(កែប)៖ ដោយទទួលបានការអនុញ្ញាតពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នាយកដ្ឋានស្ថិតិបានរៀបចំសិក្ខាសាលា ស្តីពី «ស្ថិតិរូបិយវត្ថុ និងហិរញ្ញវត្ថុ និងស្ថិតិទុនបម្រុងអន្តរជាតិ» ដែលបានប្រព្រឹត្តិទៅនៅខេត្តកែប ក្រោមការចូលរួមពីលោក ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។

សិក្ខាសាលានេះរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២០ ដោយផ្តល់លទ្ធភាព ដល់អ្នកប្រើប្រាស់ទិន្នន័យតាមបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល និងស្ថាប័នជាតិ និងអន្តរជាតិ ស្វែងយល់ពីវិធីសាស្ត្រចងក្រងស្ថិតិរូបិយវត្ថុ និងហិរញ្ញវត្ថុ និងស្ថិតិទុនបម្រុងអន្តរជាតិតាមគំរូថ្មី ដោយផ្អែកតាមបទដ្ឋានអន្តរជាតិ ដែលបានរៀបចំ និងចេញផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីធ្វើជាមូលដ្ឋានក្នុងការវិភាគ និងរៀបចំគោលនយោបាយឱ្យបានត្រឹមត្រូវ។

ទន្ទឹមនេះសិក្ខាសាលាក៏មានការធ្វើបទបង្ហាញពីមន្ត្រីជំនាញ និងកិច្ចពិភាក្សារវាងអ្នកចងក្រង ស្ថិតិអ្នកប្រើប្រាស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ៕