(ភ្នំពេញ)៖ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន ៤នាក់ (ស្រីម្នាក់) ជាមួយវត្ថុតាងតម្លៃខ្ទង់ម៉ឺនដុល្លារ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ការសម្រេចបញ្ជូនជនសង្ស័យទាំង ៤នាក់ ជាមួយវត្ថុតាងតម្លៃខ្ទង់ម៉ឺនដុល្លារ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីនេះ គឺបានរៀបចំកសាងសំណុំឡើង បន្ទាប់ពីកម្លាំងការិយាល័យជុំនាញ បើកការស្រាវជ្រាវតាមបង្ក្រាបពួកគេ (ជនសង្ស័យ) បានជាបន្តបន្ទាប់ ក្នុងអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទ្វារបង្អូចផ្ទះចូលលួចទ្រព្យសម្បត្តិ) ចំនួន២លើកមកហើយ ដែលបានបើកប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២០ ពោលគឺ២ថ្ងៃជាប់គ្នា និងស្ថិតនៅទីតាំងផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានឲ្យដឹងទៀតថា ជនសង្ស័យទី១-ឈ្មោះ ផុន រ៉ាន ហៅស្ទាំង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ត្រូវបានឃាត់ខ្លួន នៅចំណុចសួនច្បារមុខវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ជនសង្ស័យទី២-ឈ្មោះ ខៀវ មល្លិរត្ន័ ហៅប្រុស ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ត្រូវបានឃាត់ខ្លួន នៅម្តុំមីហិល ផ្សារសូរិយា សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
លោកបញ្ជាក់ថា ជនសង្ស័យទី៣-ឈ្មោះ កង ស្រីមាស ហៅលីន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ត្រូវបានឃាត់ខ្លួន នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។ ឯជនសង្ស័យទី៤-ឈ្មោះ ថៃ វ៉េង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកផ្ទះសំណាក់ ស្នាក់នៅផ្ទះលេខ៧៤ ផ្លូវលេខ១៧២ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ត្រូវបានឃាត់ខ្លួន នៅចំណុចផ្ទះលេខ៧៤ ផ្លូវលេខ១៧២ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
លោកវរសេនីយ៍ឯក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជាក់ទៀតថា ក្រៅពីឃាត់ខ្លួនពួកគេទាំង៤នាក់ (ស្រីម្នាក់) ជាបន្តបន្ទាប់ កម្លាំងការិយាល័យជុំនាញ បានចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ កំពង់ចាម 1X-1628 មួយគ្រឿង និងម៉ូតូម៉ាកហុងដាហ្សូមមើអ៊ីច ពណ៌ត្រួយចេក សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GM-5406 និងម៉ូតូម៉ាកហុងដា ហ្សូមម័រអ៊ីច ពណ៌ទឹកប៊ិចលាយទឹកក្រូច សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GB-5033។
បន្ថែមពីនេះ មានចិញ្ចៀនធ្វើពីលោហធាតុពណ៌លឿងស្លេក មានដាំត្បូងពណ៌ស ចំនួន០១គ្រាប់, ចិញ្ចៀនធ្វើពីលោហធាតុពណ៌ស ដាំត្បូងពណ៌សពទ្ធ័ជុំវិញត្បូងពណ៌លឿងធំចំកណ្តាលចំនួនមួយគ្រាប់, នាឡិកាដៃចំនួន ០៥គ្រឿង (តូច) ខ្សែដែក ចំនួន០៤គ្រឿង និងខ្សែជ័រ ចំនួន ០១គ្រឿង ជាមួយនាឡិកាដៃធ្វើពីលោហធាតុ ពណ៌លឿងស្លេក មានដាំត្បូងពណ៌ស មួយគ្រឿង, ខ្សែកធ្វើពីលោហធាតុចំនួន០២ខ្សែ មួយខ្សែតូចប្រវែង៤៨ សង់ទីម៉ែត្រ ,មួយខ្សែធំប្រវែង ៦២សង់ទីម៉ែត្រ, និងប្រាក់ដុល្លារចំនួន ១០០០ដុល្លារអាមេរិក។
