានក្តីសោមនស្សជាពន់ពេក ដែលមានឱកាសបានសហការ ជាមួយបុគ្គលវ័យក្មេង មានបុគ្គលិកលក្ខណៈឆ្នើម ដូចជាអ្នកអង្គម្ចាស់ ជេនណា ដើម្បីជួយកសាងអនាគត នៃវិស័យឌីជីថល ឲ្យកាន់តែរីកចម្រើនខ្លាំងទៅមុខទៀត៕