(ភ្នំពេញ)៖ កាលពីថ្ងៃទី០៦ ខែកញ្ញា វេលាម៉ោង៩៖០០ព្រឹក សម្តេចព្រះរាមនរោត្ដម បុប្ផាទេវី បានទទួលធ្វើបទសម្ភាសពីវិទ្យុមិត្តភាពកម្ពុជាចិននៃ អគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) និងទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រះរាជដំណាក់របស់ព្រះអង្គ ដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
បទសម្ភាសន៍និងចំណាប់អារម្មណ៍របស់សម្ដេចព្រះរាមមានខ្លឹមសារដូចតទៅ៖
សំណួរទី១៖ តើសម្ដេចព្រះរាមបានយាងព្រះរាជដំណើរទៅទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសចិននៅឆ្នាំណា?
តើកាលនោះប្រទេសជាតិមានសភាពការណ៍ដូចម្ដេចដែរបានជាធ្វើឱ្យសម្ដេចព្រះរាមនិងរាជវង្សានុវង្សយាងព្រះរាជដំណើរទៅកាន់ប្រទេសចិន?
សម្ដេចព្រះរាម៖ ខ្ញុំមានកិត្តិយសនិងសប្បាយរីករាយណាសដែលបានដង្ហែព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ អតីតព្រះមហាក្សត្រកម្ពុជា ស្តេចយាងធ្វើទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសចិនក្នុងឆ្នាំ១៩៥៨ជាលើកដំបូងចំពោះរូបខ្ញុំ។ ពេលនោះដែរព្រះករុណាព្រះបាទ នរោត្តមសីហនុ ក៏លោកសព្វព្រះរាជហឫទ័យដឹកនាំយើងខ្ញុំជាក្រុមសិល្បកររបាំព្រះរាជ្យទ្រព្យ ទៅសម្តែងជូនថ្នាក់ដឹកនាំធំៗមានដូចជា៖ លោកឯកឧត្តមប្រធានាធិបតី ម៉ៅសេទុង និងឯកឧត្តម ជូ អេនឡាយជាដើម។
គ្រានោះជាមោទនភាពដែលខ្ញុំបានដង្ហែព្រះករុណាទស្សនកិច្ចជាលើកដំបូងហើយក៏យើងមានកិត្តិយសបានម្តែងរបាំព្រះរាជទ្រព្យជូនថ្នាក់ដឹកនាំនៅពេលនោះដែរ។
សំណួរទី២៖ មុននេះព្រះអង្គមានព្រះបន្ទូលថា គឺនៅឆ្នាំ១៩៥៨ ព្រះអង្គបានអមព្រះរាជដំណើរព្រះករុណាសម្ដេចព្រះនរោត្តម សីហនុ យាងដំណើរទៅទស្សនកិច្ចនៅប្រទេសចិន ទូលបង្គំចង់សួរថា តើចិននិងកម្ពុជាមានទំនាក់ទំនងដូចម្ដេចខ្លះក្នុងឆ្នាំនោះ ទើបបានជាសម្តេចឪដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋលើកទី១?
សម្តេចព្រះរាម៖ ក្រោយពីកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំនៅបានឌុង ប្រទេសឥណ្ឌូនេស៊ី នៅឆ្នាំ១៩៥៦ ដូច្នេះហើយសម្តេចព្រះនរោត្តម សីហនុ ក៏បានជួបជាមួយ លោក ជូ អេនឡាយ នាយករដ្ឋមន្ត្រីប្រទេសចិនជាលើកដំបូង ហើយចាប់ពីពេលនោះមកក៏មានទំនាក់ទំនងគ្នាជារៀងរហូតមក។
សំណួរទី៣៖ ទូលបង្គំធ្លាប់បានឃើញឯកសារជាច្រើន ដែលបង្ហាញថាពេលមានព្រះរាជដំណើរទស្សនកិច្ចនៅប្រទេសចិន សម្ដេចព្រះរាមបានដឹកនាំសិល្បករសិល្បការិនីខ្មែរសម្តែងរបាំព្រះរាជទ្រព្យជូនថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិន ទូលបង្គំចង់សួរថា តើមានរបាំអ្វីខ្លះដែលបានសម្តែងនាពេលនោះ?
