(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះថា បន្ទាប់ពីយកសំណាករបស់កូនៗទាំង២នាក់ របស់បុរសជនជាតិកាណាដា ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស័រកម្ពុជា នៅពេលនេះចេញលទ្ធផលហើយ គឺកូនៗទាំង២នាក់នោះ គ្មានផ្ទុកវីរុស Covid-19 នោះឡើយ។
លោកស្រី វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «លទ្ធផលនៃការធ្វើតេស្តសំណាកលើកូនទាំង២នាក់ របស់បុរសជនជាតិកាណាដា ដែលជាបុគ្គលិកបម្រើការងារ នៅសាលារៀន CIS សាខាកោះពេជ្រ គឺអវិជ្ជមាន បានន័យថា គ្មានផ្ទុក Covid-19 ដូចឪពុករបស់ពួកគេឡើយ»។
សូមជម្រាបថា បុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំ ដែលរកឃើញមាន Covid-19 នោះ (ម្នាក់ក្នុងចំណោមមនុស្សពីរនាក់ ដែលក្រសួងប្រកាសកាលពីម្សិលមិញ) បានធ្វើដំណើរមកពីប្រទេសថៃ មកកម្ពុជា នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ ក្រោយពីត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ គាត់មានអាការៈមិនស្រួលខ្លួន ក៏ទំនាក់ទំនងក្រុមគ្រូពេទ្យពិនិត្យ។ នៅថ្ងៃទី១២ ក្រុមគ្រូពេទ្យបានពិនិត្យ និងយកសំណាកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស័រកម្ពុជា ហើយមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ទើបលទ្ធផលបញ្ជាក់ថា បុរសនោះមានផ្ទុកវីរុស Covid-19។
បន្ទាប់ពីរកឃើញថា មាន Covid-19 ហើយបរុសជនជាតិកាណាដារូបនេះបានរស់នៅក្នុងផ្ទះមួយ ជាមួយកូន២នាក់ ដែលត្រូវឲ្យក្រុមគ្រូពេទ្យត្រូវយកសំណាក របស់កូនៗទាំង២នាក់នោះ ទៅធ្វើតេស្តពិនិត្យរក Covid-19 ផងដែរ ហើយនៅនេះក្រសួងសុខាភិបាលបញ្ជាក់ថា លទ្ធផលអវិជ្ជមាន។
សូមបញ្ជាក់ថា រហូតដល់ពេលនេះគិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានសម្រេចដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ៕