(បាត់ដំបង)៖ ក្នុងរាត្រីថ្ងៃទីមួយនៃការប្រារព្ធពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ឃើញថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានមួរមីមកទស្សនាយ៉ាងច្រើនកុះកររហូតដល់ជាង៣ម៉ឺននាក់ (ថ្ងៃទី១) នៅតាមដងវិថី ស្ពាន សួនច្បារ ជាមួយនឹងការទទួលទានម្ហូបអាហារ ចំណីចំណុកនៅតាមវិថីលក់ម្ហូបអាហារ ទស្សនាការសមសម្ដែងសិល្បៈនៅលើឆាកធំ ការទស្សនាតាមស្ដង់ពិព័រណ៍នានា ការប្រគំតន្ត្រី ព្រមជាមួយភ្លើងបំភ្លឺយ៉ាងអញ្ចាចនៅកណ្ដាលទីក្រុងបេតិកភណ្ឌមួយនេះ។
មិនខុសពីការរៀបចំនៅឆ្នាំមុនៗនោះឡើយ ពិធីបុណ្យទន្លេលើកទី៦នេះត្រូវបានប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។
យ៉ាងណាមិញ លោករដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្ត ងួន រតនៈ បានដឹកនាំការងាររៀបចំពិធីបុណ្យមួយនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យប្រព្រឹត្តប្រកបដោយភាពអធិកអធម និងរលូនជោគជ័យ ពិសេសរក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងភាពកក់ក្ដៅចំពោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តគ្រប់គ្នា ដោយមានការចូលរួមថែរក្សាសន្តិសុខ សម្រួលចរាចរណ៍យ៉ាងសស្រាក់សស្រាំពីសំណាក់កម្លាំងសមត្ថកិច្ចនៅគ្រប់គោលដៅ។ ចំណែកក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះក៏កំពុងត្រៀមប្រចាំការជួយសង្គ្រោះយ៉ាងមានរបៀបរៀបរយ។
បើតាមក្រសួងទេសចរណ៍បានឱ្យដឹងថា ការតាំងពិព័រណ៍សមិទ្ធផល ផលិតផលក្នុងស្រុក មហោស្រពម្ហូបអាហារ និងភេសជ្ជៈ រួមមានប្រមាណជាង ៣០០ស្តង់ ក្នុងនោះមានស្តង់ក្រសួង-ស្ថាប័នរដ្ឋមានប្រមាណ ៣០ស្តង់ ស្តង់ផលិតផលនាំចេញ និងស្តង់វិស័យទេសចរណ៍មានប្រមាណ ២០ស្តង់ ស្តង់ផលិតផលក្នុងស្រុកមាន ៥០ស្តង់ ស្តង់ផលិផលទូទៅមានប្រមាណ ១៥០ស្តង់ និងស្តង់វិថីម្ហូបអាហារមានចំនួន ៥០ស្តង់ទៀត ជាពិសេសការរៀបចំវិថីម្ហូបអាហារក្នុងក្រុងបាត់ដំបង (Food Street) ដែលសម្រាប់ជាគំរូទី២ដល់ខេត្តដទៃ។
ប្រជាពលរដ្ឋ អាជីវករមួយចំនួនបានចូលរួមលក់ដូរម្ហូបអាហារ នំចំណី ភេសជ្ជៈ ទឹកពិសាបរិសុទ្ធ របស់របរប្រើប្រាស់ ចម្លាក់ស្ពាន់-ឈើ ផលិតសិប្បកម្ម កសិផល សម្លៀកបំពាក់ វាយនភណ្ឌ និងផលិតផលទំនិញនានាផ្សេងទៀតយ៉ាងមមាញឹក រីឯប្រជាពលរដ្ឋមួយចំនួនក៏បានដើរទស្សនា ទិញដូររបស់របរ ទទួលទានអាហារ ពិសេសពួកគាត់បាននាំគ្នាថតរូបនៅតាមទីតាំងល្អៗមួយចំនួនទុកជាអនុស្សាវរីយ៍ និងបង្ហោះនៅតាមបណ្ដាញសង្គមផ្សព្វផ្សាយបន្តដល់មិត្តភក្តិ សាច់ញាតិដទៃឱ្យបានឃើញ និងមកទស្សនាកម្សាន្តតាមក្រោយ។
យុវជនបុរសនារី លោកយាយលោកតា មន្ត្រីរាជការបានបង្ហាញទឹកមុខសប្បាយរីករាយ ពួកគាត់ម្នាក់ៗហាក់ដូចគ្មានព្រួយភ័យអំពីជំងឺ Covid-19 ឬបញ្ហាអ្វីផ្សេងឡើយ ដោយជឿជាក់លើការការពាររបស់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកបាត់ដំបងក៏បានចូលរួមដើរលេងកម្សាន្តច្រើនខ្លាំងណាស់ដែរ។
ក្រុមការងារអ្នករៀបចំស្ដង់ពិព័រណ៍ផលិតផល ពិព័រណ៍ផលិតផលគោលដៅទេសចរណ៍ ពិព័រណ៍រូបភាពសមិទ្ធផល ពិព័រណ៍ផលិតផលរបស់ស្ថានទូតបរទេសមួយចំនួន ក៏កំពុងមមាញឹកនឹងកិច្ចការងាររៀបចំ ការសម្ដែងការរាក់ទាក់ទទួលភ្ញៀវ ការពិពណ៌នាជូនភ្ញៀវអំពីផលិតផលដែលខ្លួនមាន ដើម្បីទាក់ទាញចំណាប់អំពីភ្ញៀវអ្នកដើរទស្សនា។
តាមរយៈទិដ្ឋភាពសកម្មភាពទាំងនេះគេបានកត់សម្គាល់ឃើញថា ក្រៅពីផ្ដល់នូវភាពសប្បាយរីករាយ ការជួបជុំ កិច្ចសហប្រតិបត្តិការ សាមគ្គីរួបរួម ការបញ្ចេញសមត្ថភាព ការបំផុសស្មារតីស្រលាញ់ជាតិ និងកេរដំណែលដូនតា ព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះក៏បាននិងកំពុងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅខេត្តបាត់ដំបង ក៏ដូចជាប្រទេសកម្ពុជាទាំងមូលឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានឃើញបានស្គាល់ និងមានចំណាប់អារម្មណ៍ទៅទស្សនាកម្សាន្តផងដែរ។
គួរជម្រាបថា នៅថ្ងៃបើកព្រឹត្តិការណ៍បុណ្យទន្លេជាផ្លូវការ នារាត្រីថ្ងៃទី១៤ ខែមីនាស្អែកនេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្តមមន្ត្រី ថ្នាក់ដឹកនាំ គណៈប្រតិភូ មន្ត្រីរាជការ និងតំណាងស្ថានទូតបរទេសជាច្រើនរូបទៀត៕