សម្តេចព្រះរាម៖ ពេលនោះខ្ញុំទើបតែអាយុ១៥ឆ្នាំ អ៊ីចឹងខ្ញុំបានជួបនិងផ្លាស់ប្តូរគ្នាតាមព្រះរាជហឫទ័យរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ឱ្យខ្ញុំហាត់របាំចិនពីក្រុមសិល្បៈចិន ហើយកាលនោះមានក្រុមសិល្បៈគេហៅថាក្រុមបូព៌ា ហើយខ្ញុំបានជួបអ្នកគ្រូ ចាំង ជីន គាត់នៅក្មេងវ័យដែរអាយុប្រហែលខ្ញុំដែរ ហើយនៅពេលនេះអ្នកគ្រូបានហាត់របាំខ្មែរយើង មានព្រះរាជ្យទ្រព្យ របាំអប្សរាខ្មែរ ហើយខ្ញុំក៏បានហាត់របាំបេះតែ របាំឈូករ័ត្ន របាំក្ងោក និងរបាំផ្សេងៗទៀតជាបន្តបន្ទាប់មក។ អ៊ីចឹងយើងមានទំនាក់ទំនងល្អចាប់តាំងពីឆ្នាំ១៩៥៨ មក។
សំណួរទី៤៖ នៅចុងឆ្នាំ១៩៧០ សម្តេចឪនិងព្រះរាជវង្សានុង្សខ្មែរមួយចំនួនបានគង់នៅប្រទេស ចិន តើក្នុងអំឡុងគង់នៅប្រទេសចិនមានព្រឹត្តិការណ៍ណាមួយដែលធ្វើឱ្យសម្តេចព្រះរាមចងចាំមិនអាចបំភ្លេចរហូតមកដល់ពេលនេះ?
សម្ដេចព្រះរាម៖ ច៎ា! ជំនាន់នោះប្រទេសចិនលោកបានជួយទទួលឱ្យព្រះរាជវង្សានុវង្សខ្មែរយើងដែល លន់ នល់ បានធ្វើរដ្ឋប្រហាទៅហ្នឹង គឺមានរាជវង្សានុវង្សខ្មែរមួយចំនួនដូចជា មានខ្ញុំដង្ហែជីដូនខ្ញុំ គឺព្រះមហាក្សត្រីយានីស៊ីសុវត្ថិមុនីវង្សកុសមៈនារីរ័ត្នសេរីវឌ្ឍនា។
មហាមិត្តចិនបានចរចាជាមួយសហរដ្ឋអាមេរិកឱ្យបញ្ជាទៅលោក លន់ នល់ ព្រមថ្វាយជីដូនខ្ញុំនិងព្រះរាជវង្សានុវង្សខ្មែរមួយចំនួនហ្នឹង បានចេញទៅប្រទេសចិននៅឆ្នាំ១៩៧៣។ ហើយយើងខ្ញុំក៏បានមានភ័ព្វសំណាងដែលប្រទេសចិនលោកទទួលឱ្យស្នាក់នៅ ដោយថ្វាយព្រះរាជដំណាក់ សម្រាប់គង់នៅផងដែរ។ សព្វថ្ងៃព្រះករុណាគង់នៅទីនេះ នាំគ្នានៅជុំគ្នានៅទីនេះទៅ។ ហើយជាពិសេសជីដូនខ្ញុំ សម្តេចព្រះមហាក្សត្រីយានីស៊ីសុវត្ថិមុនីវង្សកុសមៈ លោកសោយទិវង្គតនៅទីក្រុងប៉េកាំងហ្នឹងនៅឆ្នាំ១៩៧៥។
