(កោះកុង)៖ លោក ប្រាក់ ប៊ុនថង អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំកោះស្តេច បាននាំយកអំណោយកុំព្យូទ័រចំនួន ១១គ្រឿង និងសម្ភារសិក្សាមួយចំនួនទៀតរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិប្រគល់ជូនបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន កោះស្តេច ខេត្តកោះកុង។
ពិធីនេះក៏មានការអញ្ជើញពីសំណាក់ក្រុមប្រឹក្សាស្រុក អាជ្ញាធរស្រុក ឃុំ កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មន្ត្រីរាជការជុំវិញស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស សរុបប្រមាណ ២៩០នាក់ ផងដែរ។
ជំនួសមុខឱ្យសម្តេចពិជ័យសេនា ទៀ បាញ់, លោក ប្រាក់ ប៊ុនថង ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងណែនាំជំរុញលើកទឹកចិត្តឱ្យប្អូនៗ ខិតខំសិក្សារៀនសូត្រ គឺមានតែការរៀនសូត្រទេទើប ប្អូនៗរួចផុតពីការលំបាកទាំងនេះឈានទៅជីវិតជោគជ័យល្អប្រសើរទៅថ្ងៃអនាគត ហើយប្អូនៗគឺធនធានមនុស្សដ៏សំខាន់សម្រាប់ចូលរួមចំណែក អភិវឌ្ឍន៍នាពេលអនាគត ដូចនេះប្អូនៗ ត្រូវចំណាយពេលខ្លះ សម្រាប់ការសិក្សារៀនសូត្រ។
លោក ប្រាក់ ប៊ុនថង បានបន្តថា បើទោះបីជាការងារខុសគ្នា ហើយការលំបាកក៏ខុសគ្នាដែរ ក៏ប៉ុន្តែការងារអ្វីក៏មានតម្លៃរបស់វាដែរ។ ទន្ទឹមនឹងនោះប្អូនៗ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសប្អូនៗត្រូវយកចិត្ត ទុកដាក់ខ្ពស់លើបញ្ហាសុខភាព និងមានអនាម័យគ្រប់ពេលវេលាមុនពេលកាន់របស់ញាំ ព្រោះបើមានជំងឺត្រូវខាត់បង់ទាំងថវិកា និងពេលវេលាផងដែរ។
លោកបានបន្ថែមទៀតថា នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ធនធានមនុស្សបានក្លាយជាអាទិភាពទី១វិញ ហើយផ្លូវ ភ្លើង និងទឹក បានក្លាយជាអទិភាពបន្តបន្ទាប់។ ការអភិវឌ្ឍធនធានមនុស្ស រួមមាន ទី១៖ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាស្ថាន និងបច្ចេកទេស, ទី២៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ទី៣៖ ការលើកកម្ពស់ សេវាសុខភាពសាធារណៈ និងអាហាររូបត្ថម្ភ និងទី៤៖ ការពង្រីកសមភាពយេនឌ័រ និងការគាំពារសង្គម។
ចំណែកលោកនាយកសាលា បានថ្លែងអំណរគុណដល់សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងលក្រុមការងារ ដែលបាននាំអំណោយជាសម្ភារសិក្សាប្រគល់ជូនសាលា ដែលអំណោយទាំងនេះ បានឆ្លើយតបទាន់ពេលវេលាតម្រូវការចាំបាច់របស់សាលាសម្រាប់កម្មវិធីសិក្សារបស់កូនសិស្សទាំងបឋមសិក្សា និងវិទ្យាល័យ ដែលអំណោយទាំងនេះ គឺគ្មានអ្វីអាចកាត់ថ្លៃបាននោះទេ៕