(កំពត)៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ស្អែកនេះ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងបើកសមយុទ្ធនាគមាស ឆ្នាំ២០២០ រួមគ្នាលើកទី៤ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» ដែលសមយុទ្ធនេះ មានលក្ខណៈធំជាងលើកមុន ស្ថិតនៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគីរី របស់កងពលតូចថ្មើរ ជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។
ពិធីបើកសមយុទ្ធនាគមាស ឆ្នាំ២០២០នេះ នឹងធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណប្រជាមានិតចិនប្រចាំកម្ពុជា។ ដោយឡែកពិធីបិទសមយុទ្ធនឹងធ្វើឡើង ក្រោមអធិបតិភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំ សមយុទ្ធនាគមាសឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា-ចិន បានឱ្យដឹងថា សមយុទ្ធលើកទី៤នេះដែរ កងទ័ពរំដោះប្រជាជនចិន នឹងបញ្ជូនកងទ័ពចូលរួមមានចំនួន ២៥៦នាក់ ដោយឡែកកងយោធពលខេមរភូមិន្ទ បញ្ជូនកម្លាំង ចូលរួមចំនួន ២,៧៤៦នាក់ ក្នុងនោះមានកម្លាំងចូលរួមធ្វើសមយុទ្ធ ដោយផ្ទាល់មានចំនួន ៤៦៣នាក់ ហើយក្រៅពីនោះសុទ្ធតែកម្លាំងសម្រាប់ពិធីបើក និងបិទសមយុទ្ធ។
ចំពោះគ្រឿងបំពាក់សម្រាប់ធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០នេះ គឺភាគីកងយោធពលខេមរភូមិន្ទ ប្រើប្រាស់ឧត្ថម្ភាកចក្រ ចំនួន៤គ្រឿង រថក្រោះ T55 ចំនួន១០គ្រឿង រថពាសដែក DMT1 ចំនួន១២គ្រឿង និងកាំភ្លើងធំ ១២២ D30 ៦គ្រឿង ព្រមទាំងកាំភ្លើងត្បាល់ចំនួន ១២ដើម រួមជាមួយនឹងកាំភ្លើងស្វយប្រវត្តិជាច្រើនដើមទៀត ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, ឧបករណ៍សម្រាប់រំដោះចំណាត់ខ្មាំង និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាដើម។ល។
ដោយឡែកភាគកងទ័ពរំដោះប្រជាជនចិន នឹងប្រើប្រាស់ឧត្ថម្ភាកចក្រ ចំនួន ៦គ្រឿង, កាំភ្លើងធំ ១២២ D30 ចល័ត ចំនួន ៣ដើម, រថពាសដែក ចំនួន ៩គ្រឿង ព្រមទាំងគ្រឿងយន្តដទៃទៀត សម្រាប់បម្រើដល់ការងារសមយុទ្ធនាគមាស ឆ្នាំ២០២០នេះ ចំនួន២៨គ្រឿង និងឧបករណ៍ជាច្រើនទៀតផងដែរ។
នេះជាលើកទី៤ ហើយ ដែលកងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាសរួមគ្នា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០១៩។ ចំណែកលទ្ធភាពនៃការធ្វើសមយុទ្ធក៏កាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