(បាត់ដំបង)៖ ដោយមើលឃើញពីវិសាលភាពផ្ទៃដីខ្មែរដែលទំនេរច្រើននោះ ក្រុមហ៊ុនកែច្នៃកាកាវដ៏ធំមួយរបស់ថៃ បានចាប់ដៃជាមួយក្រុមហ៊ុនខ្មែរ ដើម្បីដាំកាកាវយកគ្រាប់ទៅកែច្នៃធ្វើជាផលិតផលសម្រាប់នាំចេញ។ ក្រុមហ៊ុនទាំងពីរនេះ មិនដាំដើមកាកាវដោយខ្លួនឯងនោះឡើយ គឺស្វែងរកការវិនិយោគជាមួយប្រជាពលរដ្ឋខ្មែរមានដីទំនេរឱ្យដាំដើមកាកាវ ហើយក្រុមហ៊ុនរង់ចាំប្រមូលទិញផ្លែកាកាវយកទៅកែច្នៃ។
លោកស្រី ស៊ុំ សុរង្ស៉ី ម្ចាស់សហគ្រាសហ្វេមីលីកាកាវ (Family Cocoa) ដែលបានចុះកិច្ចព្រមព្រៀមលើការវិនិយោគដាំដុះដើមកាកាវជាមួយក្រុមហ៊ុន K.U.N COCOA NETWORK របស់ថៃ បានពន្យល់ថា កាវិនិយោគដាំដុះនេះ គឺធ្វើតាមទម្រង់កិច្ចសន្យាដាំដុះ។ ពោលប្រជាពលរដ្ឋមានដីទំនេរ ហើយមានបំណងចង់ដាំដុះដំណាំកាកាវ គឺទិញកូនកាកាវពីក្រុមហ៊ុនយកទៅដាំ ដោយមានកិច្ចសន្យាច្បាស់លាស់ជាមួយគ្នាក្នុងការប្រមូលផលមកវិញផងដែរ។
លោកស្រី ស៊ុំ សុរង្ស៉ី បានគូសបញ្ជាក់ថា ផ្លែកាកាវដែលដាំដុះបាននេះ នឹងត្រូវសហគ្រាសលោកស្រីប្រមូលទិញ ហើយលក់បន្តទៅឱ្យក្រុមហ៊ុនរបស់ថៃ ដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីយកទៅកែច្នៃជាផលិតផលផ្សេងៗ។
បើតាមលោកស្រី ស៊ុំ សុរង្ស៉ី ការដាំដុះនេះទៀតសោត មិនអាចចេះតែដាំតាមតែប្រជាពលរដ្ឋចង់ដាំនោះឡើយ គឺក្រុមហ៊ុនខាងថៃកំណត់ឱ្យដាំត្រឹមតែមួយលានដើមប៉ុណ្ណោះ។ ការធ្វើបែបនេះ ដើម្បីធានាថា កាកាវដែលប្រជាពលរដ្ឋដាំដុះបាននឹងមិនត្រូវសល់ទុកចោលនោះឡើយ។
លោកស្រី សុរង្ស៉ី បានឱ្យដឹងថា កូនកាកាវមួយដើមក្រុមហ៊ុនលក់ជូនប្រជាពលរដ្ឋតម្លៃ ១២០០០រៀល តែបើទិញចាប់ពី ១០០ដើមឡើងទៅ ក្រុមហ៊ុនយកថ្លៃពីអ្នកដាំត្រឹមតែ ៧០ភាគរយប៉ុណ្ណោះ ដោយឡែកតម្លៃកូនកាកាវ ៣០ភាគរយទៀត នឹងទូទាត់គ្នាពេលប្រមូលផល។