ហើយជំនាន់នោះយើងមិនទាន់បាននិវត្តន៍មកកាន់ប្រទេសនៅឡើយទេ អ៊ីចឹងទៅយើងធ្វើបុណ្យថ្វាយលោកនៅប្រទេសចិន ធ្វើបុណ្យដូចប្រពៃណីខ្មែរអ៊ីចឹង មានធ្វើមេរុ ថ្វាយព្រះភ្លើង ដូចប្រពៃណីខ្មែរយើងអ៊ីចឹង ធ្វើឱ្យខ្ញុំមានការដឹងគុណណាស់ ចំពោះប្រទេសចិន ដែលលោកមិនគ្រាន់តែទទួលរាក់ទាក់ដល់ព្រះរាជវង្សានុវង្សយើងខ្ញុំទាំងអស់គ្នានោះទេ ប៉ុន្តែជីដូនខ្ញុំលោកធ្វើបុណ្យថ្វាយឱ្យសមដូចជាលោកសុគតនៅស្រុកខ្មែរធ្វើបុណ្យថ្វាយលោកអ៊ីចឹង ច៎ា មិនឱ្យខុសអីទេ។ ខ្ញុំសូមអគុណប្រទេសចិន អរគុណដល់ថ្នាក់ដឹកនាំប្រទេសចិនទាំងអស់ដែលលោកមេត្តារៀបចំធ្វើដោយសមរម្យថ្វាយតាមខ្មែរទាំងអស់។
សំណួរទី៥៖ កាលនោះសម្តេចព្រះរាមជាសិល្បការិនីមួយរូបក្នុងវ័យប្រមាណជាង២០ឆ្នាំ និងជាឆ្នាំដែលស្ថានភាពប្រទេសជាតិជួបការលំបាកទាំងប្រទេសចិននិងប្រទេសកម្ពុជា ណាមួយព្រះជន្មព្រះអង្គក៏ក្មេង ហើយក៏ជាសិល្បការិនីផង តើអ្វីដែលធ្វើឱ្យព្រះអង្គមានព្រះរាជហឫទ័យសប្បាយរីករាយបំផុតជាមួយសិល្បករសិល្បការនីប្រទេសចិនទេ?
សម្ដេចព្រះរាម៖ ខ្ញុំនៅចាំអនុស្សាវរីយ៍មួយមិនភ្លេចទេព្រោះកាលជំនាន់នោះ ប្រទេសចិនទើបទទួលបានឯករាជ្យ ហើយប្រទេសកម្ពុជាក៏ទើបបានឯករាជ្យដូចគ្នា ប្រហែលៗគ្នា អ៊ីចឹងហើយយើងមានការខ្វះខាតច្រើនដែរ។ យើងខំកសាងប្រទេសយើងបន្តិចម្តងៗទៅ ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏ចំណងមិត្តភាពរវាងកម្ពុជានិងចិនរឹងមាំណាស់ ហេតុអ្វីព្រះករុណា ព្រះបាទនសម្ដេចព្រះរោត្តមសីហនុ ស្តេចយាងទៅធ្វើទស្សនកិច្ចជាផ្លូវរដ្ឋចាប់តាំងពីឆ្នាំ១៩៥៨ទៅ ហើយក្រោយមកស្តេចយាងទៅញឹកញាប់ណាស់? ច៎ា សឹងតែរាល់ឆ្នាំដែរ។ ហើយក្រុមសិល្បៈខ្មែរយើងក៏អ៊ីចឹង ដែលខ្ញុំដឹកនាំផង ខ្ញុំសម្តែងផង ខ្ញុំអ្នករាំផង គឺថាបានទៅញឹកញាប់ណាស់ បានទៅសម្តែងនៅតាមខេត្តប្រទេសចិនធំណាស់ គឺយើងទៅម្តង យើងសម្តែងពីរបីខេត្តអ៊ីចឹងទៅ ហើយលើក្រោយទៀតយើងសម្តែងនៅខេត្តផ្សេងទៀត។ យើងទៅផ្សព្វផ្សាយសិល្បៈ ជាពិសេសរបាំព្រះរាជទ្រព្យ យើងទៅតាមខេត្ត ទោះជាយ៉ាងណា ក៏រដ្ឋាភិបាលចិនលោកថ្នាក់ថ្នមយើងណាស់ លោកឱ្យរថភ្លើងដាច់ដោយឡែកមួយជាពិសសេស