(ព្រះសីហនុ)៖ ក្រុមបាល់ទាត់យុវជនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយដឹកនាំដោយលោក ឡៅ គឹមសល្យ អ្នកចាត់ការទូទៅរួមគ្នាជាមួយ លោកស្រេង ហៃសុខ ប្រធានសមាគមន៍ទេសចរណ៍ និងអភិរក្សបរិស្ថានកោះរ៉ុង បានបង្កើតកម្មវិធី យុទ្ធនាការសម្អាតភូមិ ក្រោមប្រធានបទ «ភូមិយើងស្អាតជានិច្ច»។
បើតាមការឲ្យដឹងពីលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង លើកឡើងថា កម្មវិធីនេះ បង្កើតឡើង ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព រវាងភ្ញៀវទេសចរ និងអាជ្ញាធរមូលដ្ឋាន ពិសេសគឺចង់ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនោះ យល់ដឹងកាន់តែច្បាស់ពីបញ្ហាអនាម័យ និងផលប៉ះពាល់ ភាពកង្វក់នៃសំរាមទៅលើបរិស្ថានកោះរ៉ុង ក៏ដូចជាក្នុងប្រទេសយើង និងពិភពលោកទាំងមូលផងដែរ។
ក្រោយពីបញ្ចប់សកម្មភាពសម្អាតបរិស្ថាននៅតំបន់ឆ្នេរសុខសាន្តរួចរាល់ហើយ ក្រុមបាល់ទាត់យុវជនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន បានពិសាអាហារសាមគ្គី និងប្រកួតកីឡាបាល់ទាត់លើឆ្នេរខ្សាច់ប្រកបដោយភាពរីករាយ និងសិទ្ធស្នាលបំផុត៕