(ភ្នំពេញ)៖ សៀវភៅ «សំណាងជីវិត» ជាវណ្ណកម្មទី២ របស់ព្រះគ្រូឃោសានុរ័ក្ខមុនី ហូយ សំណាង ដែលបានខិតខំស្រាវជា្រវនិពន្ធ និងរៀបរៀងសម្រិតសម្រាំង ស្រង់យកមកចងក្រងសរសេរ ដោយយកចិត្តទុកដាក់ និងផ្ចិតផ្ចង់ជាទីបំផុត ដោយបានដកស្រង់ក្នុងសៀវភៅរបស់អ្នកប្រាជ្ញ និងព្រះពុទ្ធវចនៈដែលមានក្នុងគម្ពីរជាច្រើន ដូចជា គម្ពីរព្រះសូត្រ និងព្រះវិន័យបិដកជាដើម ដើម្បីទុកចែកជាធម្មទានដល់យុវជនប្រុសស្រី អប់រំឱ្យមនុស្សគ្រប់វ័យឱ្យចេះដឹងគុណមាតាបិតា និងជាតិសាសនា។
ព្រះគ្រូឃោសានុរ័ក្ខមុនី ហូយ សំណាង បានមានសង្ឃដីកាដោយមានសទ្ធាជឿជាក់ក្នុងព្រះពុទ្ធសាសនា ការស្រឡាញ់នូវគតិបណ្ឌិត និងជាកម្រងអនុស្សាវរីយ៍ ជាពិសេស ក្នុងន័យដើម្បីចូលរួមចំណែក លើកស្ទួយដល់វិស័យអប់រំ ទាំងពុទ្ធចក្រ និងអាណាចក្រ ទើបធ្វើឱ្យព្រះតេជគុណសម្រេចចិត្ត និពន្ធជាកំណាព្យអប់រំ និងសម្រង់យក អត្ថបទព្រះធម៌ ដែលមាននៅក្នុងព្រះត្រៃបិដកខ្មែរ ព្រមទាំងសៀវភៅរបស់លោកអ្នកប្រាជ្ញមួយចំនួន រួមទាំងគំនិតយោបល់ របស់ព្រះអង្គយកមកនិពន្ធ រៀបរៀងឱ្យបានងាយយល់ អំពីខ្លឹមសារអត្ថបទកំណាព្យ និងព្រះធម៌នីមួយៗផ្សារភ្ជាប់ និងសង្គមឱ្យកាន់តែស៊ីជម្រៅនៅក្នុងព្រះពុទ្ធសាសនា ឱ្យសមដូចពុទ្ធភាសិតសម្ដែងថា «សព្វទានំ ធម្មទានំ ជិនាតិ» ធម្មទានឈ្នះអស់ទានទាំងពួង។
ព្រះគ្រូឃោសានុរ័ក្ខមុនី ហូយ សំណាង មានសង្ឃដីកាទៀតថា សៀវភៅនេះព្រះអង្គបាននិពន្ធអស់រយៈពេលជាង ២ឆ្នាំ រៀបរៀងជាកំណាព្យអប់រំ និងអត្ថបទព្រះធម៌ ទាំងអស់មានប្រាំមួយជំពូក រួមមានជំពូកទី១ កំណាព្យអប់រំ៖ អប់រំឱ្យមនុស្សខ្មែរគ្រប់វ័យឱ្យចេះដឹងគុណមាតាបិតា គុណជាតិសាសនា និងព្រះមហាក្សត្រ, អប់រំឱ្យចេះដឹងគុណអ្នកដទៃដែលគេធ្លាប់បានជួយយើង ឬធ្វើល្អដាក់យើង មានពន្យល់ណែនាំយើងឱ្យធ្វើល្អជាដើម, អប់រំឱ្យចៀសវាងពីអបាយមុខគ្រប់ប្រភេទ មានល្បែងស្រី ស្រា គ្រឿងស្រវឹង គ្រឿងញៀនគ្រប់ប្រភេទ ដែលជាហេតុនាំយើងឱ្យ ដល់នូវសេចក្ដីវិនាសទ្រព្យសម្បត្តិជាដើម។
