(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់នូវសោភណ្ឌភាពតាមដងផ្លូវ នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះបោសសម្អាត និងធ្វើអនាម័យបរិស្ថាន នៅតាមដងផ្លូវ និងបាញ់ទឹកលាងសម្អាត របាំងថ្មចែកទ្រូងផ្លូវ តាមផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយទី២ និងបណ្ដាផ្លូវនានាជាច្រើនខ្សែទៀត។
ជាមួយគ្នានេះដែរ លោក ធឹម សំអាន ក៏បានធ្វើការសំណូមពរទៅដល់ប្រជាជន ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង សូមចូលរួមជាមួយអាជ្ញាធរ ក្នុងការសម្អាត់អនាម័យបរិស្ថាន ក្នុងទីក្រុងភ្នំពេញ ដែលជាទីក្រុងយើងទាំងអស់គ្នា ដើម្បីសោភណ្ឌភាពទីក្រុងភ្នំពេញ ពោលគឺទីក្រុងស្អាត គឺផ្ដើមចេញពីយើងទាំងអស់គ្នា។
ជានិច្ចកាល លោក ធឹម សំអាន បានជំរុញឱ្យក្រុមការងាររដ្ឋបាលខណ្ឌបឹងកេងកង ជាពិសេសប្រធានប្រជាការពារខណ្ឌបឹងកេងកង គឺលោក ណាត សារឿន ដែលតែងតែដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះពិនិត្យធ្វើការងារនេះ ជាប្រចាំក្នុងការបាញ់ទឹកលាងសម្អាតផ្លូវថ្នល់ នៅតាមបណ្ដោយមហាវិថី ព្រះនរោត្តម និងមហាវិថីព្រះមុនីវង្ស ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង និងបណ្ដាផ្លូវនានាជាច្រើនខ្សែទៀតដែលមានសំរាម, ធូលីដីហុយដែលធ្វើឱ្យប៉ះពាល់ផ្នែកបរិស្ថាន និងសុខភាពមកលើប្រជាជនក្នុងការរស់នៅ អ្នកធ្វើដំណើរតាមបណ្ដោយផ្លូវនេះ ពិបាកក្នុងការធ្វើដំណើរ និងអាចប៉ះពាល់ដល់សុខភាពផងដែរ។ តែមិនថ្វីនោះទេ ក្រោយបាញ់ទឹកលាងសម្អាតរួចអ្វីៗវាបានល្អប្រសើរឡើងវិញពោល គឺមិនប៉ះពាល់សុខភាព និងបរិស្ថានទៀតឡើយ៕