(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានលិខិតរបស់ក្រសួងសុខាភិបាល ស្តីពីការសម្រេចដាក់បម្រាមផ្អាកមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ អនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ដែលជាវិធានការការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលជំងឺ Covid-19 នោះ, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានណែនាំដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ ដែលហោះចូលកម្ពុជា និងព្រលានយន្តហោះទាំង៣ ព្រមទាំងក្រុមហ៊ុនគ្រប់គ្រងលើព្រលានយន្តហោះរបស់កម្ពុជាផងដែរ ចូលរួមអនុវត្តន៍ការងារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់យ៉ាងដូច្នេះថា «យោងទៅលើការសម្រេចរបស់ក្រសួងសុខាភិបាល ឯកឧត្តមរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានចាត់ចែងឲ្យក្រុមការងារធ្វើការជាបន្ទាន់ ដើម្បីផ្សព្វផ្សាយទៅគ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលហោះហើរមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិទាំង៣ ហើយយើងក៏បានជម្រាបជូនដល់នាយកព្រលានយន្តហោះទាំង៣ និងក្រុមហ៊ុន SCA ដែលគ្រប់គ្រងលើ ព្រលានយន្តហោះនៅកម្ពុជា ដើម្បីដាក់ចូលក្នុងប្រព័ន្ធ System ចាត់វិធានការទប់ស្កាត់មិនឲ្យអ្នកដំណើរដែលមកពី៥ប្រទេស គឺអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជានោះទេ»។
សូមជម្រាបថា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចដាក់បម្រាមមិនឲ្យជនបរទេសមកពីប្រទេសចំនួន៥ ប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ អនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ដែលនេះជាវិធានការការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលជំងឺ Covid-19។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្មីៗនេះព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេសមានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការ ការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងកម្ពុជា។ ដូច្នេះក្រសួងសុខាភិបាល សូមចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលក្នុងប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ»។
សូមបញ្ជាក់ថា រហូតដល់ពេលនេះគិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ៕