បន្ថែមពីនេះទៀត មានប្រាក់រៀលចំនួន ០៨លានរៀល, ពិលពណ៌ខ្មៅ ចំនួន០១, អត្តសញ្ញាណបណ្ណ័ឈ្មោះ ប្រាក់ សុគា ចំនួន០១សន្លឹក, ប័ណ្ណសម្គាល់យានយន្តឈ្មោះ ប្រាក់ សុគា ចំនួន០១សន្លឹក, បណ្ណ័សម្គាល់យានយន្ត ចំនួន០២សន្លឹក ពាក់ស្លាកលេខ 1DK-0238 ចំនួន០១សន្លឹក ដែលមានម្ចាស់កម្មសិទ្ធិរបស់ឈ្មោះ រស់ ពៅ, ពាក់ស្លាកលេខ ភ្នំពេញ 1GM-5406 មានម្ចាស់កម្មសិទ្ធិឈ្មោះ ឈួ គឹម លៀន, អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ឈ្មោះ ផុន រ៉ាន, ទួណឺវីស ចំនួន០១, ខ្សែកាប ពណ៌ខ្មៅ ប្រវែងជាង១០ម៉ែត្រ, ទួណឺវីស ដងខ្មៅលាយលឿង ចំនួន០១ និងជ័របន្ទះរនាប ចំនួន មួយដើមប្រវែង ២,៣០ម៉ែត្រ។
លោកវរសេនីយ៍ឯក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ ឈឺ សៀមហ៊ាង ភេទស្រី អាយុ៧០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំ ស្នាក់នៅផ្ទះលេខ១៤៦-១៤៨អឺ០អឺ១អឺ២ ផ្លូវលេខ១៨២ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បានបាត់បង់សម្ភារ មានដូចជាចិញ្ចៀនពេជ្រ មួយវង់ តម្លៃ ៦០០០ដុល្លារអាមេរិក, នាឡិកាពេជ្រមួយគ្រឿង តម្លៃ ១០០០០ដុល្លារអាមេរិក, ខ្សែដៃពេជ្រមួយខ្សែ តម្លៃ៧០០០ដុល្លារអាមេរិក, ប្រាក់ខ្មែរ ចំនួន៩៥ លានរៀល, និងប្រាក់ដុល្លារ ចំនួន៨០០ ដុល្លារអាមេរិក។
លោកវរសេនីយ៍ឯក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលដដែលរូបនេះ បានឲ្យដឹងផងដែរថា ក្រោយពីឃាត់ជនសង្ស័យទាំង៤នាក់ យកមកសាកសួរតាមជុំនាញ ពួកគេបានឆ្លើយសារភាពថា ពិតជាបានគាស់ទម្លុះទម្លាយ (គាស់ទ្វារបង្អូចផ្ទះចូលលួចទ្រព្យសម្បត្តិ) ប្រាកដមែន ដែលបានប្រព្រឹត្តនៅចំណុចក្នុងហាងនំអប្សារា ផ្ទះលេខ១៤៦-១៤៨អឺ០អឺ១អឺ២ ផ្លូវលេខ១៨២ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា នាវេលាម៉ោង០០៖៤៥នាទីរំលងអាធ្រាតកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ លើកទី១។
ពួកគេបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចទៀតថា លើកទី២ បានចូលទៅលួចយកទ្រព្យសម្បត្តិ ក្នុងផ្ទះលេខ៤៤ ផ្លូវលេខ១៩០ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ប្រាកដមែន កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។
ជនរងគ្រោះក្នុងករណីទី២នេះឈ្មោះ គីម ធី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៥៧អឺ៣ ផ្លូវលេខ១៨ ភូមិ៤ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ បានបាត់បងសម្ភាររួមមាន៖ នាឡិកា ចំនួន០១គ្រឿង, ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ស គ្មានស៊ីម ចំនួន០១, ទូរសព្ទ័ដៃម៉ាកសាំសុង ពណ៌ខ្មៅ គ្មានស៊ីម ចំនួន០១, ប្រាក់យ័នចិន ចំនួន១៤០០០ យ័ន, និងឯកសារមួយចំនួន ក្នុងកាបូបពណ៌ខ្មៅមួយ៕