(ស្ទឹងត្រែង)៖ ស្នងការនគរបាលខេត្តស្ទឹងត្រែងលោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ដែលទើបនឹងចូលកាន់តំណែងថ្មី បានបញ្ជាឲ្យកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំលោកវរសេនីយ៍ឯក វ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបសិប្បកម្មល្មើសច្បាប់ចំនួន ២កន្លែង ប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ផងដែរ។
លោកវរសេនីយ៍ឯក វ៉ា សុផាន់ បានបន្តឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញបានចុះបង្ក្រាប សិប្បកម្មចំនួន ២កន្លែង នៅក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងកាលពីថ្ងៃទី០៩ ខែមីនាកន្លងមកនេះ ក៏មានការបង្ក្រាបរថយន្តសាំយ៉ុងដឹករឈើប្រណិតខុសច្បាប់មួយគ្រឿង ប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើផងដែរ។
លោកវរសេនីយ៍ឯក បានបន្តទៀតថា «ក្នុងការចុះបង្ក្រាបសិប្បកម្មខុសច្បាប់នេះ យើងបានចុះស្រាវជ្រាវរកឃើញសិប្បកម្មខុសច្បាប់ជាច្រើនកន្លែង តែដោយឡែក៣កន្លែងហាក់បីដូចជាដឹងមុន ពួកគេបានដឹកយកទៅលាក់ទុកអស់ ចំណែកពីរកន្លែងយើងបានចុះដល់ទីតាំង និងរកឃើញឈើប្រភេទសុក្រំ និងឈើផ្ចិតប្រមាណជា៥ ទៅ ៦ម៉ែត្រគូប ហើយពេលនេះកម្លាំងជំនាញកំពុងតែឈរជើង នៅចំណុចទីតាំង បង្ក្រាបរង់ចាំផ្នែករដ្ឋបាលព្រៃឈើថាឡាចុះមកដល់ផងដែរ។
សូមបញ្ជាក់ថា បទល្មើសព្រៃឈើនៅក្នុងស្រុកថាឡាបរិវ៉ាត់ ជាពិសេសសិប្បកម្មខុសច្បាប់ទោះ ជាមានការបង្ក្រាបជាញឹកញាប់យ៉ាងណាក៏ដោយតែសិប្បកម្មនោះ នៅតែកើតមានបង្ក្រាបមិនចេះអស់ នៅតែកើតមានឥតឈប់ឈរ ដោយសារតែរដ្ឋបាលព្រៃឈើក្នុងស្រុកនោះ មិនបានបង្ក្រាបទើបកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបប្រគល់ជូនដូច្នេះ។
បច្ចុប្បន្នឈើទាំងនេះ សមត្ថកិច្ចកំពុងតែឈរជើងនៅទីតាំងនោះ ធ្វើកំណត់ហេតុប្រគល់ទៅឲ្យផ្នែករដ្ឋបាលព្រៃឈើថាឡា ដើម្បីយករថយន្តធ្វើការដឹកជញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ ធ្វើការវាស់វែងចាក់ការទៅតាមនីតិវិធីផងដែរ៕