ឱ្យទៅគណៈប្រតិភូសិល្បៈខ្មែរ មិនមែនឱ្យទៅជិះជាមួយអ្នកធ្វើដំណើរផ្សេងទៀតទេច៎ា រថភ្លើងហ្នឹងដឹកតែ គណៈប្រតិភូសិល្បៈរបាំព្រះរាជទ្រព្យខ្មែរទៅតាមខេត្តទេ។ អ៊ីចឹងអនុស្សាវរីយ៍លើកទី១ហ្នឹង នៅចាំរហូតទាល់ឥឡូវ ជាអនុស្សាវរីយ៍ដ៏ល្អបំផុត ហើយពេលនោះដែរគណៈប្រតិភូសិល្បៈចិនក៏គេមានមកស្រុកខ្មែរដែរដូចជាក្រុមសិល្បៈខេត្តប៊ូហាន់ជាដើម គេមកញឹកញាប់ដែរ។
សំណួរទី៦៖ ក្រៅពីសម្តែងរបាំព្រះរាជទ្រព្យនៅប៉េកាំង តើសម្ដេចព្រះរាមមានបានសម្ដែងនៅតាមបណ្ដាខេត្តផ្សេងទៀតទេ?
សម្ដេចព្រះរាម៖ ច៎ាមាន ដូចជាសម្តែងនៅសៀងហៃ គួវចូវ និងខេត្តច្រើនទៀត ខ្ញុំចាំមិនអស់ទេ ប៉ុន្តែចាំច្បាស់ជាងគេ នៅខេត្តហាប៊ីន ជាខេត្តទល់ដែនប្រទេសរុស្ស៊ី។
សំណួរទី៧៖ នៅពេលដែលសម្តេចព្រះរាមដឹកនាំក្រុមសិល្បៈសម្តែងនៅប៉េកាំង និងខេត្តផ្សេងៗ តើប្រជាជនចិនទៅទស្សនាក្នុងបរិយាកាសយ៉ាងណាដែរ ព្រះរាមនៅចាំបានទេ?
សម្ដេចព្រះរាម៖ រាល់ពេលចេញទៅម្តែងនៅតាមខេត្ត ក្រុង ផ្សេងៗ គឺថាសម្រាប់ខេត្តមួយ យើងសម្តែងជូនពីរដង ឬក៏ពីរយប់ ពីរពេល ហើយប្រជាជនចិនមកមើលពេញៗរោង មិនដែលមានពាក់កណ្តាលរោងទេ ហើយពេលទៅខេត្តម្តងៗមានប្រជាជនចិននិងនិស្សិតចិនជាច្រើនមកទទួលបក់បាច់ផ្កា ទទួល រាក់ទាក់យើងខ្លាំងណាស់។
សំណួរទី៨៖ក្នុងអំឡុងពេលដង្ហែសម្តេចឪទៅក្រុងប៉េកាំងជំនាន់នោះ តើសម្តេចព្រះរាមមានដែល ឃើញសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់ចូលរួមជួយការងារសិល្បៈដែរឬទេ?
សម្ដេចព្រះរាម៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលទ្រង់នៅសម្តែងសិល្បៈទ្រង់តែតែចូលរួមសម្តែងជាមួយសិល្បករសិល្បៈការនីចិន ផ្នែករបាំបាឡេ រឿងនាងសក់ និងសិល្បៈរួមគ្នាបែបស្នេហាជាដើម។
សំណួរទី៩៖ សម្តេចឪមានទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំចិន តើសម្តេចព្រះរាមបានចងចាំនូវព្រឹត្តិការណ៍ណាមួយនៅពេលសម្តេចឪទ្រង់គង់នៅប្រទេសចិននាពេលនោះទេ?
