(កំពង់ឆ្នាំង)៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់ និងមួយខ្នងទៀត ឆេះអស់ជញ្ជាំងមួយចំហៀង ត្រូវបានប្រជាពលរដ្ឋជួយពន្លត់ទាន់ពេលវេលា។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅចំណុចកោះដីដុះ ត្រើយខាងកើតទន្លេ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ផ្ទះទាំង២ខ្នង ដែលត្រូវបានអគ្គិភ័យឆាប់ឆេះខាងលើនេះ ១ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសីមានទំហំ៥ គុណនឹង៨ ម៉ែត្រ ត្រូវបានឆេះអស់ទាំងស្រុង។ ដោយឡែក មួយខ្នងទៀត ឆេះអស់ជញ្ជាំងមួយចំហៀង ក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយបាញ់ទឹកពន្លត់ទាន់ផងដែរ។

បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រឿងហេតុដែលនាំឲ្យឆេះផ្ទះទាំង ២ខ្នងខាងលើនេះ គឺបណ្ដាលមកពីជនសង្ស័យម្នាក់ឈ្មោះ ជាម ចាន់ធឿន ភេទប្រុស អាយុ៣០ឆ្នាំ ដែលជាអ្នកដុតផ្ទះខ្លួនឯង បន្ទាប់មកក៏បានរាលឆ្លងទៅឆេះផ្ទះអ្នកជិតខាងអស់មួយចំហៀងទៀតផងដែរ មូលហេតុមកពីជននេះស្រវឹងស្រា។ ក្នុងហេតុការណ៍ខាងលើនេះ បណ្ដាលឱ្យខូចខាតសម្ភារនៅក្នុងផ្ទះ អស់មួយចំនួនផងដែរ មកដល់ពេលនេះ សមត្ថកិច្ចពុំទាន់ដឹងចំនួននៃការ ខូចខាតនោះនៅឡើយទេ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច នាំខ្លួនទៅកាន់អធិការដ្ឋានក្រុងកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