(កំពង់ចាម)៖ ករណីអគ្គិភ័យ មួយបានកើតឡើងទាំងកណ្ដាលយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្សារបឹងកុក ស្ថិតក្នុងភូមិទី៧ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយបានបំផ្លាញតូបនៅបរិវេណផ្សារអស់មួយចំនួន។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយទទួលព័ត៌មាននេះភ្លាម លោកបានបញ្ជាកម្លាំងជំនាញចេញអន្ដរាគមន៍ភ្លាមៗ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ។ ប្រតិបត្តិការនៅយប់មិញនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានចុះទៅដឹកនាំបញ្ជាផ្ទាល់ផងដែរ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន១៧គ្រឿង ប្រើទឹកអស់៣៦ស៉ីទែន និងប្រើប្រាស់កម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជា របស់ស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងផែនសណ្ដាប់ធ្នាប់, អគ្គិភ័យ, កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម។
ដោយឡែក រថយន្ដពន្លត់អគ្គិភ័យដែលចេញអន្ដរាគមន៍រួមមាន៖ រថយន្តអធិការដ្ឋាននគរបាលស្រុកជើងព្រៃ១គ្រឿង, បាធាយ២គ្រឿង, ព្រៃឈរ២គ្រឿង, កំពង់សៀម១គ្រឿង, ចំការលើ១គ្រឿង, កងមាស១គ្រឿង, ស្ទឹងត្រង់១គ្រឿង, កោះសូទិន១គ្រឿង និងខេត្ត៣គ្រឿង ព្រមទាំងរថយន្តអគ្គីភ័យរបស់ខេត្តត្បូងឃ្មុំចំនួន៤គ្រឿងផងដែរ។
យ៉ាងណាមិញ ក្រោយអន្ដរាគមន៍យ៉ាងយកចិត្តទុកដាក់ រយៈពេលជាង២ម៉ោងក្រោយមក អគ្គិភ័យបានរលត់ទាំងស្រុង ខណៈដែលទំហំនៃការខូចខាត និងមូលហេតុនោះ មិនទាន់ត្រូវបានលោកស្នងការបញ្ជាក់ឲ្យដឹងនៅឡើយទេ ពោលកំពុងធ្វើការស្រាវជ្រាវបន្ដទៀត៕