(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា បានជូនដំណឹងជាបន្ទាន់មួយទៅឯកអគ្គរាជរដ្ឋទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសរបស់កម្ពុជា ប្រចាំនៅបរទេសទាំងអស់ ឲ្យផ្អាកការផ្ដល់ទិដ្ឋាការគ្រប់ប្រភេទដល់ជនបរទេស ដែលមកពីប្រទេសបារាំង អ៉ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ដែលត្រូវបានរាជរដ្ឋាភិបាលដាក់បម្រាម ចូលមកប្រទេសកម្ពុជា ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០តទៅ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩។
នេះបើយោងតាមលិខិតរបស់លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំក្រសួងការបរទេស ដែលបណ្ដាញព័ត៌មាន Fresh news ទើបទទួលបាននៅវេលាថ្ងៃត្រង់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
ចំណាត់ការរបស់ក្រសួងការបរទេសកម្ពុជាខាងលើនេះ ដោយយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃនេះបានផ្អាកជនបរទេសមកពីប្រទេសទាំង ៥ខាងលើ ចូលមកកម្ពុជាក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ។
លោក អ៊ុច បូររិទ្ធ បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនយ៉ាងដូច្នេះថា «ពាក់ព័ន្ធបញ្ហានេះក្រសួងសូមណែនាំដល់គ្រប់ស្ថានតំណាងទាំងអស់ ត្រូវផ្អាកការផ្ដល់ទិដ្ឋាការគ្រប់ប្រភេទ ដល់ជនបរទេសដែលមកពីប្រទេសទាំង៥ខាងលើ ចាប់ពីថ្ងៃច័ន្ទទី១៦ ខែមីនា ឆ្នាំ២០២០ រយៈពេលមួយខែសិន។ ចំពោះទិដ្ឋាការដែលបានផ្ដល់រួចហើយដល់ជនបរទេស ដែលចេញមកពីប្រទេសទាំង៥ខាងលើ ស្ថានតំណាងទាំងអស់ត្រូវបង្វែរសង់ថ្លៃទិដ្ឋាការជូនទៅសាមីជនវិញ»។
ជាមួយគ្នានេះ ពាក់ព័ន្ធការគ្រប់គ្រងដំណើរការបំពេញការងាររបស់ស្ថានតំណាងកម្ពុជាទាំងអស់នៅបរទេស ក្រសួងការបរទេស ក៏បានប្រាប់ទៅឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិតិ្ដយសរបស់កម្ពុជា សម្រេចឲ្យធ្វើការតាមអនឡាញ ឬនៅការិយាល័យក្នុងករណី ចាំបាច់ទៅតាមសភាពការជាក់ស្ដែង នៃការចម្លងរាលត្បាតវីរុសកូវីដ១៩ នៅតាមប្រទេសនីមួយៗ។
កាលពីព្រឹកមិញ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានណែនាំដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ ដែលហោះចូលកម្ពុជា និងព្រលានយន្តហោះទាំង៣ ព្រមទាំងក្រុមហ៊ុនគ្រប់គ្រងលើព្រលានយន្តហោះរបស់កម្ពុជាផងដែរ ចូលរួមអនុវត្តន៍ការងារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាស ចរណ៍ស៊ីវិល បានបញ្ជាក់យ៉ាងដូច្នេះថា «យោងទៅលើការសម្រេចរបស់ក្រសួងសុខាភិបាល ឯកឧត្តមរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានចាត់ចែងឲ្យក្រុមការងារធ្វើការជាបន្ទាន់ ដើម្បីផ្សព្វផ្សាយទៅគ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលហោះហើរមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិទាំង៣ ហើយយើងក៏បានជម្រាបជូនដល់ នាយកព្រលានយន្តហោះទាំង៣ និងក្រុមហ៊ុន SCA ដែលគ្រប់គ្រងលើ ព្រលានយន្តហោះនៅកម្ពុជា ដើម្បីដាក់ចូលក្នុងប្រព័ន្ធ System ចាត់វិធានការទប់ស្កាត់មិនឲ្យអ្នកដំណើរដែលមកពី៥ប្រទេស គឺអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជានោះទេ»។
សូមជម្រាបថា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចដាក់បម្រាមមិនឲ្យជនបរទេសមកពីប្រទេសចំនួន៥ ប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ អនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ដែលនេះជាវិធានការការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលជំងឺ Covid-19។
សូមបញ្ជាក់ថា រហូតដល់ពេលនេះគិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ៕