សម្តេចព្រះរាម៖ ខ្ញុំចាំថាពេលដង្ហែសម្តេចឪទៅប្រទេសចិន គឺព្រះអង្គទ្រង់បានទៅជួប ពិភាក្សាការងារ និងសំណេះសំណាលជាមួយ លោក ជូ អេនឡាយ នាយករដ្ឋមន្ត្រីចិននិងលោកជំទាវ នៅផ្ទះរបស់លោក នៅក្នុងបរិវេណធៀនអានមីន។ លោកនាយករដ្ឋមន្ត្រីចិន បានទទួលរាក់ទាក់ខ្ញុំ លោកឪពុកខ្ញុំ និងសម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រមទាំងព្រះរាជបុត្រដែលមានពួកខ្ញុំជាកូនៗ ដោយលោកជំទាវ តេង យីងឆាវ បានហៅពួកខ្ញុំមកជិតដោយលោកជំទាវចាត់ទុកពួកខ្ញុំ ដូចជាកូនបង្កើតរបស់លោកជំទាវអ៊ីចឹង។
សំណួរទី១០៖ តាមរយៈរូបថតជាច្រើនសន្លឹកបង្ហាញថា ក្នុងពិធីអបអរសារទរបុណ្យជាតិចិន ពេលនោះសម្តេចឪទ្រង់ក៏បានស្តេចយាងជាអធិបតីក្នុងពិធីនោះជាមួយលោកប្រមុខរដ្ឋ ម៉ៅ សេទុង និងលោក ជូ អេនឡាយ និងថ្នាក់ដឹកនាំចិនជាច្រើននៅវិមានធៀនអានមិនដែរ ដើម្បី ទស្សនាការសម្តែងរបស់កងទ័ព និងសិល្បៈ ព្រមទាំងការបាញ់កាំជ្រួចផងដែរ។ ពេលនោះសម្តេចព្រះរាមក៏ឃើញមានវត្តមាននៅទីនោះដែរ។ តើសម្តេចព្រះរាមបានចងចាំពីព្រឹត្តិការណ៍នោះដែរឬទេ ?
សម្ដេចព្រះរាម៖ ខ្ញុំចាំច្បាស់ណាស់ ពីព្រោះពួកខ្ញុំនៅតូចៗ អាយុប្រមាណ១៥ ឬ១៦ឆ្នាំ ប៉ុន្តែលោកប្រធានាធិបតីម៉ៅសេទុង និងលោកនាយករដ្ឋមន្ត្រី ជូ អេងឡាយ មានក្តីមេត្តាណាស់ ដោយបានអនុញ្ញាតឱ្យពួកយើងខ្ញុំជាក្មេងៗហ្នឹង ឡើងទៅលើធៀនអានមិនដែរ ប៉ុន្តែគ្រាន់តែថាមិនបានឈរខាងមុខទេដោយឈរនៅឆ្ងាយ ប៉ុន្តែបានឡើងធៀនអានមិន ហើយយប់ឡើងបានឃើញការអុជកាំជ្រួចជុំវិញទីក្រុងប៉េកាំងជាដើម កាលនោះបានទៅពេលព្រឹកផងល្ងាចផង ព្រោះថាជាធម្មតាក្មេងៗមិនត្រូវបានអនុញ្ញាតឱ្យឡើងលើធៀនអានមិនទេ មានតែពួកបងប្អូនខ្ញុំ៣បួននាក់នេះទេដែលបានឡើងនោះ។
ប្រទេសចិននិងប្រជាជនចិនបានចាត់ទុកសម្តេចឪជាមិត្តភក្តិដ៏ល្អបំផុត។
សំណួរទី១១៖ តើសម្តេចព្រះរាមអាចវាយតម្លៃបានដូចម្ដេចដែរចំពោះទឹកចិត្តរបស់សម្តេចឪចំពោះប្រទេសចិន?
