(កំពង់ឆ្នាំង)៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក ទី មនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានចុះឃាត់គ្រឿងចក្រ កំពុងធ្វើសកម្មភាពលួចជីកយកអាចម៍ដីមួយកន្លែង ស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដោយពុំមានការអនុញ្ញាតពីម្ចាស់ដី។ ការឃាត់គ្រឿងចក្រខាងលើនេះគឺយោងទៅតាមបណ្ដឹង របស់ម្ចាស់ដី ដែលបានប្ដឹងដាក់ជូនទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងផងដែរ។
យោងតាមប្រភពព័ត៌មានពីម្ចាស់ដី ដែលបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ បានបញ្ជាក់ថា រូបគាត់មានឈ្មោះ មិន ពុធជេដ្ឋានវណ្ណ អាយុ៥១ឆ្នាំ ជាមន្ត្រីរាជការផ្នែកសុខាភិបាល មានទីលំនៅរាជធានីភ្នំពេញ បានទិញដីស្រែធ្វើស្រូវឡើងទឹកមួយកន្លែង ចំនួន ១ហិកតា នៅចំណុចបឹងតម្រែក ស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ នៅក្នុងអំឡុងឆ្នាំ២០១៦ ហើយក៏បានកាន់កាប់អាស្រ័យផលរហូតមក។
ស្រាប់តែនៅក្នុងអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២០ មានឈ្មោះ ប៊ួយ មិញតាំ អាយុ៣២ឆ្នាំ ជាជនជាតិវៀតណាម ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានដាក់គ្រឿងចក្រជាច្រើនគ្រឿង ទៅជីកយកអាចម៍ដីរបស់គាត់ ដោយគ្មានការអនុញ្ញាត ទោះបីតែគាត់ហាមឃាត់យ៉ាងណាក៏ឈ្មោះនេះមិនដែលស្ដាប់ដែរ។ ក្រោយមកគាត់បានធ្វើពាក្យប្ដឹងទៅកាន់លោកមេឃុំស្វាយជ្រុំ ឱយជួយដោះស្រាយ លោកមេឃុំក៏បានកោះហៅឈ្មោះ បួយ មិនតាំ ទៅដោះស្រាយចំនួន ៣លើកនៅសាលាឃុំ ប៉ុន្តែឈ្មោះនេះមិនចូលខ្លួនទៅដោះស្រាយឡើយ។
ដោយហេតុនេះហើយទើបរូបគាត់ដាក់ ពាក្យប្ដឹងចូលទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយទាមទារសំណងការខូចខាតចំនួន ២រយលានរៀល ទាមទារឲ្យឈ្មោះនេះចាក់ដីលុប រណ្ដៅឲ្យដូចដើមវិញ និងសុំឲ្យតុលាការអនុវត្តទៅតាមផ្លូវច្បាប់។
ព្រមជាមួយគ្នានោះ លោកព្រះរាជអាជ្ញារង បានឃាត់មេការម្នាក់ផងដែរ ដើម្បីយកទៅសាកសួរថា តើនរណាជាអ្នកបញ្ជាឲ្យជីកដីរបស់គេដោយគ្មានការអនុញ្ញាតបែបនេះ។
សូមរំលឹកដែរថា ឈ្មោះ បួយ មិនតាំង បានទិញដីនៅតំបន់នោះ ដើម្បីអភិវឌ្ឍន៍ឲ្យប្រជាពលរដ្ឋរស់នៅផ្ទះបណ្ដែតទឹកឡើងគោក តាមគោលការរបស់ខេត្ត ប៉ុន្តែឈ្មោះនេះបាននិងកំពុងតែដាក់ គ្រឿងចក្រ ជីកកកាយយកអាចម៍ដីពីបឹងបុរាណ១កន្លែង ស្ថិតនៅក្នុងតំបន់២ គឺបឹងតម្រែក ដែលត្រូវបានគេជីកយកអាចម៍ដីអស់ជាច្រើនសឹបហិកតា ដើម្បីយកមកចាក់លុបដីព្រៃលិចទឹក ក្នុងតំបន់២នោះដែរ ក្នុងរូបភាពប្រែក្លាយទៅជាដីលំនៅដ្ឋានដោយរណ្ដៅដីនីមួយៗ ត្រូវបានគេជីកជំរៅពី៤ទៅ៥ ម៉ែត្រឯណោះ។
ឈ្មោះ បួយ មិញតាំ ខាងលើនេះ ក៏កំពុងត្រូវបានប្រជាពលរដ្ឋម្នាក់ផ្សេងទៀត បានអះអាងថា បានទិញដីពីគាត់ចំនួន ៣៧ហិកតា តែប៉ុណ្ណោះ តែបានយកដីរបស់គាត់រហូតទៅដល់ ៤០ហិកតា ហើយពេលនេះក៏មានសំណុំរឿងដល់ដៃតុលាការផងដែរ៕