(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្រសួងព័ត៌មាននឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីចាត់វិធានការតាមច្បាប់ចំពោះ អ្នកតាំងខ្លួនជាសារព័ត៌មាន ហើយផ្សព្វផ្សាយតាម Facebook ដែលមិនគោរពតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាន។
ការព្រមានចាត់វិធានការនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងព័ត៌មានសង្កេតឃើញថា នាថ្មីៗនេះ មានបុគ្គលមួយចំនួន នៅក្នុងប្រទេសកម្ពុជា ដែលប្រើប្រាស់បណ្តាញសង្គម Facebook និងអនឡាញ បានប្រើឈ្មោះសារព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានដោយខុសឆ្គង គ្មានវិជ្ជាជីវៈ និងអសីលធម៌ បណ្តាលឱ្យខូចឈ្មោះអ្នកសារព័ត៌មានផ្សេងៗទៀត ដែលមានវិជ្ជាជីវៈត្រឹមត្រូវ។
លោក មាស សុភ័ណ្ឌ បានបញ្ជាក់ដូច្នេះថា៖ «ក្រសួងព័ត៌មាន នឹងធ្វើការជាមួយនឹងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការតាមផ្លូវច្បាប់ដែលមានជាធរមាន ក្នុងព្រះរាជាណាចក្រកម្ពុជា ដូចដែលយើងធ្លាប់បានធ្វើកន្លងមកហើយទាក់ទង ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅតាមគេហទំព័រមួយចំនួនអញ្ចឹង»។
កាលពីខែមករា ឆ្នាំ២០២០ កន្លងទៅ ខណៈដែលប្រជាពលរដ្ឋកំពុងមានការភ័យខ្លាចចំពោះការរីករាលដាលជំងឺកូវីដ១៩ អ្នកសារព័ត៌មានឈ្មោះ «K01» បានទៅធ្វើការ Live ផ្ទាល់នៅមុខមន្ទីរពេទ្យរុស្ស៉ី ថាមានអ្នកជំងឺម្នាក់បានឆ្លងមេរោគនេះ នៅមន្ទីរពេទ្យរុស្ស៉ី ដោយសារតែខ្លួនទទួលព័ត៌មានពីជនអនាមិក។ សកម្មភាពនេះ បានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ បន្ទាប់ពីព័ត៌មានដែលផ្សាយដោយ K01 ជាព័ត៌មានក្លែងក្លាយ។ ក្រោយមក បុរសដែលល្បីដោយសារ Facebook ក៏ត្រូវបានក្រសួងព័ត៌មានហៅទៅអប់រំអំពីក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានផងដែរ។
ដោយឡែកកាលពីពេលថ្មីនេះ បុគ្គលមួយក្រុមដែលបង្កើត Facebook និងគេហទំព័រ ឈ្មោះ «CKV online» ក៏បានធ្វើសកម្មភាពមិនសមរម្យជាអ្នកសារព័ត៌មាន ដោយចុះចាប់រថយន្តដឹកជ្រូក និងចូលទៅ Live ផ្ទាល់ផ្ទះអ្នកដទៃជាដើម ដែលធ្វើឱ្យប្រតិកម្មយ៉ាងខ្លាំងពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានមួយចំនួន។ ចាងហ្វាងគេហទំព័រនេះ ក៏ត្រូវបានក្រសួងព័ត៌មានហៅទៅធ្វេីការអប់រំ ណែនាំជាលេីកទី២ ដោយសារតែបង្កឱ្យមានភាពចលាចល និងមានការរិះគន់ពីសាធារណជន ក៏ដូចជាអ្នកសារព័ត៌មានមួយចំនួន។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានបញ្ជាក់បន្តថា៖ «ដូចករណីនេះអញ្ចឹង យើងបានដាក់លក្ខខណ្ឌជាចុងក្រោយជូនគាត់ថា ការណ៍ដែលគាត់ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សហើយ គាត់នៅតែបំពានកិច្ចសន្យា មិនគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាច្បាប់ស្តីពីរបបសារព័ត៌មានហ្នឹង ក្រសួងនឹងពិចារណា ការបញ្ចប់អាជ្ញាបណ្ណរបស់គាត់ និងអាចបន្តទៅតាមនីតិវិធីច្បាប់ដែលមានជាធរមាន»។
លោក ប៉ែន បូណា ប្រធាន ក្លឹប អ្នក កាសែត កម្ពុជា បានគាំទ្រចំពោះវិធានការក្រសួងព័ត៌មាន ដែលបានហៅបុគ្គលដែលតាំងខ្លួនជាអ្នកព័ត៌មាន ហើយធ្វើសកម្មភាពមិនសមជាសារព័ត៌មាន និងផ្សព្វផ្សាយឃ្លាតឆ្ងាយពីវិជ្ជាជីវៈទៅអប់រំពេលនេះ ប៉ុន្តែទោះជាយ៉ាងណា លោកថាក្រសួងគួរតែមានវិធានការតឹងរឹងជាងហ្នឹងថែមទៀត។
លោកថ្លែងថា៖ «បើសិនជានៅតែអញ្ចឹង ខ្ញុំគាំទ្រឱ្យមានវិធានការតឹងរ៉ឹងជាងហ្នឹង ដើម្បីធ្វើយ៉ាងម៉េចឱ្យចរិតលក្ខណៈអ្នកសារព័ត៌មាន ដូចដែលសម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍អញ្ចឹង “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត” ដូច្នេះយើងជាអ្នកសារព័ត៌មាន ត្រូវយកព័ត៌មានដោយសុច្ចរិត ដោយវិជ្ជាជីវៈ ប្រកបដោយក្រមសីលធម៌ យើងមិនមែនជាអាជ្ញាធរ យើងមិនមែនជាតុលាការ យើងមិនមានសិទ្ធិអាវចាង សម្លុតគេសម្លុតឯងទេ នេះមិនមែនជាចរិតសារព័ត៌មានទេ»។
ច្បាប់ស្តីពីរបបសារព័ត៌មាន ដែលប្រកាសឱ្យប្រើប្រាស់ឆ្នាំ១៩៩៥ បានតម្រូវឱ្យអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវក្រមសីលធម៌មួយចំនួន ដូចជាត្រូវផ្សាយនូវដំណឹងទាំងឡាយដោយសុចរិត ព្រមទាំងធ្វើអត្ថាធិប្បាយ ឬរិះគន់ឱ្យត្រឹមត្រូវ និងសមស្របតាមគតិយុត្តិធម៌ ប្រើវិធីសុចរិតត្រឹមត្រូវ ដើម្បីស្វែងរកដំណឹង រូបថត និងឯកសារផ្សេងៗ និងត្រូវគោរពសិទ្ធិ និងសេរីភាពរស់នៅក្នុងជីវភាពឯកជនរបស់បុគ្គលជាដើម។
ច្បាប់ស្តីពីរបបសារព័ត៌មាន មិនបានកំណត់កម្រិតវប្បធម៌ ឬបទពិសោធន៍សម្រាប់អ្នកបើកអាជីវកម្មសារព័ត៌មានទេ។ ច្បាប់នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គាំទ្រឱ្យធ្វើវិសោធនកម្មឡើងវិញ។ កន្លងទៅមានមតិខ្លះទាមទារឱ្យកំណត់កម្រិតវប្បធម៌ ឬបទពិសោធន៍សម្រាប់ចាងហ្វាងសារព័ត៌មាន ចំណែកមតិខ្លះទៀតបានចាត់ទុកថា បើមានកំណត់កម្រិតវប្បធម៌នេះ គួរធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ៕