អប់រំឱ្យមាននូវភាតរភាព (ពោលគឺអប់រំឱ្យចេះស្រឡាញ់រាប់អានគ្នាឱ្យដូចជាបងប្អូនបង្កើត និងគ្នា) ទោះបីមានឪពុកម្ដាយផ្សេងៗគ្នាពិតមែន តែមានឈាមជ័រតែមួយ គឺឈាមជ័រជាខ្មែរតែមួយហេតុ ដូច្នេះហើយ ត្រូវចេះស្រឡាញ់រាប់រកគ្នា, អប់រំឱ្យមានមេត្តាដល់គ្នា និងគ្នា, អប់រំកុំឱ្យបោះការសិក្សារៀនសូធ្យជាដើម, អប់រំកុំឱ្យមើលងាយខ្លួនឯង និងអ្នកដទៃជាដើម, អប់រំមនុស្សខ្មែរឱ្យមានក្រម សីលធម៌ល្អ និងការយល់ត្រូវជាសម្មាទិដ្ឋយល់ថាធ្វើល្អទទួលបានផលល្អ ធ្វើអាក្រក់នឹងទទួលបានផលអាក្រក់។
សម្រាប់ជំពូកទី២ និងជំពូកទី៣៖ ដោយយល់ឃើញថា ខ្មែរជាប្រទេសមួយដែលទទួលយក និងគោរពជឿជាក់ លើព្រះពុទ្ធសាសនាតាំងពី ស.ត.ទី២ ទី៣ មកម្ល៉េះ តាមរយៈព្រះថេរៈពីរព្រះអង្គគឺព្រះសោនត្ថេរ និងព្រះឧត្តរត្ថេរ ហើយកាលនោះផងដែរ ព្រះមហាក្សត្រដែលទទួលយកព្រះពុទ្ធសាសនាដំបូងគេបង្អស់ គឺព្រះរាជាខ្មែរ យើងមួយព្រះអង្គមានព្រះនាមថា ហ្វាន់ចេម៉ាន់ (ស្រីមារៈ)។ ដូចនេះព្រះពុទ្ធសាសនា បានចាក់គ្រឹះយ៉ាងមាំក្នុងសង្គមខ្មែរ តាំងពីយូរលង់ណាស់មកហើយ ហេតុនេះព្រះតេជគុណ ក៏បានសរសេរទុកជាបែបធម៌នមស្ការ ដែលក្នុងនោះមានសរសេរជាភាសាបាលីមួយបន្ទាត់ និងភាសាសម្រាយជាភាសាខ្មែរមួយជួរ ងាយស្រួលដល់កុលបុត្រខ្មែរ ដែលប្រាថ្នាការសិក្សារៀនសូធ្យ នូវព្រះធម៌នមស្ការថ្វាយបង្គំ ព្រះរតនត្រ័យបានយ៉ាងល្អ។
បើតាមសង្ឃដីការបស់ព្រះគ្រូឃោសានុរ័ក្ខមុនី ហូយ សំណាង សម្រាប់ជំពូកទី៤ ទី៥ និងទី៦៖ មានធម៌សូធ្យស្ដីអំពីបរាភវសូត្រក្នុងរដូវកាន់បិណ្ឌ និងជ្ជុំបិណ្ឌ ក្នុងប្រពៃណី ទម្លៀមទម្លាប់ខ្មែរ ផ្សារភ្ជាប់និងព្រះពុទ្ធសាសនា, ធម៌សូធ្យសំខាន់ៗផ្សេងៗ និងធម៌ឧទ្ទិសផលបុណ្យជូនដល់ទេវតា និងញាតិដែលលះលោកនេះ ទៅកាន់បរលោកខាងនាយ, ពន្យល់អំពីរបៀបពូនភ្នំខ្សាច់ និងកងធម៌សំខាន់ៗជាច្រើនទៀត។
សម្រាប់ពុទ្ធបរិស័ទដែលមានបំណងចង់បានសៀវភៅ «សំណាងជីវិត» នឹងមានការចែកជូនជាធម្មទាន នៅថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៖០០នាទីរសៀល រហូតដល់ម៉ោង៥៖០០ទាទីល្ងាច ឬពុទ្ធបរិស័ទមានបំណងចង់ចូលរួមជាបច្ច័យក្នុងការបោះពុម្ភសៀវភៅ ចែកជាធម្មទាន អាចទាក់ទងតាមរយៈព្រះគ្រូ ឃោសានុរ័ក្ខមុនី ហូយ សំណាង ដែលមានលេខទូរសព្ទ ០១២ ៩៦ ៧៤ ៨៩, ០១០ ៩៦ ៧៤ ៨៩ នៅក្នុងបរិវេណវត្ត នួនមណីរាម (ហៅវត្តថាន់) កុដិលេខ២ជាន់លើ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ខាងជើងស្តុបចម្ការមនប្រមាណ១០០ម៉ែត្រ៕