សម្ដេចព្រះរាម៖ យោបល់ខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថា សម្តេចឪបានចាត់ទុកលោក ជូ អេនឡាយដូចជាបងប្រុសរបស់លោកអ៊ីចឹង ពីព្រោះឯកឧត្តម ជូ អេនឡាយ មិនត្រឹមតែជាអ្នកតស៊ូរំដោះប្រទេសជាតិជាមួយលោកប្រធានរដ្ឋ ម៉ៅ សេទុង ព្រមទាំងថ្នាក់ដឹកនាំកំពូលៗរបស់ចិនផ្សេងៗទៀតប៉ុណ្ណោះទេ ប៉ុន្តែលោកជាមនុស្សទៀងទាត់ ច្បាស់លាស់ណាស់ ពេលមានការលំបាកគឺយើងអាចពឹងពាក់បាន ហើយសម្តេចឪក៏លោកបានជួយវិញដែរ ដោយសម្តេចបានបង្ហាញការគាំទ្រចំពោះប្រទេសចិននៅអង្គការសហប្រជាជាតិទៀតផង។
សំណួរទី១២៖ សម្តេចឪតែងតែមានព្រះបន្ទូលថា ចាត់ទុកប្រទេសចិនជាស្រុកកំណើនទី២របស់ព្រះអង្គ ប៉ុន្តែមានការយល់ឃើញខ្លះថានោះជាបញ្ហានៅពេលដែលចាត់ទុកប្រទេសផ្សេងជាស្រុកកំណើតទី២របស់ខ្លួន តើសម្ដេចព្រះរាមយល់ឃើញយ៉ាងណាដែរ?
សម្ដេចព្រះរាម៖ យើងមានការពិសោធជាក់ស្តែងហើយ ឃើញថាប្រទេសកម្ពុជាយើងការពិបាក ឬក៏ប្រទេសជាតិជួបប្រទះនឹងគ្រោះថ្នាក់អ្វីមួយនោះ ប្រទេសចិនមិនដែលបោះបង់ចោលយើងទេ ចិនតែងតែជួយគាំទ្រយើងជានិច្ច ដូច្នេះបានជាឪពុកខ្ញុំលើកឡើងថា ក្រៅពីប្រទេសចិននោះ គ្មានប្រទេសណាស្រឡាញ់កម្ពុជាស្មោះហើយជួយគាំទ្រយើងដោយសុទ្ធចិត្តទេ។
សំណួរទី១៣៖ នៅពេលសម្តេចព្រះរាមយាងទៅប្រទេសចិនដំបូង តើមានការសង្កេតឃើញជីវភាពប្រជាជន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅសម័យនោះយ៉ាងដូចម្ដេចដែរ? ហើយបើប្រៀបធៀមមកដល់សម័យបច្ចុប្បន្នខុសប្លែកគ្នាយ៉ាងដូចម្ដេចដែរ?
សម្ដេចព្រះរាម៖ ចំពោះខ្ញុំកាលពីជាង៥០ឆ្នាំមុន ដែលខ្ញុំបានធ្វើដំណើរជាលើកដំបូង គឺគេរស់នៅគ្មានផ្ទះខ្ពស់ៗដូចសព្វថ្ងៃនេះទេ តែគេរស់តាមបែបរបស់គេម្យ៉ាង។ កាលនោះខ្ញុំបានដង្ហែសម្តេចឳជានិច្ចដោយតាមរយៈការសម្តែងសិល្បៈរបាំព្រះរាជទ្រព្យ ហើយមកដល់សព្វថ្ងៃប្រទេសណាក៏គេអភិវឌ្ឍជឿនលឿនដែរ។ ប៉ុន្តែរហូតមកដល់ការដឹកនាំរបស់ឯកឧត្តម ស៊ី ជីនភីង សព្វថ្ងៃនេះ គ្មានអ្នកណាល្អដូចគាត់ទេ បើទោះបីចិនមានប្រជាជនច្រើន ប្រទេសធំក៏ដោយ។
សំណួរទី១៤៖ ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ី ជីនភីង ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តខ្សែក្រវាត់និងផ្លូវ នាពេលកន្លងមក តើវាបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសក្នុងតំបន់ និងប្រទេសផ្សេងៗទៀតដូចម្ដេចដែរ?