ម្ចាស់សហគ្រាស Family Cocoa បានគូសបញ្ជាក់ថា ពាក់ព័ន្ធបច្ចេកទេសក្នុងការដាំដុះ គឺក្រុមហ៊ុនមានអ្នកបច្ចេកទេសចុះទៅបង្ហាត់បង្រៀន និងវាយតម្លៃគុណភាពដីជាដើម។ លោកស្រី ស៊ុំ សុរង្ស៉ី បានឱ្យដឹងថា កាកាវជាដំណាំងាយស្រួលដាំមិនតម្រូវឱ្យប្រើប្រាស់ជី ឬថ្នាំច្រើននោះឡើយ ហើយទទួលបានទិន្នផលល្អប្រសើរផងដែរ។ កាកាវអាចប្រមូលផលក្រោយដាំរយៈពេលពីរឆ្នាំ ហើយការប្រមូលផលមិនមានរដូវនោះឡើយ ពោលការប្រមូលផលវិលជុំក្នុងរយៈពេល៣ខែ។
បើតាមលោកស្រី សុរង្ស៉ី ផ្ទៃដីមួយហិកតា អាចដាំកាកាវបាន ៦៣៥ដើម ហើយឆ្នាំដំបូងក្នុងកាកាវមួយដើមអាចទទួលបានផ្លែប្រមាណ ២០គីឡូក្រាម ហើយឆ្នាំបន្តបន្ទាប់អាចកើនទិន្នផលទៅតាមការថែទាំ។ ម្ចាស់សហគ្រាសរូបនេះ ក៏បានបញ្ជាក់ពីតម្លៃផងដែរ ផ្លែកាកាវស្រស់មួយគីឡូក្រាមក្រុមហ៊ុនទិញក្នុងតម្លៃទាបបំផុត ១២០០រៀល ហើយបើតម្លៃលើទីផ្សារឡើងខ្ពស់ក្រុមហ៊ុននឹងទិញខ្ពស់ជាងនេះទៀត។
ដោយឡែកលោកស្រី ផាន់ នី ដែលជាខ្មែរសុរិន្ទតំណាងឱ្យក្រុមហ៊ុន K.U.N COCOA NETWORK របស់ថៃ បានគូសបញ្ជាក់ថា កាកាវអាចយកទៅកែច្នៃជាផលិតផលច្រើនយ៉ាងដូចជានំចំណី ជាម្សៅបម្រើក្នុងវេជ្ជសាស្ត្រ និងគ្រឿងសម្រាប់រក្សាសម្ផស្សផងដែរ។
លោកស្រី ផាន់ នី បានអះអាងថា ការដែលក្រុមហ៊ុនសម្រេចចិត្តចាប់ដៃគូវិនិយោគការដាំដុះនៅក្នុងប្រទេសកម្ពុជា ដោយសារឃើញកម្ពុជាមានផ្ទៃដីទំនេរច្រើនដែលអំណោយផលខ្ពស់សម្រាប់ដំណាំកាកាវ។
តំណាងក្រុមហ៊ុនរបស់ថៃរូបនេះ ក៏បានអះអាងផងដែរពីការប្រមូលទិញផ្លែកាកាវទៅវិញនៅពេលប្រជាពលរដ្ឋដាំដុះបាន។ បើតាមតំណាងក្រុមហ៊ុនជាខ្មែរសុរិន្ទរូបនេះ បានធានាថា នៅពេលប្រជាពលរដ្ឋដាំដុះបាន គឺក្រុមហ៊ុនទិញអស់មិនទុកឱ្យចាល់ចោលនោះឡើយ ព្រោះមានកិច្ចសន្យាត្រឹមត្រូវ និងមួយវិញទៀតផលិតផលកាកាវលើទីផ្សារមានតម្រូវការខ្ពស់។
លោកស្រី ផាន់ នី បានបញ្ជាក់ថា អ្វីដែលក្រុមហ៊ុនចង់បានក្នុងការវិនិយោគលើការដាំដុះនេះ មិនមែនចង់បានកម្រៃពីការលក់កូនកាកាវនោះឡើយ អ្វីដែលក្រុមហ៊ុនចង់បាន គឺផ្លែកាកាវ ដើម្បីយកគ្រាប់ទៅកែច្នៃជាផលិតផលផ្សេងៗ។
ប្រជាពលរដ្ឋខ្មែរមានដីហើយចង់ដាំដុះដំណាំកាកាវនេះ អាចទាក់ទងជាមួយក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ៖ 017 379 730/ 088 816 16 15/ 079 761 01 40៕