សម្តេចព្រះរាម៖ គោលដៅរបស់ឯកឧត្តម ស៊ី ជីនភីង លោកបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តខ្សែក្រវាត់និងផ្លូវនេះ គឺល្អរបស់លោកណាស់ គោលដៅបង្រួបបង្រួមនៅក្នុងតំបន់អាស៊ីក្តី ជាយអ៊ឺរ៉ុបបន្តិចក្តីគឺធ្វើនេះដើម្បីទំនាក់ទំនងគ្នាក្នុងផ្នែកសេដ្ឋកិច្ច សិល្បៈ វប្បធម៌ និង វិស័យផ្សេងទៀត នេះជាគំនិតដ៏វិសេសវិសាលណាស់ដែលលោកមានគំនិតធ្វើនេះ។
សំណួរទី១៥៖ក្នុងអំឡុងពេលសម្តេចព្រះរាមធ្វើជាអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា តើមានការផ្លាស់ប្អូរផ្នែកវប្បធម៌រវាងប្រទេសចិននិងកម្ពុជាយ៉ាងណាខ្លះដែរ?
សម្ដេចព្រះរាម៖ ចាប់ពីឆ្នាំ១៩៩៣ ក្រោយពេលបោះឆ្នោតរួចហើយ រហូតមកដល់ឆ្នាំ១៩៩៩ ហើយពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៥ ខ្ញុំក្លាយជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គឺភាគីចិននិងកម្ពុជាបានធ្វើការប្លាស់ប្អូរទស្សនកិច្ចទៅវិញទៅមក បន្ទាប់ពីមានការអាក់ខានដោយសារសង្រ្គាមផ្ទៃក្នុងកម្ពុជា។ យើងមានការផ្លាស់ប្តូរការសម្តែងសិល្បៈចិនកម្ពុជាជាដើម។ ហើយនៅឆ្នាំ២០០០ ភាគីចិនបានជួយជួសជុលសាលមហោស្រពចតុម្មុខ និងបំពាក់គ្រឿង សម្ភារៈមួយចំនួនផងដែរដើម្បីងាយស្រួលក្នុងការសម្តែងសិល្បៈផ្សេងៗ។
សំណួរទី១៦៖ នៅពេលដែលសម្តេចព្រះរាមដឹកនាំក្រុមសិល្បៈខ្មែរទៅសម្តែងនៅប្រទេសចិនថ្មីៗនេះ តើសម្តេចព្រះរាមមានមានចំណាប់អារម្មណ៍យ៉ាងណាដែរ?
សម្ដេចព្រះរាម៖ គឺទឹកចិត្តរដ្ឋាភិបាលចិននិងប្រជាជនចិនមិនមានការប្រែប្រួលទេ គឺនៅតែគាំទ្រសិល្បៈខ្មែរ និងគណៈប្រតិភូខ្មែរដូចជាទម្លាប់ពីមុនមកដដែល ពោលគឺបាននាំក្រុមរបាំខ្មែរឱ្យដើរទស្សនានៅមហាកំពែងចិន និងរៀបចំពិធីជប់លៀងឱ្យជាដើម។ ខ្ញុំអគុណស្ថានទូតចិនប្រចាំនៅកម្ពុជាផងដែរដែលបានជួយសម្រួលលើទំនាក់ទំនងនេះ។
សំណួរទី១៧៖ ថ្ងៃទី១ ខែតុលា ជាថ្ងៃបុណ្យជាតិរបស់ចិន។ ហើយគិតមកដល់ឆ្នាំនេះគឺជាខួបគម្រប់ ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន តើសម្តេចព្រះរាមមានព្រះបន្ទូលអ្វីដើម្បីចូលរួមអបអរសាទរ និងជូនពរដល់ប្រជាជនចិនទេ?
សម្ដេចព្រះរាម៖ ខ្ញុំសូមបួងសួងឱ្យប្រទេសចិនកាន់តែរីកចម្រើន ខ្ញុំជឿជាក់ថាការដឹកនាំដ៏ត្រឹមត្រូវរបស់លោកប្រធានាធិបតី ស៊ី ជីនភីង ប្រទេសចិននឹងកាន់តែវិវឌ្ឍន៍ទៅមុខខ្លាំងជានិច្ច។ ជាមួយគ្នានេះខ្ញុំសូមជូនពរដល់ថ្នាក់ដឹកនាំ និងប្រជាជនចិនសូមជួបតែសេចក្តីសុខរហូត៕